ក្រុម​ឧទ្ទាម​ស៊ីរី​បាក់ទ័ព​ ដោយសារ​គ្រាប់​បែក​របស់​រុស្ស៊ី ​ឯក្រុម​ជីហាដ​រុល​ទៅ​កាន់​តែ​ជិត​ក្រុង​អាឡិប

ជាមួយ​នឹង​ការ​ទម្លាក់​គ្រាប់​បែក​ផ្ទួនៗ​គ្នា ​ទៅ​លើ​មូលដ្ឋាន​របស់​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​ស៊ីរី ​ ពី​សំណាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី ​បាន​ធ្វើ​ឲ្យ​ក្រុម​ឧទ្ទាម​នេះ ​ថម​ថយ​កម្លាំង​ រត់​ចោល​មូលជ្ឋាន​ជា​ច្រើន​កន្លែង ​នៅ​តំបន់​ភាគ​ពាយ័ព្យ​ស៊ីរី។ ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​ បាន​ឆក់​ឱកាស​នេះ ​​វាយ​សម្រុក​រុល​ទៅមុខ​កាន់​តែ​ខ្លាំង ​ហើយ​បាន​ខិត​ទៅ​ជិត​ ដល់​តំបន់​ជុំវិញ​ក្រុង​អាឡិប ​ក្រុង​ធំ​ទី​ពីរ​របស់​ស៊ីរី។ នេះ​គឺ​ជា​ការ​គិត​ក្រែង ​ទុក​មុន​រួច​មក​ហើយ ​ដែល​អាមេរិក​និង​បារាំង​ បាន​បន្ទោស​អន្តរាគមន៍​របស់​រុស្ស៊ី ​ព្រោះ​អន្តរាគមន៍​នេះ ​ បាន​ផ្តល់​ឱកាស​ដោយ​ប្រយោល​ ដល់​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។