ក្រុមហ៊ុន ប្រេងឥន្ធនៈ៦ បានបញ្ចុះតម្លៃ តាមការសន្យា ខណៈ២ទៀត បញ្ចុះថ្លៃនៅថ្ងៃស្អែក

ភ្នំពេញ៖ ក្រុមហ៊ុនប្រេងឥន្ធនៈមួយធំៗចំនួន៦ នៅកម្ពុជា នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥នេះ បានបញ្ចុះតម្លៃសាំង ទៅតាមអ្វី ដែលពួកគេបានសន្យា ជាមួយនឹង រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុងកិច្ចប្រជុំ ពិភាក្សារឿងបញ្ចុះតម្លៃ ប្រេងឥន្ធនៈ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ ម្សិលមិញ ។ តម្លៃសាំងនៅ តាមស្ថានីយមួយចំនួន បានចុះជាមធ្យម ១០០រៀលក្នុងមួយលីត្រ ហើយមានតែ ក្រុមហ៊ុន ចែកចាយ ប្រេងឥន្ធនៈពីរប៉ុណ្ណោះ ដែលមិនទាន់ចុះ ថ្លៃក្នុងនោះមាន ក្រុមហ៊ុនតូតាល់ និងកាលតិច ប៉ុន្តែក្រុមហ៊ុន ទាំង២នេះ សន្យាបញ្ជុះតម្លៃនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ ស្អែកនេះ។

បើតាមការអង្កេតជាក់ស្តែងតម្លៃ ប្រេងឥន្ធនៈនានា នៅក្នុងរាជធានីភ្នំពេញ មានតម្លៃ ដូចជា៖ ស្ថានីយប្រេងឥន្ធនៈតេលា និងសូគីម៉ិច តម្លៃសាំងធម្មតា ថ្លៃ៣៦៥០រៀល ក្នុងមួយលីត្រ សាំងស៊ូពែរ តម្លៃ៣៩០០រៀលក្នុងមួយលីត្រ និងម៉ាស៊ូត ថ្លៃ៣៤០០រៀលក្នុងមួយលីត្រ។ ដោយឡែកក្រុមហ៊ុន ភីធីធី បានចុះ តម្លៃផងដែរ សាំងធម្មតា មកនូវ៣៧០០រៀល ក្នុងមួយលីត្រ សាំងស៊ូពែរ ៣៩៥០រៀល ក្នុងមួយលីត្រនិងម៉ាស៊ូត ថ្លៃ៣៥០០រៀលក្នុងមួយលីត្រ។ ដោយឡែកក្រុមហ៊ុន អន្តរជាតិពីរផ្សេងទៀត រួមមាន តូតាល់ និងកាល់តិច មិនទាន់ចុះតម្លៃ នៅឡើយទេ ដោយរក្សានៅតម្លៃដដែល គឺសាំងធម្មតា ថ្លៃ៣៨០០រៀល ក្នុងមួយលីត្រ សាំងស៊ូពែរ៤០៥០រៀល ក្នុងមួយលីត្រនិងម៉ាស៊ូត ៣៦០០រៀលក្នុង មួយលីត្រ។
 
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក កែន រដ្ឋា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅរសៀលថ្ងៃទី៩ ខែតុលានេះថា ក្រុមហ៊ុន សាំងទាំង៨ នៅកម្ពុជាក្នុងនោះ មាន៦ ក្រុមហ៊ុនបាន បញ្ចុះតម្លៃជាមធ្យម ១០០រៀលក្នុងមួយលីត្រ ដូចទៅនឹងអ្វី ដែលពួកគេ បានសន្យានៅក្នុងកិច្ច ប្រជុំកាលពីម្សិលមិញ នៅក្រសួង ពាណិជ្ជកម្មជាមួយ នឹងតំណាង រាជរដ្ឋាភិបាល ដែលមានលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាអ្នកដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សារករូបមន្តកំណត់ តម្លៃសាំងនោះ។

ចំពោះការសំណូមពរ របស់រាជរដ្ឋាភិបាល ទៅដលក្រុមហ៊ុនប្រេងឥន្ធនៈ នៅកម្ពុជាឲ្យ ចុះតម្លៃ១០០រៀល ក្នុងមួយលីត្រនេះ បើទោះបីជាមិន មែនជាចំនួន ច្រើនក្តី តែអ្នកនាំពាក្យរូបនេះ បានអះអាងថា គឺជាការ រួមចំណែក ដល់ការកាត់បន្ថយការ ចំណាយរបស់ ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលត្រូវការ ធ្វើដំណើរច្រើន ប៉ុន្តែអ្វីដែលរាជរដ្ឋាភិបាល កំពុងធ្វើការរករូបមន្ត កំណត់ថ្លៃដ៏សមស្របមួយ ជាមួយនឹងក្រុមហ៊ុន នាំចូលប្រេងទាំងអស់ ដើម្បីឲ្យមានតម្លាភាព និងជួយឲ្យ ប្រជាជនទូទៅ ជ្រាប និងយល់ដឹង កាន់តែច្បាស់ ពីថ្លៃប្រេងសាំង ដែលលក់នៅលើទីផ្សារ។

លោក កែន រដ្ឋា បានពន្យល់ថា ការបញ្ចុះថ្លៃ ១០០រៀល ក្នុងមួយលីត្រ នេះហាក់ដូច ជាមាន តម្លៃតិចតួចណាស់ សម្រាប់ អតិថិជនម្នាក់ៗ។ ប៉ុន្តែបើគិតពី ការសន្សំសំចៃ សម្រាប់អ្នក ប្រើប្រាស់រួម នៅទូទាំង ប្រទេសវិញ គឺពួកគាត់អាចសន្សំ សំចៃ គិតជាទឹកប្រាក់សរុប ប្រមាណ ៥ពាន់លានរៀល ស្មើនឹង ១,២៥លានដុល្លារសហរដ្ឋ អាមេរិក សម្រាប់រយៈពេល ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥។ ខណៈពេលដែល រាជរដ្ឋាភិបាល កំពុងដោះស្រាយបញ្ហា ប្រឈមជាក់ស្តែង ដូចជាការបញ្ចុះ ថ្លៃប្រេងឥន្ធនៈ នៅតាមស្ថានីយ៍នេះ មានភាគី ពាក់ព័ន្ធ និងបញ្ហាស្មុគស្មាញជាច្រើន ដែលសាធារណៈជន ទូទៅមិនបានដឹង និងឃើញ។ ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល កំពុងធ្វើការងារនេះ ដើម្បីសម្រេចបង្កើត រូបមន្តកំណត់ ថ្លៃសមស្រប និងប្រកបដោយតម្លាភាព ហើយរូបមន្តទាំងនេះ និងត្រូវដាក់បង្ហាញ ឲ្យសាធារណៈជនទូទៅ បានដឹងក្នុងពេលឆាប់ៗ តាម ដែលអាចធ្វើបាន៕
ក្រុមហ៊ុន ប្រេងឥន្ធនៈ៦ បានបញ្ចុះតម្លៃ តាមការសន្យា ខណៈ២ទៀត បញ្ចុះថ្លៃនៅថ្ងៃស្អែក

ក្រុមហ៊ុន ប្រេងឥន្ធនៈ៦ បានបញ្ចុះតម្លៃ តាមការសន្យា ខណៈ២ទៀត បញ្ចុះថ្លៃនៅថ្ងៃស្អែក
ក្រុមហ៊ុន ប្រេងឥន្ធនៈ៦ បានបញ្ចុះតម្លៃ តាមការសន្យា ខណៈ២ទៀត បញ្ចុះថ្លៃនៅថ្ងៃស្អែក

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត