ង​ន់​សុ​ភី​ ផ្តើមចេញពី​បាតដៃ​ទទេ ទម្រាំ​តែ​បាន​ជោគជ័យ​

Sanofi

បុគ្គល​ដែល​បានទទួល​នូវ​ភាពជោគជ័យ​ក្នុង​ជីវិត ភាគច្រើន​គឺ​ផ្តើមចេញពី​ការតស៊ូ​ក្នុង ជីវិត​យ៉ាង​ក្រាញននៀល ហើយ​មាន​បុគ្គល​ជោគជ័យ​តិចតួច​បំផុត​ដែល​ជីវិត​ជោគជ័យ​របស់​ពួកគេ​បន្ត​កេរមត៌ក​ពី​ពូជពង្សវង្សត្រកូល​បន្សល់​ទុក​ឲ្យ ។ អ្នកស្រី ង​ន់ សុ​ភី មុនពេល​បានទទួល​ជោគជ័យ​ក្នុង​ជីវិត​ដូច​សព្វថ្ងៃនេះ អ្នកស្រី​បាន​ឆ្លងកាត់​ការតស៊ូ និង ជួប​ឧបសគ្គ ជាច្រើន​រាប់មិនអស់ ដោយ​អ្នកស្រី​បានចាប់ផ្តើម​ពី​បាត​ដៃទទេ​ទម្រាំ​តែ​បាន​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​«​ជោគជ័យ​»​ដែលជា​ក្រុមហ៊ុន​បោះពុម្ព​ដ៏​ធំ​មួយ ។​

ពេល​ជួប​ជាមួយ​«​ប្រជាប្រិយ​»​កាលពី ពេល ថ្មីៗ​នេះ អ្នកស្រី ង​ន់ សុ​ភី បាន​រៀបរាប់​ពី​ប្រវត្តិ​តស៊ូ​ខ្លះៗ​ថា អ្នកស្រី​មាន​ស្រុកកំណើត​នៅ​ឃុំ​ពាម​ប្រ​ធ្នស់ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។ កាលពី​ឆ្នាំ ១៩៧៩ អ្នកស្រី​បាន​ចូលរៀន​នៅ​សាលា​បឋម​- សិក្សា​ផ្សារ​ថ្មី ក្នុងស្រុក​កោះសូទិន ខេត្តកំពង់ចាម ប៉ុន្តែ​នៅពេលនោះ មិនទាន់បាន​រៀន​បញ្ចប់​កម្រិត​បឋម​សិក្សា​នៅ​ទីនោះ​ផង នៅ​ឆ្នាំ ១៩៨៤ ក្រុម គ្រួសារ​របស់​អ្នកស្រី​ក៏បាន​ផ្លាស់ប្តូរ​លំនៅឋាន​មក​រស់នៅ​ទីក្រុង​ភ្នំពេញ ហើយ​អ្នកស្រី​ក៏បាន​បន្ត​ការ សិក្សា​នៅ​សាលាបឋមសិក្សា​ជ័យជម្នះ ក្នុង​រាជធានី​ភ្នំពេញ ។ លុះដល់​ឆ្នាំ ១៩៨៦ អ្នកស្រី​បាន​ប្រឡង​ចូល​ថ្នាក់​អនុវិទ្យាល័យ និង វិទ្យាល័យ នៅ​សាលា​បឹងត្របែក ។ នៅពេលនោះ​ដោយសារតែ​គ្រួសារ​មាន ជីវភាព​លំបាក​វេទនា អ្នកស្រី​បាន​ឆ្លៀតពេល​ទៅ​លក់​បន្លែ ដើម្បី​ជួយ​រក​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ទោះជា​យ៉ាងណា​ក៏​អ្នកស្រី​មិន​ភ្លេច​ការ សិក្សា​ដែរ ដោយ​អ្នកស្រី​បាន​ខិតខំ​ប្រឹងប្រែង​រហូត​បាន​ប្រឡង​ជាប់​បាក់​ឌុប​នៅ​ឆ្នាំ ១៩៩២ រួច​ក៏​បន្តទៅ​ថ្នាក់​មហាវិទ្យាល័យ​ចំនួន ២ គឺ​មហាវិទ្យាល័យ​ផ្នែក​សេដ្ឋកិច្ច និង មហាវិទ្យាល័យ​ពេទ្យ កាលពី​ឆ្នាំ ១៩៩៣ ។

​ដោយសារ​កត្តា​ជីវភាព​គ្រួសារ​កាន់តែ​ដុនដាប​ទៅៗ បាន​បង្ខំ​ឲ្យ​អ្នកស្រី​លាឈប់​ពី​ថ្នាក់​មហា​វិទ្យា ល័យ​ទាំងនោះ​នៅ​កណ្តាល​ទី កាលពីដើមឆ្នាំ ១៩៩៥ ដើម្បី​ជួយ​លក់ដូរ និង បង្កើន​អាជីវកម្ម​គ្រួសារ​ទាំង​ត្រដាបត្រដួស​ដែល​កំពុងមាន​សមាជិក​គ្រួសារ​ច្រើន ។ ការខិតខំ​ជួយ​ឪពុកម្តាយ​មិន​ត្រឹមតែ​អ្នកស្រី​ម្នាក់​នោះទេ​គឺ​បងប្អូន​ទាំងអស់​បាន​ជួយ​គ្រួសារ​គ្រប់ៗ​គ្នា តែ​ក៏មាន​អ្នកខ្លះ​នៅ​បន្ត​ការសិក្សា និង អ្នកខ្លះ​ទៀត​ក៏​ឈប់​ពី​សិក្សា​ដើម្បី​ងាក​មកជួយ​ជីវភាព​គ្រួសារ ។ លុះដល់​ឆ្នាំ ១៩៩៦ អ្នកស្រី​បាន​រៀប​អាពាហ៍ពិពាហ៍ ហើយក៏​ចាប់ផ្តើម​បែក​ពី​គ្រួសារ​មក​កវែក ក​ឆ្នាំង​ដោយ​ខ្លួនឯង​ពីរ​នាក់​ប្តី​ប្រពន្ធ ដោយ​កាលណោះ​ប្រកប​របរ​រកស៊ី​លក់ដូរ​របស់របរ ក្មេង​លេង ក្នុង​គោលបំណង​ដើម្បី​សន្សំ​ប្រាក់​សម្រាប់​បើក​អាជីវកម្ម​មួយ​ផ្សេង ទៀត​ឲ្យ​ប្រសើរ​ជាង​នេះ ។

លុះដល់​ឆ្នាំ ១៩៩៧ អ្នកស្រី​បាន​បើកហាង​បោះពុម្ព​សៀវភៅ​មួយ​ជា​លក្ខណៈ​ខ្នាតតូច​ល្មម ជា​គ្រា​ដំបូង​សម្រាប់​មុខ របរ​ប្រចាំថ្ងៃ​ក្នុង​គ្រួសារ ហើយ​ការបង្កើត​មុខ របរ​អាជីវកម្ម​ជា​លើកដំបូង​បែបនេះ តែងតែ​ជួប​ការលំបាក​ការខ្វះខាត​ដើមទុន សម្ភារ​មិន​គ្រប់គ្រាន់ មិនសូវមាន​បទពិសោធ ទាក់ទង​នឹង​មុខរបរ​របស់ខ្លួន និង មិនសូវមាន​អតិថិជន​ស្គាល់​ច្រើន​ថា កន្លែង​របស់​យើង​កំពុង​បម្រើ​សេវាកម្ម​អ្វី​នោះទេ ? ដូច្នេះ​ត្រូវការ​ចំណាយពេល​វេលា​ជាង ៥ ឆ្នាំ ទម្រាំ​តែ​អតិថិជន​បាន​ស្គាល់ ។ នៅពេល​ការរកស៊ី​លើ​មុខរបរ​នេះ​ចេះតែមាន​ការរីកចម្រើន អ្នកស្រី​ក៏បាន​ពង្រីក​មុខរបរ​នេះ​ជា​បន្តបន្ទាប់​រហូតដល់​បើក​ក្រុមហ៊ុន «​ជោគជ័យ​» នេះ​តែម្តង ។​

​អ្នកស្រី ង​ន់ សុ​ភី បាន​រៀបរាប់​បន្តទៀតថា «​ការ​បើកហាង​បោះពុម្ព ឯកសារ​គ្រប់​ប្រភេទ​នេះ គឺ​ដោយសារ​ខ្ញុំ​ស្រឡាញ់​ការរៀនសូត្រ និង សៀវភៅ ស្រប​ពេលដែល​សម័យ​នោះ​មិនទាន់មាន​អ្នកបើក​ហាង​បោះពុម្ព​នេះឡើយ ។ ដូច្នេះ​ខ្ញុំ​រៀន​បច្ចេកទេស​បោះពុម្ព​នេះ​ពី​ហាង​បរទេសមួយ​នៅ​រាជធានី​ភ្នំពេញ ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ហើយ​ការ​បើកហាង​មុនដំបូង​ខ្ញុំ​មាន​ដើមទុន​តែ ២០០ ដុល្លារ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​បាន​ព្យាយាម​បង្កើត​បច្ចេកទេស​ផ្សេងៗ​ជាច្រើន​ទៀត​ដែល​អ្នកដទៃ​មិនទាន់​រកឃើញ ។ លុះ​ដល់ពេល​ក្រោយមក​ហាង​ខ្ញុំ​បាន​ជួល​ជាង​ដែលមាន​ជំនាញ​មក​បម្រើការ​ក្នុង​ហាង​នេះដែរ និង ធ្វើការ​ផ្សព្វ​- ផ្សាយ​ឲ្យ​អតិថិជន​បានដឹង​ពី​សេវាកម្ម​ថ្មីៗ​របស់​យើង ។ ដោយសារតែ​យើង​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ក្នុងការ​បង្កើត​អាជីវកម្ម​មួយ​នេះ យើង​បាន​ខិតខំ​ប្រឹងប្រែង​ទាំងថ្ងៃទាំងយប់ ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​អតិថិជន បើទោះបីជា​វា​មាន​កំហុស​ត្រង់ចំណុច​ណាមួយ​ដែល​ផ្ទុយ​នឹង​គោលបំណង​របស់​អតិថិជន យើង​បាន​ព្យាយាម​កែតម្រូវ​ជូន​ពួកគាត់​វិញ​ដោយ​ឥតគិតថ្លៃ​ទៅតាម​អ្វីដែល​ពួកគាត់​ត្រូវការ ។ ដោយសារ​កត្តា​ទាំងនេះហើយ​បានធ្វើ​ឲ្យ​អតិថិជន​មាន​ជំនឿ​ទុកចិត្ត​មកលើ​ហាង​បោះពុម្ព​របស់​យើង ។ ដូច្នេះ​រាល់​ការងារ និង ផលិតផល​របស់​យើង​បានទទួល​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​អតិថិជន​ដែល​ពួកគាត់​បានមក​រក​សេវាកម្ម​ពី​ក្រុមហ៊ុន​របស់​យើង​» ។​

​អ្នកស្រី​បាន​បន្តទៀតថា ប្រសិនបើ​លោកអ្នក​ចាប់អារម្មណ៍​ចង់​បើក​របរ​អាជីវកម្ម​អ្វីមួយ មុនដំបូង​គឺ​ត្រូវមាន​ទំនុកចិត្ត និង ជឿជាក់​លើ​ខ្លួនឯង​ថា​ប្រាកដជា​អាចធ្វើ​បាន មាន​ដើមទុន​មិនចាំបាច់​ដល់​រាប់ម៉ឺន​ដុល្លារ​នោះទេ មានន័យថា យើង​ត្រូវ​ពង្រីង និង ពង្រីក​វា​បន្តិច​ម្តងៗ​ទៅតាម​លទ្ធភាព និង តម្រូវការ​របស់​អតិថិជន​របស់​យើង បន្ទាប់មក​យើង​ព្យា​-​យាម​រក​គំនិត​ច្នៃប្រឌិត​អ្វីដែល​ថ្មីៗ​ដែល​អ្នកដទៃ​មិនទាន់​រកឃើញ ។ ម្យ៉ាងវិញទៀត​ពង្រឹង​សេវា កម្ម​ឲ្យ​រហ័ស​ទាន់​ចិត្ត មានគុណ​ភាពល្អ បរិមាណ​ល្មម​សមរម្យ ជាពិសេស​ដើរ​ស្រង់​បទពិសោធ​ពី​អ្នកដទៃ​ឲ្យ​បាន​ច្រើន រួច​យក​បទពិសោធ​ទាំង​នោះមក​កែលម្អ​លើ​ចំណុច​ខ្វះខាត​ក្នុង​អាជីវកម្ម​របស់​យើង​ទើប​អាជីវកម្ម​របស់​យើង​បានទទួល​ជោគជ័យ ។

​គួរបញ្ជាក់​ផងដែរ​ថា អ្នកស្រី ង​ន់ សុ​ភី មាន​បងប្អូន​បង្កើត ១២ នាក់ ស្រី ១០ នាក់ និង ប្រុស ២ នាក់ ហើយ​អ្នកស្រី​ជា​កូន​ទី ១២ (​កូនពៅ​) ។ អ្នកស្រី​បាន​រៀប​អាពាហ៍ពិពាហ៍​ក្នុង​ឆ្នាំ ១៩៩៦ មានកូន ៤ នាក់ ស្រី ២ នាក់ និង ប្រុស ២ នាក់ ជា​ចំណងដៃ​នៃ​ជីវិត​អាពាហ៍ពិពាហ៍ ។ ក្រុមហ៊ុន​«​ជោគជ័យ​»​មាន​ទទួល​បោះពុម្ព​ឯកសារ​គ្រប់​ប្រភេទ ដែល​បាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៩៨ ហើយ​បាន​ដំណើរការ​រហូតដល់​ប​ច្ចុ​ប្បន្ន​នេះ ដោយមាន​បម្រើ​សេវាកម្ម​បោះពុម្ព​សំណៅ​ឯកសារ​នៅលើ​ក្រដាស​គ្រប់​សណ្ឋាន និង គ្រប់​ប្រភេទ​ក្រដាស ដោយឡែក​តម្លៃ​គិត​តាម​ប្រភេទ​ក្រដាស បរិមាណ ប្រភេទ​ទឹក​ថ្នាំ និង រចនា​ម៉ូដ​ប្លែកៗ​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​អតិថិជន ៕ សុទ្ធ គឹម​សឿន​

​    

Related