​លោក សម រង្ស៊ី បញ្ជាក់ថា​ខ្មែរ​នឹង​បាន​សុខ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា​លោក សម រង្ស៊ី បាន​បញ្ជាក់ថា ខ្មែរ​ទាំងអស់គ្នា​នឹង​បាន​សុខ ហើយ​ប្រទេស​កម្ពុជា​នឹងមាន​ភាពរុងរឿង នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឈ្នះឆ្នោត ហើយ​មក​ដឹកនាំ​ប្រទេស តាមរបៀប​ប្រជាធិបតេយ្យ​សេរី​ពិតប្រាកដ​។ ការលើកឡើង​យ៉ាង​ដូច្នេះ​ដោយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវគេ​សង្កេតឃើញថា បន្ទាប់ពី​មាន​មជ្ឈដ្ឋាន​មួយចំនួន​តែងតែ​ឃោសនា​ថា​នៅពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ការបោះឆ្នោត​ប្រទេស​កម្ពុជា​អាច​នឹងមាន​សង្គ្រាម​កើតឡើង​។​

​ចំពោះមុខ​បញ្ហា​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា បាន​ពន្យល់​ឡើងវិញ​ទៅដល់​ប្រជាពលរដ្ឋ​ថាបើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ការបោះឆ្នោត​ហើយ​ទទួលបាន​អំណាច​ស្របច្បាប់​ទៅ​ដឹកនាំ​ប្រទេស នោះ​ប្រទេស​កម្ពុជា​នឹង​គ្មាន​សង្គ្រាម​កើតឡើង​ដូច​មជ្ឈដ្ឋាន​មួយចំនួន​បាន​អះអាង​នោះទេ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​យន្តការ និង​យុទ្ធសាស្ត្រ​ច្បាស់លាស់​ក្នុងការ​ដោះស្រាយ​ទាំង​បញ្ហា​ក្នុងប្រទេស ក្រៅប្រទេស ពិសេស​បញ្ហា​ជាមួយ​ប្រទេសជិតខាង​ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់​ជាតិ អន្តរជាតិ និង​សន្តិវិធី​។ លោក សម រង្ស៊ី បាន​បន្ថែមទៀតថា គណបក្ស​សង្គ្រោះ​ជាតិ តែង​ប្រកាន់​គោលការណ៍​មិន​យក​ប្រជាជន​ខ្មែរ​ណា​ធ្វើជា​សត្រូវ​នោះទេ​។ លើសពីនេះទៅទៀត ពាក់ព័ន្ធ​បញ្ហា​ជាមួយ​ប្រទេសជិតខាង​ពិសេស​បញ្ហា​ព្រំដែន និង​អធិបតេយ្យ​ជាតិ ជាដើម​ត្រូវបាន លោក សម រង្ស៊ី បញ្ជាក់ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះឆ្នោត នឹងធ្វើ​ការដោះស្រាយ​តាមផ្លូវ​ការទូត និង​ដោយ​សន្តិវិធី​ដោយ​ប្រើប្រាស់​ច្បាប់​អន្តរជាតិ​។​

ទន្ទឹមនឹងនេះ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​កម្ពុជា​បានលើកឡើង​ដែរ​ថា គោលជំហរ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ គឺ​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ប្រទេស​កម្ពុជា ចាក​ផុតពី​មហន្ដរាយ ចៀស​ផុតពី​សង្គ្រាម និង​ទុក្ខវេទនា ជាពិសេស​សូម​បង្កបង្កើនផល​ឲ្យ​បាន​ច្រើន​។ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ក៏បាន​បង្ហាញ​គោលជំហរ​នយោបាយ​ចង់​ឲ្យ​ប្រទេស​កម្ពុជា​ទទួលបាន ឯកភាព​ជាតិ​ពេញលេញ និង​រួមគ្នា​ដោះស្រាយ​បញ្ហា​ដោយ​សន្ដិវិធី ដើម្បី​ស្វែងរក​សេចក្ដីសុខ​ជូន​ពលរដ្ឋ និង​ប្រទេសជាតិ​៕

12088409_974127809310619_1598192123808409815_n