សម្រស់​ស្រស់ស្អាត​មិនគួរ​ឲ្យ​ជឿ ដោយ​ប្រេង​អូ​លីវ​

Sanofi

ចង់​ស្អាត ប៉ុន្តែ​ឲ្យ​ចំណាយ​ប្រាក់​ទិញ​ផលិតផល​តម្លៃ​ខ្ពស់ៗ​គឺ​មិនមាន​លទ្ធភាព ។ ដូច្នេះ​សូម​សាកល្បង​ងាក​មក​ប្រើ​វត្ថុធាតុដើម​ពី​ធម្មជាតិ ដូចជា «​ប្រេង​អូ​លីវ​» សាកមើល ។ សូមជម្រាបថា​គុណប្រយោជន៍​របស់​វា​នឹងធ្វើ​ឲ្យ​អ្នក​ត្រូវ​ស​ន្លឺ​សំឡេង​ថា «​អីយ៉ា​» ! មិនគួរ​ឲ្យ​ជឿ​ទេ​» ។​

១-​បំប៉ន​សរសៃសក់​
​គុណប្រយោជន៍​ប្រេង​អូ​លីវ​ដែល​ជួយ​បំប៉ន​សរសៃសក់​ជា​ក្បួនតម្រា​ដែលមាន​យូរយារ​មកហើយ ។ ដូច្នេះ​ស្ត្រី​ណា​ដែល​ចង់​មាន​សរសៃសក់​ទន់​រលើ​បរ​លោង​មាន​ទម្ងន់ មិន​ស្ងួត​បែក​ចុង​គឺ​គ្រាន់តែ​នាំយក​ប្រេង​អូ​លីវ​មក​លាយ​ផ្សំ​ជាមួយ​ស៊ុត​ផ្នែក​ក្រហម​យកមក​ផ្អាប់​សរសៃសក់​ទុកចោល​ប្រមាណ​ជា ១៥ នាទី ធ្វើ​មួយ​សបា្តហ៍ ២ ទៅ ៣ ដង ពេលនោះ​សរសៃសក់​របស់​អ្នក​ក៏​នឹង​រលាស់​រលើបរលោង​ដូចដែល​អ្នក​ចង់បាន​ហើយ ។

២-​បំបាត់​បញ្ហា​សក់​រឹង​កន្ទ្រើង​
​សរសៃសក់​ដែល​ឆ្លងកាត់​កម្តៅ និង ធ្វើ​គីមី​យ៉ាង​ជោកជាំ ច្បាស់​ណាស់​ថា​វា​ច្រើន​តែមាន​បញ្ហា​រឿង​ស្ងួត​រឹង​ដូច​អំបោស ។ ដូច្នេះ​ត្រូវ​ចាក់​ប្រេង​អូ​លីវ​បន្តិច​លើ​បាតដៃ​ដុស​ញី​បាតដៃ​ទៅមក​ដើម្បី​ជាការ​កម្តៅ​ហើយ​ចាប់ផ្តើម​អង្អែល​ច្បូត​ត្រង់​បរិវេណ​ចុង​សក់​ដែល​ស្ងួត​ខូច​ម្តង​បន្តិចៗ ។ ប៉ុន្តែ​ប្រយ័ត្ន​ធ្វើយ៉ាងណា​កុំ​ចាក់​ប្រេង​អូ​លីវ​ច្រើន​ជ្រុល​ពេក បើ​មិន​ដូច្នេះ​ទេ​សក់​របស់​អ្នកនឹង​រលោង​រហូត​ទាល់តែ​មើលទៅ​មិន​គួរឱ្យ​ស្រឡាញ់​ឡើយ ។

៣-​លាង​ជក់​ផាត់មុខ​
​បើ​សុភាពនារី​នៅ​ស្រឡាញ់​នៅ​ចង់​ថ្នម​ថែ​ស្បែក​មុខ​របស់​ខ្លួនឯង គឺ​ត្រូវ​ឧស្សាហ៍​សម្អាត​ជក់​ផាត់មុខ​ឱ្យបាន​ជាប់​ជានិច្ច ដោយ​ត្រូវយក​ប្រេង​អូ​លីវ ១ ភាគ មក​លាយ​ផ្សំ​ជាមួយ​សាប៊ូទឹក​ប្រឆាំង​បាក់តេរី ក្នុង​អត្រា​កន្លះ​ភាគ ។ រួច​យក​ជក់​ផាត់មុខ​ជ្រលក់​ចូលទៅក្នុង​សាប៊ូ​នោះ ប្រើ​ចុង​ម្រាម​ជួយ​ច្របាច់​ដុស​ឱ្យ​កម្អែល​ម្សៅ​ផាត់មុខ​ផ្សេងៗ​របូត​ចេញ​ដោយ​ត្រូវ​ហាម​ឱ្យ​តំណ​រវាង​រោម​ជាមួយនឹង​ដង​ជក់ (​ផ្នែក​ដែលជា​កាវ​) ត្រូវ​ទឹក​ឱ្យសោះ​រួច​លាង​ជក់​ដោយ​ទឹកស្អាត​ដោយ​បើកទឹក​រ៉ូ​ប៊ី​ណេ​ឱ្យ​ទឹក​ហូរ​ឆ្លងកាត់​បរិវេណ​រោម​បាន​ហើយ ។

៤-​ប្រើ​ជំនួស​ទឹក CleanSing សម្រាប់​លាងមុខ​
​ជួនកាល​ទឹក​សម្រាប់​លាងមុខ​ដែល​យើង​ទិញ​ពី​ផ្សារ​អាចមាន​សមាសធាតុ​ផ្សំ​ជាតិ​អាល់កុល ។ បើ​ស្បែក​មុខ​របស់​អ្នកខ្លះ​ក៏​មិនមាន​បញ្ហា ប៉ុន្តែ​ប្រសិនបើ​ស្បែក​មុខ​ស្តើង​ខ្លាំង​នោះ​អ្នក​នឹងមាន​អាការ​ក្រហាយ​ផង​រមាស់​ផង ហើយ​ថែមទាំង​ប្រឈម​នឹង​ការឡើង «​មុន​» ពេញ​ផ្ទៃមុខ​ទៀតផង ។ ដូច្នេះ​សូម​សាកល្បង​ប្តូរ​មក​ប្រើ​សំឡី​ជ្រលក់​ប្រេង​អូ​លីវ​រួច​ជូត​គ្រឿងសម្អាង​ចេញ​ម្តង​បន្តិចៗ ។ វា​មិន​គ្រាន់តែ​ជាការ​ជូត​សម្អាត​ដ៏​ស្រាល​ស្រទន់​ចំពោះ​ស្បែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ជួយ​បំប៉ន​ស្បែ​កមុខ​ក្នុងពេល​តែមួយ​បាន​ទៀតផង ។

៥-​ចិញ្ចើម​ក្រាស់​ស្អាត​ដូច​ចិត្ត​ចង់បាន​
​កើតជា​សត្វ​ទោច​មិនមាន​ចិញ្ចើម​កំលុងពេល​ថ្ងៃ​ក៏​អាច​តុបតែង​ចិញ្ចើម​ឱ្យ​ស្អាត​បាន ប៉ុន្តែ​តើ​ត្រូវធ្វើ​ដូចម្តេច​ឱ្យ​គូស្នេហ៍​រួម​គ្រែ​មិនមាន​ការភ័យខ្លាច​នៅពេល​ព្រឹក ។ ដូច្នេះ​សូម​ណែនាំ​ឱ្យ​យក​សំឡី​ត្បារ​ត្រចៀក​ជ្រលក់​ប្រេង​អូ​លីវ​រួច​យកមក​លាប​បៀក​ត្រង់​បរិវេណ​ចិញ្ចើម​ទាំងសងខាង ។ លាប​លញ់​ស្រាលៗ​រយៈពេល​ប្រមាណ ៥ ទៅ ១០ នាទី ធ្វើជា​ប្រចាំ​រាល់​ថ្ងៃនោះ​អ្នកនឹង​ក្លាយជា​ស្ត្រី​មាន​ចិញ្ចើម​ស្អាត​ក្រាស់​សម​ដូច​បំណង​ហើយ ។

៦-​បង្កើន​ភាព​ភ្លឺ​ថ្លា​ផូរផង់​ដល់​ស្បែក​
​ចង់​មាន​ស្បែក​មុខ​ភ្លឺ​ថ្លា ផូរផង់​ប្រកបដោយ​សុខភាព​ល្អ ជាការ​ងាយ​បំផុត​ដោយ​អ្នក​គ្រាន់តែ​យក​ប្រេង​អូ​លីវ​លាប​លើ​ផ្ទៃមុខ​រាល់​យប់​មុន​ចូល​គេង ឬ មុន​ផាត់មុខ​ត្រឹមតែ​បន្តិច ។ តែ​ប៉ុណ្ណឹង​ផ្ទៃមុខ​របស់​អ្នក​ក៏​មើលទៅ​ភ្លឺ​ថ្លា​ផូរផង់​ស្អាត​តែម្តង ។

៧-​ស្ប៉ា​ម៉ាស្សា​ស្បែក​
​ចង់បាន​ស្បែក​ទន់​ល្មឿយ មិនចាំបាច់​ចំណាយ​ប្រាក់​ទៅ​ស្ប៉ា​តម្លៃ​ខ្ពស់ៗ​ឡើយ​ដោយ​អ្នក​គ្រាន់តែ​យក​ប្រេង​អូ​លីវ ៥ ស្លាបព្រា​កាហ្វេ ដាក់ចូល​ក្នុង​អាង​ងូតទឹក​រួច​គេង​ត្រាំ​ប្រមាណ​ជា ២០ ទៅ ៣០ នាទី ដើម្បី​សម្រាក​ស្បែក​ពី​ភាព​ហត់នឿយ ។ ម្យ៉ាងទៀត​ប្រសិនបើ​ចង់​បន្ធូរ​ខួរក្បាល​ពី​ភាព​តានតឹង​អ្នក​អាច​ថែម​ប្រេង​ក្រអូប​ឆួល​ក៏បាន ។

៨-​ស្តារ​ស្ថានភាព​ស្បែក​ខ្លោច​
​មិន​ថា​រដូវ​ណា​ជា​រដូវ​ណា​ទេ សម្រាប់​ប្រទេស​ក្តៅ​ដូច​ខ្មែរ​យើង​នេះ​ច្រើនតែ​កើតមាន​បញ្ហា​ស្បែក​ខ្លោច​ដោយសារ​កម្តៅថ្ងៃ​ដ៏​ក្តៅ​ខ្លាំង ។ ដូច្នេះ​សូម​សាកល្បង​យក​ប្រេង​អូ​លីវ​មក​លាយ​ផ្សំ​ជាមួយ​ទឹកខ្មេះ រួច​យកមក​លញ់​លើ​ស្បែក​ដែលមាន​ស្នាម​ខ្លោច​ក្រៀម​ពី​កម្តៅថ្ងៃ​ដើម្បី​ស្តារ និង បំប៉ន​ស្បែក​ឱ្យ​ត្រឡប់មក​ទន់​ល្មឿយ​មាន​សំណើម​ឡើងវិញ ។

 

៩-​បំប៉ន​ក្រចក​ឱ្យ​រឹង​ល្អ​
​សម្រាប់​អ្នក​ដែលមាន​ក្រចក​ស្រួយ​ផុយ ឆាប់​ប្រេះ​ឆាប់​បាក់ ត្រូវ​ដាំទឹក​ឱ្យ​ពុះ​ចាក់​ប្រេង​អូ​លីវ​ចូលក្នុង​ភាជន៍​ដែល​ធន់​នឹង​កម្តៅ រួច​ដាក់​បណ្តែត​ពីលើ​ទឹក​ដែល​ពុះ​យក​ចុង​ម្រាមដៃ​ជ្រលក់​ដើម្បី​ធ្វើ​តេ​ស្តិ៍​សីតុណ្ហភាព​របស់​ប្រេង​អូ​លីវ យក​ត្រឹមតែ​ក្តៅ​ឧណ្ហៗ​រួច​លើក​ចេញ ។ បន្ទាប់មក​ជ្រលក់​ក្រចក​ចូលទៅក្នុង​ប្រេង​អូ​លីវ​ដែល​កំពុងតែ​ក្តៅ​ឧណ្ហៗ​ទុកចោល​ប្រមាណ​ជា ៥ ទៅ ១០ នាទី ។ តែ​ប៉ុណ្ណឹង​ក្រចក​របស់​អ្នក​ក៏​នឹង​ត្រឡប់មក​រឹង​មិន​ផុយស្រួយ មិនឆាប់​បាក់​ទៀតឡើយ ។

១០-​បំបាត់​បញ្ហា​ប្រេះ​កែងជើង​
​ប្រសិនបើ​អ្នក​ចង់​មាន​កែងជើង​ទន់​ល្មឿយ មិនមាន​ស្នាម​ប្រេះ​ក្រហែង​ត្រូវយក​ប្រេង​អូ​លីវ​មក​លញ់​រឹត​ត្រង់​បរិវេណ​កែងជើង​មុន​គេង​ជាប្រចាំ​រាល់ថ្ងៃ រួច​ពាក់​ស្រោមជើង​ផង ។ តែ​ប៉ុណ្ណឹង​អ្នក​ក៏​នឹង​បាន​កែងជើង​ដ៏​ទន់​ល្មឿយ​ដូច​ជើង​ទារក​ហើយ ៕



Related