ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​ប្រុងប្រយ័ត្ន​ពី​សុវត្ថិភាព​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ថ្មីៗ​កន្លងទៅនេះ​ទាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​កុំ​ឲ្យ​មានការ​ដំឡើងថ្លៃ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​នៅក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​។ ក៏ប៉ុន្តែ​តាម​ពិនិត្យ​ជាក់ស្ដែង​ក្រុមហ៊ុន​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ ក៏ដូចជា​អ្នករត់​តាក់ស៊ី និង​អ្នកបើក​រថយន្តឈ្នួល មិន​អនុវត្តន៍​តាម​សេចក្ដីអំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ឡើយ ហើយ​សមត្ថកិច្ច​តាមផ្លូវ​ក៏​បន្ត​ជំរិត​យកលុយ​ពី​ម្ចាស់​រថយន្ត​តាក់ស៊ី​និង​រថយន្តឈ្នួល​ដែរ​។ មានន័យថា សេចក្ដីអំពាវនាវ​រប​ស់​ប្រមុខ​រដ្ឋាភិបាល និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ពុំមាន​ប្រសិទ្ធភាព​ឡើយ ហើយ​អ្នកធ្វើដំណើរ​ទៅ​ស្រុកកំណើត​ក្នុងឱកាស​ភ្ជុំបិណ្ឌ​ត្រូវ​ប្រឈម​នឹង​ការលំបាក​ដដែល​។

ចាប់តាំងពី​ថ្ងៃ​សុក្រ ទី​០៩ ខែតុលា ក្រុមហ៊ុន​រថយន្តក្រុង​កា​ពី​តូ​ល បាន​ដំឡើងថ្លៃ​សំបុត្រ​រថយន្ត​ពី​២២០០០​រៀល​ទៅដល់​៣០០០០​រៀល ចំណែក​ក្រុមហ៊ុន​ភ្នំពេញ​សូរិយា ដំឡើងថ្លៃ​សំបុត្រ​ពី​២២០០០​រៀល​ដល់​៣៥០០០​រៀល​តែម្ដង​។ ចំណែក​អ្នករត់​តាក់ស៊ី​និង​រថយន្តឈ្នួល​ក៏បាន​ដំឡើងថ្លៃ​ប្រហែល​១០០០០​រៀល​ដែរ សម្រាប់​អ្នកដំណើរ​ម្នាក់ៗ ដូច្នេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​និង​ក្រសួង​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ត្រួតពិនិត្យ​ជាបន្ទាន់​។ លើស​នេះ​ទៅទៀត​តាម​ច្រក​ផ្លូវ​ចេញពី​រាជធានី​ភ្នំពេញ​ដូចជា ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ លេខ​៣ លេខ​៤ និង​លេខ​៥ មានការ​កកស្ទះ​ចរាចរណ៍​ផងដែរ ហើយ​មិនឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​សម្រួល​សណ្ដាប់ធ្នាប់​ចរាចរណ៍​ឲ្យ​បាន​ប្រសើរ​នោះទេ​។

បញ្ហា​ដ៏​សំខាន់​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះដែរ បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ត្រូវមាន​ការប្រុងប្រយ័ត្ន​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ក៏ដូចជា​ទ្រព្យសម្បត្តិ​ផ្ទះសម្បែង​ផងដែរ​។ ជាពិសេស​បងប្អូន​ដែល​ធ្វើដំណើរ​តាម​យានយន្ត​ផ្សេងៗ​ទៅ​ជួបជុំ​គ្រួសារ​នៅ​ស្រុកកំណើត គួរ​បើកបរ​ដោយ​ប្រុងប្រយ័ត្ន គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​សុវត្ថិភាព​នៅតាម​ដងផ្លូវ​។ លើស​នេះ​ទៅទៀត​មុនពេល​ចេញពីផ្ទះ​បងប្អូន​ត្រូវ​ពន្លត់ភ្លើង​ចង្ក្រាន ភ្លើងទៀន​ភ្លើង​ធូប និង​បិទ​ចរន្តអគ្គិសនី​ជាដើម ហើយ​ចាក់សោ​ទ្វារផ្ទះ​ឲ្យ​បាន​ត្រឹមត្រូវ​។ ជាពិសេស​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​និង​មន្ត្រី​អាជ្ញាធរ ត្រូវ​យកចិត្តទុកដាក់​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​បាន​ប្រសើរ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ដ៏​រីករាយ​នេះ​៕

bus-2015-10-09 47