មន្ត្រី​សិទ្ធិ​មនុស្ស​បារម្ភ​ពី​បញ្ហា​ប្រឈម​របស់​អ្នក​ផ្លាស់​ទីតាំង​ពី​ទន្លេ​នៅ​កំពង់ឆ្នាំង

មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច (MIRO) បារម្ភ​អំពី​សុវត្ថិភាព និង​បញ្ហា​ប្រឈម​មួយ​ចំនួន​របស់​អ្នក​រស់​នៅ​លើ​ផ្ទៃ​ទឹក​ទន្លេ ក្នុង​ក្រុង​កំពង់ឆ្នាំង ដែល​ទើប​ផ្លាស់​ទីតាំង​រស់​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចែក​វេន​គ្នា​រក្សា​សន្តិសុខ​លើ​ទីតាំង​ថ្មី​នោះ និង​ត្រៀម​ផ្ដល់​សេវា​ចាំបាច់​ខ្លះ​ទៀត​ជូន​ពួកគាត់​ក្រោយ​បុណ្យ​ភ្ជុំ​រួច។

ផ្ទះ​បណ្ដែត​ទឹក ១.៤៨៦​ខ្នង នៅ​ភូមិ​កណ្ដាល និង​ភូមិ​ចុងកោះ នៃ​សង្កាត់​ផ្សារឆ្នាំង កំពុង​បោះ​ទីតាំង​មិន​រៀបរយ​នៅ​លើ​ទីតាំង​ថ្មី ឋិត​នៅ​ចម្ងាយ​ប្រមាណ ២​គីឡូម៉ែត្រ ពី​កំពង់ផែ​ផ្សារ​ក្រោម។ មន្ត្រី​សិទ្ធិ​មនុស្ស​អះអាង​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៥ ដែល​អ្នក​រស់​នៅ​លើ​ទឹក​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម បាន​ផ្លាស់ប្ដូរ​ទីតាំង​តាម​ការ​តម្រូវ​របស់​អាជ្ញាធរ គឺ​ប្រឈម​នឹង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ទត គឹមស្រូយ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែ​តុលា ថា ទីតាំង​ថ្មី​មិន​អាច​បោះ​បង្គោល​ចង​ផ្ទះ​ជាប់​នៅ​លើ​ទឹក​បាន ដោយ​នៅ​បាត​ទន្លេ ជា​ប្រភេទ​ដី​ក្រួស​ក្រហម ម្យ៉ាង​ឋិត​នៅ​លំហ​ទន្លេ។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ពួកគាត់​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ក្រឡាប់​ផ្ទះ ប្រសិន​បើ​មាន​ខ្យល់​ព្យុះ ឬ​រលក​ទឹក​ទន្លេ​ខ្លាំង៖ «»។

លោក​បញ្ជាក់​ថា ក្រៅ​ពី​បញ្ហា​ផ្ទះ​សម្បែង ពួកគាត់​ក៏​លំបាក​ឲ្យ​កូន​ទៅ​រៀន​នៅ​សាលា​ឆ្ងាយ​ពី​ផ្ទះ និង​ ឆ្ងាយ​ពី​ផ្សារ​លក់​ត្រី​សាច់​ជា​ដើម។ លោក​ថា សិស្ស​ក្មេងៗ ដែល​ភាគ​ច្រើន​ជា​កូន​ជន​ជាតិ​វៀតណាម សរុប ១១៥​នាក់ ធ្លាប់​រៀន​ពីរ​វេន គឺ​ពេល​ព្រឹក​រៀន​ភាសា​ខ្មែរ​នៅ​សាលា​លើ​គោក និង​ពេល​ល្ងាច​រៀន​ភាសា​វៀតណាម នៅ​សាលា​បណ្ដែត​ទឹក ប៉ុន្តែ​ពេល​ប្ដូរ​ទីតាំង​រស់​នៅ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្មេង​ទាំង​នោះ។

បុរស​ជនជាតិ​វៀតណាម ម្នាក់ លោក ង្វៀង យ៉ាំងអាន់ រៀបរាប់​ថា ផ្ទះ​គាត់ និង​ផ្ទះ​អ្នកភូមិ​ជា​ច្រើន​ខ្នង​ទៀត កំពុង​ជួយ​គ្នា​បោះ​ចម្រឹង​ដែក​ទាំង​លំបាក ដើម្បី​ការពារ​ខ្យល់​ព្យុះ ឬ​រលក​ទឹក។ លោក​ថា រយៈ​ពេល​ពីរ ទៅ​បី​ថ្ងៃ​ហើយ ដែល​រូប​គាត់ និង​ប្រពន្ធ​អង្គុយ​ចាំ​ទូក​ស្ទើរ​ទល់​ភ្លឺ ដោយសារ​មាន​ចោរ​លួច។ លោក​បន្ថែម​ថា បើ​អាច​លោក​ចង់​នៅ​ទីតាំង​ចាស់​ស្រួល​រក​ត្រី​លក់ និង​មាន​អគ្គិសនី​ប្រើ៖ «»។

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​ក្រុម​ការងារ​រៀបចំ​សោភ័ណភាព​ក្រុង​លោក ស៊ុន សុវណ្ណារិទ្ធិ បញ្ជាក់​ថា ត្បិត​ផ្ទះ​បណ្ដែត​ទឹក​ទាំង​អស់​មិន​ទាន់​រៀបចំ​រៀបរយ​នៅ​ទីតាំង​ថ្មី ប៉ុន្តែ​កម្លាំង​មាន​សមត្ថកិច្ច បាន​ចែក​វេន​គ្នា​ការពារ​សន្តិសុខ និង​សណ្ដាប់​ធ្នាប់ រង់ចាំ​ដល់​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​រួច នឹង​ជួយ​អន្តរាគមន៍​រៀបចំ​ផ្ទះ​ទាំង​នោះ​ជា​ជួរ និង​ត​បណ្ដាញ​អគ្គិសនី​ជូន​ពួកគាត់​ប្រើ៖ «»។

លោក ស៊ុន សុវណ្ណារិទ្ធិ បញ្ជាក់​ថា ក្រោយ​ពី​រៀបចំ​ផ្ទះ​បណ្ដែត​ទឹក​លើ​ទីតាំង​ថ្មី​រៀបរយ អាជ្ញាធរ​នឹង​ចាប់​ផ្ដើម​អនុវត្ត​ជំហាន​ទី​៣ ក្នុង​ចំណោម​គម្រោង​អភិវឌ្ឍ​ច្រាំង​ទន្លេ​ចំនួន ៧​ជំហាន។ ជំហាន​ទី​៣ នេះ គឺ​ចាប់ផ្ដើម​ចាក់​ដី​សង់​ផ្សារ និង​ហេដ្ឋារចនាសម្ពន្ធ​ជា​ច្រើន​ទៀត នៅ​ក្បែរ​ទីតាំង​ពួកគាត់​រស់នៅ។ ចំពោះ​ការ​ជម្លៀស​អ្នក​រស់នៅ​លើ​ផ្ទៃ​ទឹក​នៅ​ពេល​ណា ហើយ​មាន​គោលនយោបាយ​យ៉ាង​ម៉េច​នោះ លោក​ថា អ្នក​រស់​នៅ​លើ​ទឹក​ទាំង​អស់​ត្រូវ​មាន​ម្ចាស់ការ​រក​ទិញ​ដី​សង់​ផ្ទះ​រស់នៅ​ដោយ​ខ្លួន​ឯង​បណ្ដើរៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។