កិច្ច​ប្រឹងប្រែង​របស់​មន្ទីរ​បញ្ចកោណ​ដើម្បី​បណ្តុះបណ្តាល​ក្រុម​ប្រឆាំង​ស៊ីរី​ត្រូវ​បាន​ផ្អាក

កិច្ច​ប្រឹងប្រែង​របស់​មន្ទីរ​បញ្ចកោណ​ដើម្បី​បណ្តុះបណ្តាល​ក្រុម​ប្រឆាំង​ស៊ីរី​ត្រូវ​បាន​ផ្អាក

រូបភាព​នេះ​បង្ហាញ​ពី​ការ​ផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​ប្រទេស​ស៊ីរី​ ដែល​បង្ហោះ​កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ២០១៥។

រដ្ឋបាល​អូបាម៉ា​បាន​ «ផ្អាក» ​និង​ «កែ​សម្រួល​ជា​លំដាប់» ​នូវ​កម្មវិធី​មួយ​ដឹកនាំដោយ​មន្ទីរ​បញ្ចកោណ​ (ក្រសួង​ការពារ​ជាតិ) ​ស.រ.អា.​មាន​ទឹក​ប្រាក់​៥០០លាន​ដុល្លារ​ដើម្បី​ហ្វឹកហ្វឺន​និង​ផ្តល់​គ្រឿង​សម្ភារៈ​ឱ្យ​ដល់​ពួក​ឧទ្ទាម​ស៊ីរី​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម។

កិច្ចប្រតិបត្តិការ​នេះ​នឹង​ប្តូរ​ចេញ​ពី​ការ​ពិនិត្យ​ប្រវត្តិ​ពួក​ឧទ្ទាម​ស៊ីរី​មិន​និយម​ជ្រុល​និង​ហ្វឹកហ្វឺន​ពួកគេ​នៅ​ក្នុង​ប្រទេស​ហ្ស៊កដានី (Jordan) អារ៉ាប៊ី​សាអូឌីត (Saudi Arabia) កាតា (Qatar) និង​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម (United Arab Emirates)។

លោកស្រី ​Christine Wormuth ​អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ស.រ.អា.​ទទួល​បន្ទុក​ខាង​គោលនយោបាយ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​អ្នក​កាសែត​នៅ​ក្នុង​សន្និសីទ​តាម​ទូរស័ព្ទ​ថា​ «នៅ​ពេល​នេះ​យើង​នឹង​ផ្អាក​កិច្ចប្រតិបត្តិការ​នេះ​សិន​ក៏ប៉ុន្តែ​ប្រហែល​នឹង​មាន​ឱកាស​មួយ​ក្នុង​ពេល​អនាគត​ដែល​នៅ​ទីនោះ​ស្ថានការណ៍​នៅ​នឹង​កន្លែង​នឹង​មាន​ផល​ល្អ​ជាង​មុន»។

បើ​តាម​ក្រុម​មន្ត្រី​សេតវិមាន​ កម្មវិធី​នេះ​នឹង​ផ្តល់​ការ​គាំទ្រ​តាម​អាកាស គ្រឿង​ឧបករណ៍​ជា​មូលដ្ឋាន ​និង​ការ​ហ្វឹកហ្វឺន​ដល់​ក្រុម​មេដឹកនាំ​ប្រឆាំង​ដែល​ត្រូវ​បាន​ពិនិត្យ​ប្រវត្តិ​រួច​ស្រេច​ហើយ។

លោកស្រី​ Wormuth បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្នុង​សន្និសីទ​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃសុក្រ​ថា «យើង​នឹង​ពិនិត្យ​មើល​ប្រវត្តិ​មេដឹកនាំ​ដែល​ប្រឆាំង​នឹង​យុទ្ធជន​ជា​បុគ្គល​នីមួយៗ»។

មន្ទីរ​បញ្ចកោណ​នឹង​ប្រើប្រាស់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​តូច​មួយ​ក្នុង​ប្រទេស​តួកគី​ដើម្បី​បង្រៀន​ជំនាញ​នានា​ដល់​ក្រុម​មេដឹកនាំ​ទាំង​នេះ​ដោយ​មាន​រួម​បញ្ចូល​អំពី​ការ​ធ្វើ​បែប​ណា​ដើម្បី​ហៅ​ជំនួយ​តាម​អាកាស។​ មន្ទីរ​នេះ​ក៏​នឹង​ផ្តល់​គ្រឿង​ឧបករណ៍​ល្អ​ប្រសើរ​ជាង​មុនឱ្យ​ដល់​កង​ឯកភាព​នៅ​នឹង​កន្លែង​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម៕