ឡានក្រុង ឡើងថ្លៃ ខណៈដែល​អាជ្ញាធរ ចាត់ទុកថា នេះ​ជាទី​ផ្សារសេរី​!

ភ្នំពេញ: ឡានក្រុង​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​នានា បាន​ឡើងថ្លៃ ដោយ​មិន​ស្តាប់​ការអំពាវនាវ​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុនសែន និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ សោះឡើយ​។ តាម​គោលដៅ​និ​មួយៗ ឡានក្រុង បាន​ឡើងថ្លៃ​យ៉ាងហោចណាស់ ១០០០០ រៀល នៅ​ថ្ងៃទី​១០​តុលា​នេះ​។​

​ឡានក្រុង​របស់​ក្រុមហ៊ុន ភ្នំពេញ​-​សូរិយា ដឹកជញ្ជូន​អ្នកដំណើរ ពី​ភ្នំពេញ ទៅ​ខេត្តកំពង់ចាម នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៥ បាន​ឡើងថ្លៃ​ដល់ ២៨០០០ រៀល ក្នុង​ម្នាក់ ខណៈដែល​ថ្ងៃ​ធម្មតា ថ្លៃ​ត្រឹមតែ ១៧០០០ រៀល​ប៉ុណ្ណោះ​។​

​កាលពី​ថ្ងៃទី​២២​កញ្ញា សម្តេច​ហ៊ុនសែន បានប្រកាស​អំពាវនាវ​ផ្ទាល់មាត់ ស្នើ​កុំ​ឲ្យ​មានការ​ឡើងថ្លៃ​រថយន្ត​ក្រុង និង​រថយន្តឈ្នួល​ដឹក​អ្នកដំណើរ ក្នុងពេល​បុណ្យ​ភ្ជុំបិណ្ឌ ដែលជា​ទម្លាប់ ឲ្យ​តែ​ដល់ពេល​បុណ្យទាន ដែលមាន​អ្នកដំណើរ​ច្រើន ជិះឡាន​ឈ្នួល និង​ឡានក្រុង គឺ​ម្ចាស់​ឡានក្រុង និង​ឡាន​ឈ្នួល​ទាំងនោះ តែងតែ​ឡើងថ្លៃ​ស្រេច​តែ​ចិត្ត​។ រីឯ​អាជ្ញាធរ​សមត្ថកិច្ច​វិញ អះអាងថា ជាទី​ផ្សារសេរី មិនអាច​ទៅ​ហាមឃាត់​ឡាន មិន​ឲ្យ​ឡើងថ្លៃ​បាន​នោះទេ​។​

​កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥ សាលា​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង ស្តីពី ការរក្សា​តម្លៃ​ដឹកជញ្ជូន​អ្នកដំណើរ ទៅមក​ភ្នំពេញ តាម​បណ្តា​ខេត្ត ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណីជាតិ ដោយ​បង្ហាញថា សាលា​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត ដែល​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​អ្នកដំណើរ​ទៅមក​ភ្នំពេញ តាម​បណ្តា​ខេត្ត​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់ ឲ្យ​បាន​ជ្រាបថា ជា​រៀងរាល់ឆ្នាំ នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិ បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី​មួយចំនួន តែងតែ​ធ្វើដំណើរ​ទៅ​ស្រុក​កំណើត ដោយ​ជិះ​រថយន្តឈ្នួល និង​រថយន្ត BUS ហើយ​ក៏មាន​ប្រជាពលរដ្ឋ តែងតែ​ត្អូញត្អែរ​ថ្នាំងថ្នាក់ ចំពោះ​ការ​តម្លើង​ថ្លៃឈ្នួល​រថយន្ត ថ្លៃ​ហួសហេតុ ធ្វើ​ឲ្យ​បងប្អូន​មួយចំនួន​សុខចិត្ត​ជិះ​ប្រជ្រៀត​គ្នា លើស​ចំណុះ ឬ​ជិះ​លើដំបូល​រថយន្ត ដែល​ងាយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ជាយថាហេតុ តាមផ្លូវ​ធ្វើដំណើរ​។​

​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​បញ្ចៀស​បាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្តាលមកពី​ការផ្ទុក​លើស​ចំណុះ​នោះ សាលា​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត ដែល​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​អ្នកដំណើរ ទៅមក​ភ្នំពេញ តាម​បណ្តា​ខេត្ត​នានា ទាំងអស់ មេត្តា​កុំ​ដំឡើងថ្លៃ​ឈ្នួល​រថយន្ត នៅ​ក្នុងឱកាស​បុណ្យប្រពៃណី​ជាតិ​នេះ​។​

​សាលា​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់ថា ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត ដែល​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​អ្នកដំណើរ​ចូលរួម​អនុវត្ត តាម​ខ្លឹមសារ​ខាងលើ ប្រកបដោយ​ស្មារតី យោគយល់​អធ្យាស្រ័យ​៕​

ឡានក្រុង ឡើងថ្លៃ ខណៈដែល​អាជ្ញាធរ ចាត់ទុកថា នេះ​ជាទី​ផ្សារសេរី​!

ឡានក្រុង ឡើងថ្លៃ ខណៈដែល​អាជ្ញាធរ ចាត់ទុកថា នេះ​ជាទី​ផ្សារសេរី​!
សំបុត្រឡានឡើងថ្លៃ និងអ្នកដំណើរកកកុញនៅបេនឡាន ភ្នំពេញ សូរិយា នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ ( រូបភាពពីហ្វេសប៊ុកលោកញឹមសុខន )