ថៅកែ​ភាស៊ី​ផ្សារ​ព្រំ ខេត្ត​ប៉ៃលិន រង​ការរិះគន់​រឿង​យក​ផ្លូវ​សាធារណៈ​ទៅ​ប្រមូល​ផលប្រយោជន៍​ផ្ទាល់ខ្លួន​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្ត​ប៉ៃលិន បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​អ្នកស្រី ជិន សា​នឿ​ត អ្នកគ្រប់គ្រង​ចំណតរថយន្ត​ផ្សារ​ព្រំ ខេត្ត​ប៉ៃលិន ដែល​យក​ផ្លូវ​សាធារណៈ​ទៅ​ប្រមូល​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ចំណែក​អភិបាលស្រុក​សាលា​ក្រៅ លោក សំ សារ៉េត ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​បញ្ហា​នេះ បើទោះបី​ផ្លូវ​នៅ​ជុំវិញ​ផ្សារ​ព្រំ ត្រូវ​កកស្ទះ​ដោយសារ​ការចត​រថយន្ត​អនាធិបតេយ្យ​ក៏ដោយ​។ ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​នេះ​ជាបន្ទាន់ ព្រោះ​ផ្លូវ​សាធារណៈ​នៅ​ផ្សារ​ព្រំ ត្រូវបាន​អ្នកស្រី ជិន សា​នឿ​ត ប្រើប្រាស់​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា អ្នកម៉ៅការ​ចំណតរថយន្ត​ផ្សារ​ព្រំ ជិត​ច្រក​អន្តរជាតិ​ព្រំ បាន​យក​ផ្លូវ​សាធារណៈ​ធ្វើជា​ចំណតរថយន្ត ហើយ​យក​ភាស៊ី​លើសពី​តម្លៃ​ដែលមាន​កំណត់​ក្នុង​សៀវភៅ​បន្ទុក និង​បង្ក​ភាពអនាធិបតេយ្យ​យ៉ាង​ពេញបន្ទុក​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ផ្លូវ​សាធារណៈ​នៅមុខ​ផ្សារ​ព្រំ ត្រូវបាន​ក្រុម​អ្នករត់​តាក់ស៊ី​យក​រថយន្ត​មក​ចត​ត្រៀបត្រា ហើយ​រត់​ដណ្ដើម​គ្នា​ចាប់​ម៉ូយ​បង្ក​ឲ្យ​ស្ទះចរាចរណ៍ និង​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​។ ចំណែក​អ្នក​ម៉ៅ​ភាស៊ី​ផ្សារ​ព្រំ គិតគូរ​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​មិន​គិតពី​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះទេ​។ ការដែល​អ្នក​ម៉ៅ​ភាស៊ី​ផ្សារ​ព្រំ អាចធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺមាន​ការបើក​ដៃ​ពី​មន្ត្រី​អាជ្ញាធរ​ស្រុក​សាលា​ក្រៅ​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ អ្នករត់​តាក់ស៊ី​ដែល​ចាប់​ម៉ូយ​នៅ​ផ្សារ​ព្រំ បាន​ឲ្យ​ដឹងថា​ដោយសារតែ​គ្មាន​កន្លែង​ចត ទើប​ពួកគេ​យក​រថយន្ត​មក​ចត​លើផ្លូវ​សាធារណៈ​ដោយ​បង់លុយ​ឲ្យ​អ្នកគ្រប់គ្រង​ចំណតរថយន្ត ក្នុង​រថយន្ត​១​គ្រឿង​១០០០០​រៀល​។ ក្រុម​អ្នករត់​តាក់ស៊ី​បាន​ឲ្យ​ដឹង​ទៀតថា ចំណតរថយន្ត​ពីមុន​ត្រូវបាន​គេ​យកទៅ​សង់​ជា​តូប​លក់ដូរ​អស់​ទៅហើយ ដូច្នេះ​ពួកគាត់​មានតែ​ចត​លើផ្លូវ​សាធារណៈ ហើយ​ថា​អ្នក​ម៉ៅ​ភាស៊ី​ចំណតរថយន្ត គឺជា​អ្នកទទួលខុសត្រូវ​ក្នុង​រឿងនេះ​។ ប្រជាពលរដ្ឋ​អំពាវនាវ​ថា អាជ្ញាធរ​ស្រុក​សាលា​ក្រៅ មិនគួរ​បណ្ដោយ​ឲ្យ​អ្នកស្រី ជិន សា​នឿ​ត ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​ទេ ហើយ​ក្នុងនាម​ជា​អ្នក​ម៉ៅ​ភាស៊ី​ផ្សារ​ព្រំ គួរតែ​រក​ចំណតរថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​អ្នករ​តើ​តាក់ស៊ី​តែងតែ​បង់លុយ​តាម​ការកំណត់​មិនដែល​ខកខាន​នោះទេ​៕

001