ជិះ​ម៉ូតូ MSX ចុះ​ពី​ស្ពាន​លឿន​ពេក ជ្រុល​បុក​បង្កាន់ដៃ ស្លាប់​១ របួសធ្ងន់​២

រាជធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​​​ស្លាប់​ភ្លាម​ៗ​​នៅ​នឹង​កន្លែង ​និង​​២​នាក់​ទៀត​​រង​របួសធ្ងន់​​សល់​តែដង្ហើមចង្រិត ​បន្ទាប់​ពួក​គេ​ជិះ​ម៉ូតូ​​ម៉ាក​MSX ​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន ​ចុះ​ពីលើ​​ស្ពានរេចង្កូត​ជ្រុល​ទៅ​បុក​​​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​​​យ៉ាង​​ពេញទំហឹង កាលពី​វេលា​​ម៉ោង១១ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ ​តុលា ​២០១៥ ស្ថិតនៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​​សង្កាត់​បឹង​​សាឡា​ង ខណ្ឌទួលគោក​ ។

ប្រភពបានឱ្យ​ដឹងថា ជនរងគ្រោះ​ទាំង​៣​នាក់​ខាងលើ ​សមត្ថកិច្ច​នៅ​មិន​ទាន់​​អាច​បញ្ជាក់ថា​ ឈ្មោះ​អ្វី​នៅឡើយ​ទេ ។ ​ដោយ​​មុន​ពេល​​កើតហេតុ​ គេ​​ឃើញ​យុវជន​៣​នាក់​ជិះ​ម៉ូតូ MSX មួយ​គ្រឿង ពណ៌​.ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FB-1510  ដោយ​ជិះ​ចុះ​​ពីលើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុដោយសារ​តែ​ល្បឿន​លឿន បាន​រេចង្កូត​ជ្រុល​ទៅ​បុក​និង​បង្កាន់ដៃស្ពាន​​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​​យុវជន​ដែល​​កាន់​ច​ង្កួ​ត​ហោះ​ទៅ​បុក ​និង​បង្កាន់ដៃស្ពាន​បណ្តាលឱ្យ​​ស្លាប់​ភ្លាម​ៗ នៅ​និង​កន្លែង ។ ​រីឯ​ចំណែកឯ​យុវជន​២​នាក់​ទៀត​​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​រថយន្ត​សា​មុ​យ​ដឹក​យក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។