តារា​ស៊យ​ទាំង ៥ រូប​

Sanofi

​កន្លងមក​​មាន​តារា​មួយចំនួន​ដែល​កាលពី​ប៉ុន្មាន​ខែ​មុននេះ បាន​ជួប​រឿង​ស៊យ​ផ្ទួនៗ​ទាំង​ការងារ​សិល្បៈ និង គ្រោះថ្នាក់​ផ្សេងៗ ។ ដើម្បី​កាន់តែច្បាស់ ឥឡូវនេះ​«​ប្រជាប្រិយ​»​សូម​បង្ហាញ​ពី​តារាចម្រៀង និង តារា​សម្តែង​ប៉ុន្មាន​ដួង​ដែល​ធ្លាប់​ជួប​រឿង​ស៊យ​គ្រោះថ្នាក់​ចរាចរណ៍​ដូច​ទៅ ៖

១-​តារាចម្រៀង សាពូន មីដាដា និង តារា​សម្តែង សុវណ្ណ មករា​
​ ​កាលពី​យប់​ថ្ងៃទី ០៧ ខែតុលា ថ្មីៗ​នេះ​តារាចម្រៀង​ល្បី សាពូន មីដាដា និង តារា​សម្តែង សុវណ្ណ មករា បាន​ភប់ប្រសព្វ​នឹង​គ្រោះថ្នាក់​ស៊យ​មួយ ដោយសារ​លោក​បាន​បើករថយន្ត​ទៅបុក​ប៉ះ​ជាមួយ​រថយន្ត​មួយទៀត​នៅតាម​បណ្តោយ​ផ្លូវ​លេខ ១៨២ ។ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នោះ​ភាគី​ទាំងសងខាង​មិនមាន​គ្រោះថ្នាក់​អ្វី​ធ្ងន់ធ្ងរ​ទេ​ក្រៅពី​រថយន្ត​ទទួលរង​ការខូចខាត​បន្តិចបន្តួច ប៉ុន្តែ​គួរ​កត់សម្គាល់ថា មុននឹង​មានការ​អន្តរាគមន៍​ពី​ប៉ូលិស​ចរាចរណ៍ តារាចម្រៀង​ម្ចាស់​បទ​«​គ្រប់យ៉ាង​ដើម្បី​អូន​»​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹង​សរ សៃ​ក​ជាមួយ​ភាគី​ម្ខាង​ទៀត ។​

២-​ពិធីករ ជា វិបុល ស៊យ​ទាំង​ព្រឹក​
​ ​ពិធីករ​សម្បូរ​វោហារ ជា វិបុល ក៏​ជួប​រឿង​ស៊យ​មិន​ខុសពី​តារាចម្រៀង សាពូន មីដាដា ប៉ុន្មាន​ដែរ ព្រោះ​កាលពី​វេលា​ព្រឹក​ម៉ោង ៧ និង ៥៥ នាទី ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៥ នៅ​បណ្តោយ​ផ្លូវ​ទេព​ផន ខណៈពេល​លោក​បត់​ស្តាំ រថយន្ត​របស់លោក​បាន​ទៅ​ប៉ះ​កៀរ​រថយន្ត​ព្រូស បណ្តាលឱ្យ​រថយន្ត​នោះ​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត ហើយ​រុល​ទៅ​ផ្ទប់​នឹង​រថយន្ត​ដែល​ចត​នៅ​ស្ងៀម​ក្បែរ​នោះ​បណ្តាលឱ្យ​កើតមាន​រឿង​តវ៉ា​គ្នា ។ ប៉ុន្តែ​សម្រាប់​ពិធីករ​លោក ជា វិបុល ជា​ជនបង្ក​បាន​ដោះស្រាយ​ចរចា​សង​ថ្លៃ​ខូចខាត និង ចេញថ្លៃ​ព្យាបាល​ចំពោះ​អ្នករងរបួស​រួចរាល់​ហើយ ។ ជា វិបុល ពិតជា​ស៊យ​មែន ដែល​ខុសពី​សុភាសិត​ចិន​តែង​ពោលថា «​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ​គឺ​ពិតជា​ចំណេញ​» តែ​សម្រាប់​លោក​វិញ​នេះ​មិនមែនជា​ព្រួញ​ចំណេញ​ទេ គឺជា​ព្រួញ​ដែល​ធ្វើឱ្យ​លោក​បែរជា​ខាត និង ស៊យ​ទាំង​ព្រឹក​ទៅវិញ ។​

៣-​ពិធី​ការិនី ឌួង ហ្សូ​រី​ម៉ា បុក​ភ្លាម​សង​ភ្លាម​
​សម្រាប់​ពិធី​ការិនី​រាង​តូច​ច្រឡឹង និង ជា​ប្អូនស្រី​បង្កើត​របស់ ឌួង ហ្សូ​រី​ដា គឺ​កញ្ញា ឌួង ហ្សូ​រី​ម៉ា ក៏​ជួប​ហេតុការណ៍​ស្រដៀង​គ្នា​នេះដែរ ដោយ​នាង​បាន​បើកឡាន​បុក​ស្ត្រី​ចំណាស់​ម្នាក់​រងរបួស​គួរសម ដែល​រឿងនេះ​កើតឡើង​កាលពី​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៥ វេលា​ម៉ោង ៨ និង ១៥ នាទី​យប់ នៅ​ចំណុច​មុខ​វត្ត​ទួល​ទំពូង តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​។ ក្នុងស្ថានភាព​នោះ ពិធី​ការិនី​ចូលចិត្ត​និយាយ​បញ្ចេញ​សំឡេង​ខ្យល់​«​ហ្សឹ​» ឌួង ហ្សូ​រី​ម៉ា ក៏បាន​ទទួល​ការយោគយល់​អធ្យាស្រ័យ​ពី​ស្ត្រី​រងគ្រោះ ហើយ​ទទួលខុសត្រូវ​ជូន​ស្ត្រី​រងគ្រោះ​ទៅ​មន្ទីរពេទ្យ​ពិនិត្យ​ព្យាបាល និង សង​ថ្លៃ​ខូចខាត​អស់ ២០០ ដុល្លារ ភ្លាមៗ​ដែរ ៕

៤-​ពិធី​ការិនី សា​សា ស៊យ​ផ្ទួនៗ​
​សា​សា​ដែលជា​អតីត​ពិធី​ការិនី​ប្រចាំ​កម្មវិធី​រាត្រី​កម្សាន្ត បាន​ជួប​រឿង​ស៊យ​ហើយ​ស៊យ​ទៀត បន្ទាប់ពី​មាន​គ្រោះថ្នាក់​បុក​ម៉ូតូ​ជនបរទេស​កាលពី​កន្លងទៅ និង ការប្រើ​អំពើហិង្សា​លើ​នាង​ពី​សំណាក់​លោក​ឩ​ក​ញ៉ា សុខ ប៊ុន រួចមក នាង​ហាក់​នៅមាន​ហេតុការណ៍​កើត​ឡើងជា​បន្តបន្ទាប់ ដោយ​កាលពី​យប់​ថ្ងៃអាទិត្យ ទី​០២ ខែសីហា នៅឯ​ខេត្តបាត់ដំបង នាង​បាន​បើករថយន្ត​ទំនើប​មួយគ្រឿង​ពណ៌​ស មាន​អ្នករួមដំណើរ​ម្នាក់ទៀត និង មាន​រថយន្ត​មួយ​គឿង​ទៀត​ជា​គូកន បាន​បុក​រ៉ឺម៉ក​ដឹក​ទឹកកក​ឡើង​កំពិត​មុខ​រថយន្ត​ខ្លួនឯង​ទៅមុខ​លែងរួច ។ ហេតុការណ៍​នេះ​ត្រូវបាន​នាង​ច្រានចោល​ថា​នាង​មិនមាន​ពាក់ព័ន្ធ ហើយក៏​មិន​ស្ថិតក្នុង​ហេតុការណ៍​នេះដែរ ស្របពេល​ដែល​គេ​ឃើញច្បាស់​ថា​រថយន្ត​បង្ក​ជា​រថយន្ត​នាង​ទៅហើយនោះ ។ សម្រាប់​រឿង​គ្រោះថ្នាក់​នេះ​មិន​នៅ​អូសបន្លាយ​យូរ​ឡើយ ព្រោះ​ពួកនាង​បាន​ដោះស្រាយ​បញ្ចប់​នៅនឹងកន្លែង​កើតហេតុ​ភ្លាមៗ​ដែរ ។​

៥-​អេ​ន​ឌី​គេ​ទារ​សំណង​មួយ​ម៉ឺន​ដុល្លារ​
​ ​តារា​ល្បី​ខាង​ថតរូប​សិច​ស៊ី អេ​ន​ឌី ក៏​ជួប​រឿង​ស៊យ​ណាស់ដែរ បន្ទាប់ពី​ត្រូវ​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ​មួយចំនួន និង ប្រាក់ ៣០០០ ដុល្លារ ក្នុង​រថយន្ត​ម្តង​ហើយ​នោះ ស្រាប់តែ​នៅ​ថ្ងៃទី ៣១ ខែ​កក្ត​ដា ឆ្នាំ ២០១៥ លោក​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាលឱ្យ​ជនរងគ្រោះ​បាក់ជើង ហើយ​ត្រូវ​ក្រុមគ្រួសារ​ជនរងគ្រោះ​ដាក់ពាក្យ​បណ្តឹង​ចូលទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ រហូត​ពិបាក​នឹង​ដោះស្រាយ​ទៀត ។ គ្រោះថ្នាក់​នេះ​បានកើត​ឡើង​នៅលើ​បណ្តោយ​ផ្លូវ​ត្រសក់ផ្អែម ដោយសារ​លោក​បើករថយន្ត​បញ្ច្រាសទិស ហើយ​បាន​បុក​ជនរងគ្រោះ​ម្នាក់​បាក់ជើង និង គេ​បាន​ទារ​សំណង​មួយ​ម៉ឺន​ដុល្លារ​ទៀតផង ៕ អា​ទីល​


Related