សម្តេច​ហ៊ុនសែន អរគុណ​ដល់​ក្រុមហ៊ុន​ប្រេងសាំង ដែល​បាន​ចុះថ្លៃ ១០០ រៀល ក្នុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​អរគុណ​ដល់​ក្រុមហ៊ុន​ប្រេងសាំង​ទាំងអស់ ដែល​បាន​បញ្ចុះ​ថ្លៃ​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។ ជាការ​ចុះថ្លៃ តាម​ការស្នើសុំ​របស់​ស​ម្តេច កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥​។​

​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១០​តុលា​នេះ សម្តេច​ហ៊ុនសែន បានសរសេរថា "​ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ទាំងអស់ ដែល​បាន​បញ្ចុះតម្លៃ​ទៅតាម​ការស្នើសុំ​របស់ខ្ញុំ កាលពីពេល​ថ្មីៗ​នេះ ក្នុង​ការរួម​ច​ណែ​ក​ជួយ​ដល់​សង្គមជាតិ​។ ទន្ទឹមនឹងនេះ ខ្ញុំ​សូម​អរគុណ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ងារ​នេះ ជាមួយ​បណ្តា​ក្រុមហ៊ុន​នានា​ កន្លងមក ព្រមទាំង​បាន​បើក​ប្រាក់ខែ បាន​រហ័ស​ទាន់ពេល ទាំង​ខែ​មុន និង​ខែ​នេះ​ ដល់​មន្ត្រីរាជការ និង​កងទ័ព​ជាតិ​យើង​"​។​

​សម្តេច​ហ៊ុនសែន បន្តថា "​ខ្ញុំ​សង្ឃឹមថា ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​ការលំបាក​នឹង​បាន​កាត់បន្ថយ​ការ​ចំណាយ​ទៅលើ​ប្រេងសាំង​បាន​មួយកម្រិត​។ ខ្ញុំ​ក៏​សូម​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ដល់​​កងទ័ព​ជាតិ​ទូទាំងប្រទេស និង​សូម​ជូនពរ​បាន​ជួបតែ​សេចក្តីសុខ​គ្រប់ពេល​ ​ជាពិសេស​នៅក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​"​។​

​សូម​រម្លឹកថា ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៩​តុលា សម្តេច​ហ៊ុនសែន ក៏បាន​លើកឡើង​ពី​បញ្ហា​ចុះថ្លៃ​ប្រេងសាំង និង​ការ​តម្លើង​ប្រាក់ខែ​កម្មករ​កាត់ដេរ ដោយ​សម្តេច​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​ប្រេង ព្រមទាំង​ថៅកែ​រោងចក្រ​កាត់ដេរ ផងដែរ។

សូមរម្លឹកថា ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ​ ១ សប្តាហ៍ ចាប់ពីថ្ងៃទី៩ តុលា ដល់ថ្ងៃទី១៥តុលា ក្រុមហ៊ុនប្រេងសាំង បានព្រមព្រៀងបញ្ចុះថ្លៃ ១០០ រៀល ក្នុងប្រេងសាំងមួយលីត្រ។ ពោលគឺ ចុះពី ៤០០០ រៀល សម្រាប់ប្រេងសាំងស៊ុបពែរ មកនៅត្រឹម ៣៩០០ រៀល ប្រេងសាំងធម្មតា ថ្លៃ ៣៧០០ រៀល និងប្រេងម៉ាស៊ូត ថ្លៃ ៣៥០០ រៀល។

ក៏ប៉ុន្តែតាមការ៉ាស់សាំងមួយចំនួន ដូចជា តេលា ជាដើម គឺលក់សាំងថោក​ជាងនេះ ដោយប្រេងសាំងស៊ុបពែរ នៅពេលភ្ជុំនេះ ថ្លៃ ៣៤០០ រៀល សាំងធម្មតា ៣២០០ រៀល និងប្រេងម៉ាស៊ូតថ្លៃ ៣០០០ រៀល។ រីឯការ៉ាស់សាំង LHR លក់ប្រេង​សាំង​ស៊ុបពែរ ថ្លៃ ៣២០០ រៀល សាំងធម្មតា ថ្លៃ ៣០០០ រៀល និងប្រេងម៉ាស៊ូត ថ្លៃត្រឹមតែ ២៨០០ រៀលប៉ុណ្ណោះ៕