​បុណ្យ​ភ្ជុំបិណ្ឌ៖ បុគ្គលិក​ក្រុមហ៊ុន កម្មករ​រោងចក្រ​កាត់ដេរ និង​មន្ត្រីរាជការ ចាប់ផ្តើម​ឈប់សម្រាក​ហើយ​

ភ្នំពេញ: ចាប់ពី​ថ្ងៃ​សៅរ៍ ទី​១០​តុលា​នេះ​តទៅ បុគ្គលិក​ក្រុមហ៊ុន កម្មករ​រោងចក្រ​កាត់ដេរ និង​មន្ត្រីរាជការ បានចាប់ផ្តើម​ឈប់សម្រាក​ពី​ការងារ​ជា​បណ្តើរៗ​ហើយ​។ ក្រុមហ៊ុន​ឯកជន​ខ្លះ បានអនុញ្ញាត​ឲ្យ​បុគ្គលិក​និយោជិត ឈប់សម្រាក​ចាប់ពី​ថ្ងៃ​សៅរ៍ ទី​១០​តុលា​នេះ បន្ត​រហូតដល់​ថ្ងៃទី​១៦​តុលា ពោលគឺ​ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ៣ ថ្ងៃ ទៅ ៤ ថ្ងៃ ទើប​ចូលធ្វើការ​វិញ​។ រីឯ​ក្រុមហ៊ុន​ខ្លះទៀត តម្រូវ​ឲ្យ​បុគ្គលិក ឈប់សម្រាក​ចាប់ពី​ថ្ងៃ​ចន្ទ ដែល​ត្រូវ​នឹង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ដល់​ថ្ងៃទី​១៥​តុលា ទើប​ចូលធ្វើការ ជាដើម​។​

​ដោយឡែក​សម្រាប់​មន្ត្រីរាជកា​រ​បុគ្គលិក​រដ្ឋ​វិញ គឺ​ឈប់សម្រាក​ចាប់ពី​រសៀល​ថ្ងៃ​សុក្រ ហើយ​អ្នកខ្លះ ឈប់​ពីថ្ងៃ​សៅរ៍​នេះ បន្ត​រហូតដល់​ពេញ​មួយអាទិត្យ​ក្រោយ គឺ​រហូតដល់​ថ្ងៃ​ចន្ទ ទី​១៩ ខែតុលា ឆ្នាំ​២០១៥ ទើប​ចូលធ្វើការ​វិញ​។ នោះ​ក៏​មកពី​តាមច្បាប់​ការងារ តម្រូវ​ឲ្យ​ឈប់សម្រាក ៣ ថ្ងៃ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ គឺ​ថ្ងៃទី​១១ ថ្ងៃទី​១២ ( ថ្ងៃ​ភ្ជុំបិណ្ឌ ) និង​ថ្ងៃទី​១៣​តុលា​។ តែ​ដោយសារតែ​ថ្ងៃទី​១១​តុលា ជា​ថ្ងៃអាទិត្យ គឺ​លើក​មួយថ្ងៃ មក​ថ្ងៃទី​១៤​តុលា​។ រីឯ​ថ្ងៃទី​១៥​តុលា ជា​ព្រះ​រាជពិធី​បុណ្យខួប​គម្រប់ ៣ ឆ្នាំ ដែល​ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ យាង​ចូល​ទិវង្គត ដែល​ត្រូវ​បានកំណត់​ជា​បុណ្យជាតិ ហើយ​បុគ្គលិក​ក្រុមហ៊ុន មន្ត្រីរាជការ ត្រូវ​ឈប់សម្រាក​មួយថ្ងៃ​។​

​ដូច្នេះ​តាម​ធម្មតា បុគ្គលិក​ក្រុមហ៊ុន មន្ត្រីរាជការ ត្រូវ​ចូលធ្វើការ​វិញ នៅ​ថ្ងៃ​សុក្រ ទី​១៦ ខែតុលា​។ តែ​ជាទូទៅ មន្ត្រីរាជការ បុគ្គលិក​រដ្ឋ ត្រូវ​ឈប់សម្រាក នៅ​ថ្ងៃ​សៅរ៍ ហេតុនេះ​នឹងមិន​មាន​អ្នក​មក​ធ្វើការ​ទេ នៅ​ថ្ងៃ​សុក្រ ទី​១៦​តុលា​៕​