មានដឹងអត់ថា ហេតុអ្វីឆាមីសួ តែងតែមាន វត្ដមាននៅរដូវ ភ្ជុំបិណ្ឌ?

ភ្នំពេញ៖ ជាការពិតណាស់ ប្រជាជនខ្មែរបានផ្តល់តំលៃ និងសារៈសំខាន់ទៅលើពិធីបុណ្យពីរ ជាពិសេស ដែលមិនអាចខកខានបាន គឺពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ និងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ។

 
មានដឹងអត់ថា ហេតុអ្វីឆាមីសួ តែងតែមាន វត្ដមាននៅរដូវ ភ្ជុំបិណ្ឌ?
ពុទ្ធបរិស័ទ្ធ កំពុងរាប់បាត្រក្នុងរដូវកាល បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

ដោយសាររដូវនេះ ជារដូវកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ខ្មែរឡូត នឹងលើកឡើងបង្ហាញ ពីជំនឿ និងដើមហេតុខ្លះៗ នៃពិធីបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌ ឲ្យប្រិយមិត្តបានជ្រាបតែម្តង។

ជារៀងរាល់ឆ្នាំ ប្រជាជនខ្មែរតែងតែនាំគ្នា ទៅធ្វើបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌក្នុង ទីវត្ដអារាម ដែលត្រូវប្រព្រឹត្ដទៅ ចាប់ពីថ្ងៃ១ រោចរហូតដល់ថ្ងៃ១៥ រោច ខែភទ្របទ។ ក្នុងអំឡុង១៥ថ្ងៃនេះ គេតាំងចិត្ដដាច់ខាតត្រូវតែ ទៅវត្ដឱ្យបានម្ដង យ៉ាងតិចក្នុងថ្ងៃណាមួយ មិនអាចខកខានបានឡើយ បើទោះជាមានការ មមាញឹក ឬក្រីក្រលំបាក យ៉ាងណាក៏ដោយ។ ជាពិសេសថ្ងៃ១៥ រោច ជាថ្ងៃបង្ហើយគេហៅថា “ភ្ជុំបិណ្ឌ”។

ក្នុងជំនឿយ៉ាងមុតមាំថា បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គល (ប្រេត) ជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅហើយ មិនដឹងជាទៅចាប់កំណើត នៅលោកខាងមុខជាអ្វីនោះទេ ទើបប្រជាជនខ្មែរគ្រប់រូប តែងនាំគ្នាសស្រាក់សស្រាំ ខិតខំសម្អិតសម្អាងម្ហូបអាហារ ភេសជ្ជៈ បច្ច័យផ្កាភ្ញី ទៀនធូបយកទៅ ប្រគេនព្រះសង្ឃ នៅតាមទីវត្តអារាមនានានោះឯង។ 
មានដឹងអត់ថា ហេតុអ្វីឆាមីសួ តែងតែមាន វត្ដមាននៅរដូវ ភ្ជុំបិណ្ឌ?
ពុទ្ធបរិស័ទ្ធ កំពុងស្រង់ព្រះ

ក្រៅពីការវេចនំអន្សម ដែលជាប្រពៃណីតពីដូនតាមក គេឃើញមានប្រជាជនខ្មែរភាគច្រើន ចូលចិត្តចម្អិនអាហារ ដូចជា សម្លរការី សម្លរ(ខ) ត្រីប្រម៉ាចិញ្ច្រាំ ជាដើម។ ជាពិសេសមុខម្ហូបដែលគេ មិនដែលឃើញមាន ការខកខាននោះគឺ សម្លរមីសួ រឺឆាមីសួ តែម្តង។

ប្រិយមិត្តមួយចំនួន ប្រហែលជាមានការ ងឿងឆ្ងល់ហើយថា ហេតុអ្វីបានជាប្រជាជនខ្មែរ មិនដែលចោល មុខម្ហូប សម្លរមីសួ រឺឆាមីសួ ជារៀងរាល់ឱកាសពិធីបុណ្យ កាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដើម្បីយកទៅប្រគេនព្រះសង្ឃ? តាមពិតមុខម្ហូបនេះដែរ គឺវាកើតឡើងពីជំនឿម្យ៉ាង ដែលវាមានដើមហេតុរបស់វា ហើយជំនឿនេះដែរ មនុស្សភាគច្រើន គឺធ្វើតាមតៗគ្នា ដោយមិនបានដឹងពីអត្ថន័យនោះទេ។

មានដឹងអត់ថា ហេតុអ្វីឆាមីសួ តែងតែមាន វត្ដមាននៅរដូវ ភ្ជុំបិណ្ឌ?
ឆាមីសួ

បើតាមលោកតាអាចារ្យមួយរូប បានប្រាប់ដល់ ខ្មែរឡូត ឲ្យបានដឹងថា ជារៀងរាល់ពិធីបុណ្យ កាន់បិណ្ឌ-ភ្ជុំបិណ្ឌ គេមិនសូវចោលនោះទេ សម្លរមីសួ រឺឆាមីសួ ព្រោះថាមុខម្ហូបមួយមុខនេះ គឺជាមុខម្ហូបពិសេសមួយ សម្រាប់ បុគ្គលដែលចាប់កំណើត ជាប្រេតមួយប្រភេទ ដែលមានមាត់តូចសឹងប៉ុនគូថម្ជុល  ក្នុងចំណោមប្រភេទ ប្រេតជាច្រើនប្រភេទទៀត ដែលមានកំណើត ទៅតាមវេនកម្ម និងការប្រព្រឹត្តពៀរ ខុសៗគ្នា។

បើតាមជំនឿតៗគ្នាពីចាស់ៗ បានឲ្យដឹងថា ប្រេតប្រភេទនេះចាប់កំណើត ពីបុគ្គលស្លាប់ទៅហើយ ដែលកាលនៅរស់ ពួកគេចូលចិត្ត និយាយដើមគេ ចាក់រុក អុជអាល បង្កររឿង ធ្វើឲ្យអ្នកដទៃក្តៅក្រហាយ និងបែកបាក់គ្នាជាដើម។ លុះក្រោយបុគ្គលនោះស្លាប់ទៅ គេនឹងកើតមានជា កំណើតប្រេតប្រភេទខាងលើ ដែលមានសភាពវេទនាបំផុត គឺមិនអាច បរិភោគម្ហូបអាហារ រឺនំចំណីអ្វីបាន ដូចគេដទៃនោះឡើយ។ ដោយពួកគេមានមាត់តូច សឹងប៉ុនគូថម្ជុល ដូច្នេះហើយប្រជាជនខ្មែរ ជាពិសេសចាស់ៗបុរាណ បានគិតថា មានតែសម្លរមីសួ រឺឆាមីសួ ទេដែលអាច ឲ្យប្រេតប្រភេទនេះ សុីបាន។

ដោយហេតុតែ មិនដឹងថាដូចតា ម្តាយឪពុក រឺ សាច់ញាត្តិ របស់ខ្លួនអាចនឹងមានកម្មពៀរអ្វី រឺចាប់កំណើត ទៅឋានណា រឺជាប្រេតប្រភេទណាមួយរឺអត់? ទើបប្រជាជនខ្មែរ ភាគច្រើន មានទម្លាប់តៗគ្នា ទៅតាមជំនឿខាងលើ តែងតែយកម្ហូប សម្លរមីសួ រឺឆាមីសួ មិនដែលខាន យកទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសដល់បុព្វការីជន ឲ្យបានទទួលទានឆ្អែត ក្នុងមួយរយៈកាល ពិធីបុណ្យ កាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះឯង។

គួរបញ្ជាក់ផងដែរថា បើតាមឯកសារពីវីគីភីឌាភាសាខ្មែរ និងសៀវភៅប្រជុំរឿងព្រេងខ្មែរ បានឲ្យដឹងថា ចាប់​តាំង​ពី​ សម័យ​បុរាណកាល ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ពិធី​បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ​ គេ​តែងតែ​ប្រារព្ធ​ នៅ​ក្នុង​រដូវវស្សា​ ព្រោះ​នៅ​ក្នុង​រដូវ​នេះ​ ពពួក​ប្រេត​ អាច​មាន​ឱកាស​ច្រើន​ ក្នុង​ការ​ស្វែងរក​ ចំណី​អាហារ​ ជាង​រដូវ​ផ្សេងៗ​ទាំងអស់។​ ម្យ៉ាង​វិញ​ទៀត ​នៅ​ក្នុង​វស្សានរដូវ​ អាហារ​របស់​ពួក​ប្រេត​ ដូចជា​ភក់​ជ្រាំ​ ស្លេស្ម៍​ កំហាក​ សាកសព​ និង​កាកសំណល់​អសោចិ៍​ សម្បូរ​នៅ​ក្នុង​ខែ​ភ្លៀង​ផ្គរ​ពព្រិច។​ នៅ​ក្នុង​រដូវ​បុណ្យ កាន់បិណ្ឌ-ភ្ជុំបិណ្ឌ ​រយៈពេល​១៥​ថ្ងៃ​នេះ​ មាន​ពពួក​បេតជន​ (ពួក​ប្រេត)​ សាច់ញាតិ​ទាំង​ប្រាំពីរ​សណ្ដាន​ ព្រម​ទាំង​តំណ​ញាតិ​ច្រើន​មហាកប្ប​ ដែល​អត់​ឃ្លាន​អាហារ​អស់​រយៈ ពេល​ជា​ច្រើន​ខែ​មក​ហើយ​នោះ​ ត្រូវ​បាន​រួច​ផុត​ពី​ការ​ឃុំឃាំង ​អនុញ្ញាត​ឲ្យ​មក​ស្វែង​រក​ សាច់ញាតិ​នៅ​ តាម​វត្តអារាម​​ ដែល​នាំ​យក​ចំណីអាហារ​ផ្សេងៗ​ មក​ឧទ្ទិស​កុសល​ឲ្យ​ខ្លួន។​

ម្យ៉ាង​វិញ​ទៀត​ បើ​តាម​សម្ដី​ចាស់ៗ​ បុរាណ​និយាយ​តៗ​គ្នា​ថា​ ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​ បើ​ពពួក​ បេតជន​ ទាំងអស់​នោះ​ ដើរ​ស្វែងរក​ញាតិ​ ចំនួន​៧​វត្ត​ នៅ​តែ​មិន​ឃើញ​នោះ​ ពពួក​ប្រេត​ទាំងអស់​នោះ ​នឹង​ស្រែក​យំ​ទន្ទ្រាំ​ជើង​ ព្រោះ​តែ​ការ​ខក​បំណង​ និង​ភាព​ស្រេក​ឃ្លាន ​ក្រហល់ក្រហាយ​ក្នុង​ចិត្ត។​ ជា​ពិសេស​ពពួក​បេតជន ​ទាំងអស់​នោះ​ នឹង​ជេរ​ដាក់​បណ្ដាសា ​ដល់​សាច់ញាតិ​ កូន​ចៅ​ជា​មិន​ខាន៕

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត