ច្បាប់​ស្តី​ពី​ទូរគមនាគមន៍​ចាប់ផ្តើម​កម្រើក​ ក្រោយ​ពេល​មិន​មានការ​នឹកនា​បង្កើត​ជាង​២០​ឆ្នាំ​

​ចាប់តាំងពី​កកើត​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ឆ្នាំ​១៩៩៣​ មក​ទល់​បច្ចុប្បន្ន​ កម្ពុជា​មិន​ទាន់​មានច្បាប់​ស្តី​ពី​ទូរគមនាគមន៍​សម្រាប់​ប្រើប្រាស់​ឡើយ​ ហើយ​ការ​តាក់តែង​សេចក្តីព្រាងច្បាប់​ស្តី​ពី​ទូរគមនាគមន៍​នេះ​ ដែល​ធ្លាប់​បាន​ធ្វើ​កាលពី​ដើមឆ្នាំ​២០០៦​កន្លង​ទៅ​ មាន​១៩​ជំពូក​ និង​១០៣​មាត្រា​នោះ​ ក៏​បាន​ស្ងាត់ឈឹង​មិន​ខ្ចី​នឹកនា​អស់​រយៈពេល​ជិត​១០​ឆ្នាំ​ ខណៈ​ច្បាប់​ស្តី​ពី​ទូរគមនាគមន៍​ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នកជំនាញ​វិស័យ​ទូរគមនាគមន៍​ និង​សេដ្ឋកិច្ច​ចាត់​ទុក​ថា​ ជា​មូលដ្ឋាន​ដែល​សំខាន់​សម្រាប់​ធានា​គុណភាព​ និង​ប្រសិទ្ធភាព​នូវ​ការ​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​ និង​បណ្តាញ​ និង​ការ​ផ្តល់​សេវា​ទូរគមនាគមន៍​ លើកទឹកចិត្ត​ចំពោះ​ការ​វិនិយោគ​លើ​វិស័យ​ទូរគមនាគមន៍​ និង​ការ​ការពារ​អ្នក​ប្រើប្រាស់​ ព្រមទាំង​ការ​កៀរគរ​ចំណូល​ថវិកាជាតិ​ ។​

​នៅ​ថ្ងៃ​ទី​០៩​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​ គណៈរដ្ឋមន្ត្រី​បាន​បើក​កិច្ចប្រជុំ​ពេញអង្គ​ ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ បាន​ឆ្លង​សេចក្តីព្រាងច្បាប់​ស្តី​ពី​ទូរគមនាគមន៍​ហើយ​ ដើម្បី​បញ្ជូន​បន្ត​ទៅ​សុំ​ការ​អនុម័ត​ពី​រដ្ឋសភា​ ដែល​សេចក្តីព្រាងច្បាប់​ស្តី​ពី​ទូរគមនាគមន៍​ថ្មី​នេះ​ មាន​១៦​ជំពូក​ និង​១១៤​មាត្រា​ ដោយ​មាន​វិសាលភាព​អនុវត្តន៍​ចំពោះ​គ្រប់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ លើកលែងតែ​វិស័យ​សន្តិសុខ​ និង​ការងារ​ការពារ​ជាតិ​ ។​

​ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការណ៍​ដែល​មិន​មានច្បាប់​ស្តី​ពី​ទូរគមនាគមន៍​ស្រប​តាម​បទដ្ឋាន​ ITU​ (International​ Telecommunication​ Union)​ គឺ​កន្លង​មក​ ការ​ប្រកួតប្រជែង​លើ​វិស័យ​ទូរគមនាគមន៍​គ្មាន​ភាព​ត្រឹមត្រូវ​ និង​សិទ្ធិ​អ្នក​ប្រើប្រាស់​មិន​ត្រូវ​បាន​ធានា​ដោយ​យុត្តិធម៌​ទេ​…​ ដូច្នេះ​ ការ​បង្កើត​ឲ្យ​មានច្បាប់​ស្តី​ពី​ទូរគមនាគមន៍​ និង​ការ​អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធភាព​ ជា​ប្រការ​ចាំបាច់​បំផុត​ ដើម្បី​ធានា​ការ​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា​ ៕​

ច្បាប់​ស្តី​ពី​ទូរគមនាគមន៍​ចាប់ផ្តើម​កម្រើក​ ក្រោយ​ពេល​មិន​មានការ​នឹកនា​បង្កើត​ជាង​២០​ឆ្នាំ​