ប្រជាពលរដ្ឋ​ឃុំ​ជាំ ស្រុក​មេមត់ នៅតែ​ព្រួយបារម្ភ​ពី​ការបាត់បង់​ទឹកដី​តាម​ព្រំដែន

​ប្រជាពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​សម្ដែង​នូវ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្រោយពេល​ដឹងថា បង្គោល​រណប​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៩៤​និង​លេខ​៩៥​ចំនួន​២ ត្រូវបាន​គេ​បោះ​រួចរាល់​ស្ងាត់ៗ​កាលពី​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៥​។ មានន័យថា គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ដែលមាន​លោក វ៉ា គឹមហុង ជា​ប្រធាន បាន​បោះបង្គោល​រណប​ជាមួយ​ភាគី​យួន​ស្ងាត់ៗ ដោយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មិនបាន​ដឹង​ឡើយ​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជាំ មិន​ពេញចិត្ត​ចំពោះ​ការបោះបង្គោល​រណប​ដោយ​ពុំមាន​តម្លាភាព​នោះទេ ព្រោះ​ពួកគាត់​ព្រួយបារម្ភ​ពី​ការបាត់បង់​បូរណភាព​ទឹកដី​។

ជុំវិញ​បញ្ហា​ខាងលើនេះ​មេឃុំ​ជាំ​ស្ដីទី លោក អួ​ច អឿន បាន​ឲ្យ​ដឹងថា បង្គោល​រណប​ចំនួន​២​ដោយមាន​លេខ​សម្គាល់​លេខ​១​និង​លេខ​២​ត្រូវបាន​បោះ​ជា​ស្ថាពរ ទើប​ខាង​នគរបាល​ទូរស័ព្ទ​មក​ប្រាប់​អាជ្ញាធរ​ឃុំ​តាម​ក្រោយ​។ លោក​មេឃុំ​ស្ដីទី​បាន​អះអាងថា ការបោះបង្គោល​រណប​នោះ គឺជា​រឿង​មិនអាច​ទទួលយក​បានទេ​និង​មិន​ត្រឹមត្រូវ ព្រោះ​របៀប​ធ្វើ​ការងារ​របស់​អាជ្ញាធ​រ​ព្រំដែន​ហាក់​ចាត់ទុក​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន​ជា​ទីងមោង ដែល​មិនដឹងខ្យល់​អ្វី​ទាំងអស់​។ លោក អួ​ច អឿន បានបង្ហាញ​នូវ​ជំហរ​ច្បាស់លាស់​ថា «​ដល់ពេល​គាត់​មក​បោះ មក​បោះ​របៀប​លួចលាក់ ដល់​អ៊ីចឹង​ខ្ញុំ​អត់​ទទួលយក​ទេ​»​។​

ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ការបោះបង្គោល​រណប​ទាំង​២​នោះ គឺ​នៅក្បែរ​របង​វត្ត​បឹង​ជ្រោង ជាទី​កន្លែង​មាន​ភាពចម្រូងចម្រាស​កា​ល​ពីមុន ដោយ​ភាគី​យួន​អះអាងថា​ជា​ទឹកដី​របស់គេ​។ ការបោះបង្គោល​រណប​ស្ងាត់ៗ​បែបនេះ ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជាំ​និយាយថា ជា​សកម្មភាព​រំលោភ​ដីធ្លី​របស់​ពួកគាត់ គេ​មិន​ឲ្យ​ពួកគាត់​ចូលរួម​គឺ​ចង់​រំលោភ​យក​ដី​តែម្ដង​។ ជាមួយគ្នានេះ​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដែល​តាមដាន​ករណីនេះ​បាន​រិះគន់ថា ដោយសារតែ​មន្ត្រី​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​កន្លងមក ធ្វើ​ការងារ​មិនមាន​តម្លាភាព​ទើប​ប្រជាពលរដ្ឋ​មិន​ពេញចិត្ត​។ ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​បានផ្ដល់​ជា​អនុសាសន៍​ថា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ស្ងប់ចិត្ត រដ្ឋាភិបាល​ត្រូវ​បង្ហាញ​ពី​តម្លាភាព ពោលគឺ​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​ពួកគាត់​ដឹង​ជាមុន​និង​ចូលរួម​ជាដើម មិនត្រូវ​លាក់លៀម​ទេ​៕

varkimhong-2015-08-28លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន imageសមត្ថកិច្ចរារាំងមិនឲ្យប្រជាពលរដ្ឋទៅពិនិត្យបង្គោលព្រំដែនក្នុងឃុំជាំ