សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន មិនបាន​នៅ​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ទេ ឆ្នាំនេះ សម្តេច​ទៅ​ប្រជុំ​នៅ​ចិន​

ភ្នំពេញ: តាម​ការគ្រោងទុក សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន និង​សម្តេច​ប៊ុនរ៉ានី នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ពិភពលោក ម៉ា​កាវ ឆ្នាំ​២០១៥ ចាប់ពី​ថ្ងៃទី​១២​តុលា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៥​។ ប៉ុន្តែ​សម្តេច​ទាំងពីរ នឹង​ចេញដំណើរ ចាក​ចេញពី​កម្ពុជា នៅ​ថ្ងៃអាទិត្យ ទី​១១​តុលា​។ ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី និង​ភរិយា រួមទាំង​មន្ត្រីជាន់ខ្ពស់​មួយចំនួន នឹង​មិនបាន​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​នឹង​ប្រារព្ធ​ឡើង នា​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៥ ឡើយ​។​

​សូម​រម្លឹកថា តាម​ការអញ្ជើញ​របស់​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម ព្រមទាំង​ថ្លែង​សន្ទរកថា​គន្លឹះ ក្នុង​វេទិកា និង​សន្និសីទ​មួយចំនួន ដែល​នឹង​ប្រព្រឹត្តទៅ ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីក្រុង​ម៉ា​កាវ និង​នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស ចេញផ្សាយ​នៅ​ថ្ងៃទី​៦​តុលា បង្ហាញថា សម្តេច​ហ៊ុនសែន នឹងចូលរួម​កិច្ចប្រជុំ​ជាច្រើន​នៅ​ចិន រួមមាន​៖ វេទិកា​សេដ្ឋកិច្ច​ទ​ទេសចរ​ណ៍ស​កល​ម៉ា​កាវ ឆ្នាំ​២០១៥ សន្និសីទ​ពិសេស​របស់​គណបក្សនយោបាយ​នៅ​អាស៊ី ស្តីពី​វិថី​សូត្រ វេទិកា​ស្តីពី​ការកាត់បន្ថយ​ភាពក្រីក្រ​សកល និង​ការអភិវឌ្ឍន៍​ឆ្នាំ​២០១៥ និង​វេទិកា​សៀង​សាន លើក​ទី​៦​។​

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អ​អន្តរជាតិ បាន​បន្តថា គណៈប្រតិភូ​អមដំណើរ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមមាន លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​សមាជិក​ដទៃទៀត នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ក្រសួងការបរទេស បាន​គូសបញ្ជាក់ថា ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​ចិន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ថ្នាក់ដឹកនាំ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕