ខំ​រត់​ទៅ​ទប់​រថយន្ត​ដែល​កំពុង​រអិល បែរ​ជា​ត្រូវ​កៀប​ស្លាប់


នៅក្នុងភូមិជើងឯក មានករណីគ្រោះថ្នាក់ ដ៏ភ្ងាក់ផ្អើលមួយ បានកើតឡើង ដោយបុរសម្នាក់ បានរត់ទៅទប់ រថយន្ត ទីតាន់ ដែល​បាន​រអិល តែបែរជាត្រូវរថយន្តនេះ កៀបផ្ទប់ ជាមួយយានអេស្កាវាទ័រមួយ នៅក្បែរ រហូត​រង​របួស​សង្រ្គោះ​លែង​បាន។
ខំ​រត់​ទៅ​ទប់​រថយន្ត​ដែល​កំពុង​រអិល បែរ​ជា​ត្រូវ​កៀប​ស្លាប់

រថយន្ដទាំងពីរគ្រឿង និងជនរងគ្រោះ ដែលត្រូវបានដឹកទៅដល់មន្ទីរពេទ្យ តែសង្គ្រោះមិនទាន់។ (រូបថត សហការី)

ករណីកៀបតៃកុងយានអេស្កាវាទ័រនេះ បានកើតនៅវេលាម៉ោង៩ និង៣០ នាទី ព្រឹកថ្ងៃទី ០១ ខែតុលា ឆ្នាំ​២០១៥ នៅភូមិជើងឯង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ រហូត​ដល់​បាត់​បង់ជិវិត។

មុនពេលកើតហេតុ គេឃើញរថយន្តប្រភេទ ទីតាន់ ពណ៍ខៀវមានស្លាកលេខ ភ្នំពេញ 3A 8124 ចតទុកចោល ក្នុងការដ្ឋានដឹកដីមួយកន្លែង នៅសុខៗ ស្រាប់តែរថយន្តទីតាន់នោះ រអិលចេញពីកន្លែងចត។ បុរស​រង​គ្រោះ​ឃើញបែបនេះ ក៏បានរត់ទៅទប់រថយន្តនោះ តែទប់មិនជាប់ ព្រោះកម្លាំងរអិលកាន់តែខ្លាំង ក៏បណ្តាលឲ្យ​កៀប​បុរសនោះ ផ្ទប់ជាមួយរថយន្ត អេស្កាវាទ័រ។

បុរសរងគ្រោះ បានរងរបួសធ្ងន់ធ្ងរ ដោយការកៀបរវាងយានយន្ដទាំងពីរ ហើយត្រូវបានអ្នក នៅក្នុងការដ្ឋាន​ដឹកដី នាំគ្នាម្នីម្នាហៅរថយន្តសាម៉ុយ មណ្ឌលបង្អែកខណ្ឌដង្កោ ដឹកជនរងគ្រោះទៅព្យាបាល នៅមន្ទីពេទ្យ​រ៉ូស្ស៊ី។ ប៉ុន្តែជាអកុសល ដោយមិនអាចទ្រាំទ្រ នឹងមុខរបួសដ៏ធ្ងន់ធ្ងរនេះបាន បុរសរងគ្រោះបានដាច់ខ្យល់ស្លាប់ ពេល​បាន​មកដល់មន្ទីពេទ្យ។

ជនរងគ្រោះមានឈ្មោះ ចេវ សុខជា មានអាយុ ៣២ ឆ្នាំ មានមុខរបរជាតៃកុង អេស្កាវាទ័រ (អាអិច) នៅក្នុង​ការ​ដ្ឋាន​ដឹកដីនៅភូមិជើងឯក។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះ មកដល់កន្លែងមានគ្រោះថ្នាក់នោះ ហើយបានឃាត់ខ្លួន លោក រ៉េត ស៊ីថន ជាម្ចាស់រថយន្ត ទីតាន់ ភ្លាមៗ និងបានបញ្ជូនទៅអធិការខណ្ឌដង្កោ ដើម្បីសាកសួរបន្ត។ ចំណែក​សាក​សពជនរងគ្រោះ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅឯស្រុក តាមប្រពៃណី៕