អ្នកដំណើរ​ត្អូញត្អែរ​ថា រថយន្តឈ្នួល​ដំឡើង​ថ្លៃ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ

អ្នកដំណើរ​ត្អូញត្អែរ​ថា រថយន្តឈ្នួល​ដំឡើង​ថ្លៃ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ

រាជធានី​ភ្នំពេញ ៖ ក្រឡេក​មើលចុះ នេះ​ហើយ​សេវាកម្ម​ដឹក​ជញ្ជូន​អ្នកដំណើរ​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​តាម​បណ្តា​ខេត្ត​នានា ។ រថយន្ត​មួយ​ៗ​ផ្ទុក​មនុស្ស មហា​ផ្ទុក ធ្វើ​ម៉េច​ឱ្យ​តែ​ជិះ​បាន ឱ្យ​តែ​តោង​ជាប់​ទាំង​លើដំបូល ក៏​ដូច​ជា​កន្លែង​ត​កន្ទុយ​រថយន្ត ។

ចំណែក​ច្បាប់​ចរាចរ ពេល​នេះ​ទុក​ចោល​កៀនជញ្ជាំង​សិន​ហើយ ។ រីឯ​នគរបាល​ចរាចរ ពេល​នេះ​សុំ​បិទ​ភ្នែក​ដែរ មិន​អាច​យក​ច្បាប់​ទៅ​អនុវត្ត​បាន​ឡើយ មាន​តែ​ធ្មេចភ្នែក​ប៉ុណ្ណោះ ។ ចាំ​ដល់​មាន​ហានិភ័យ​ណាមួយ​កើតឡើង ចាំ​គិត​ទៀត ។

ប្រជាពលរដ្ឋ ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​តាម​ខេត្ត​នានា បាន​នាំ​គ្នា​ត្អួ​ញ​ត្អែ​រ​អំពី​ក្រុមហ៊ុន​រថយន្ដក្រុង និង​រថយន្តឈ្នួល បាន​ដំឡើង​ថ្លៃ​សំបុត្រ​ជិត​ពាក់កណ្តាល​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ខណៈ​ដែល​ពួក​គាត់​ត្រូវ​ចំណាយ​ច្រើន​ទៅ​លើ​ថ្លៃ​សេវា​ធ្វើ​ដំណើរ​និង​ទិញ​សម្ភារ​ផ្សេង​ៗ​ជូន​ដូនតា ចាស់ទុំ ។

យុវជន​ស៊ី​ណា ជា​និស្សិត​រៀន​នៅ​ភ្នំពេញ ដែល​តម្រូវ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ជួប​បងប្អូន​ដូនតា ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​នេះ បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ តុលា ថា នៅ​ពេល​គាត់​ទិញ​សំបុត្រ​ទៅ​ខេត្តស្ទឹងត្រែង តម្លៃ​សំបុត្រ​រថយន្តក្រុង​បាន​ឡើងថ្លៃ​ហួស​ពី​ការ​គិត រហូត​ដល់​ជិត​៧​ម៉ឺន​រៀល បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​ធម្មតា​មាន​តម្លៃ​ត្រឹមតែ​៤៥.០០០​រៀល​ប៉ុណ្ណោះ ។ ស៊ី​ណា បន្ត​ថា សម្រាប់​ខេត្ត​ឆ្ងាយ​ៗ ក្រុមហ៊ុន​ឡានក្រុង​បាន​ដំឡើង​ថ្លៃ​កាន់តែ​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​បងប្អូន​ដែល​ពួក​គាត់​ទៅ​លេង​ស្រុក​កំណើត​នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ។

យុវជន​ស៊ី​ណា បាន​អំពាវនាវ សូម​ឲ្យ​តម្លៃ​ឡាន​ទាំង​ក្រុមហ៊ុន ក៏​ដូច​រថយន្តឈ្នួល​ទាំងអស់​នៅ​ក្នុង​រដូវ​ភ្ជុំ​នេះ​មេត្តា​ធ្វើបុណ្យ​តាម​រយៈ​ការ​បញ្ចុះតម្លៃ​ឲ្យ​ថោក​បន្តិច​ទៅ​ងាយ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទៅ​លេង​ស្រុក​កំណើត បាន​ជួបជុំ​បងប្អូន ជីដូន​ជីតា កុងម៉ា ព្រោះ​មួយ​ឆ្នាំ​មាន​តែ​ម្តង​ទេ ។

តំណាង​ក្រុមហ៊ុន​ភ្នំពេញ​សុរិយា​ដឹក​អ្នកដំណើរ​បាន​ទទួលស្គាល់​ថា  ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​នេះ​ក្រុមហ៊ុន​របស់​លោក ពិតជា​បាន​ឡើងថ្លៃ​បន្តិចបន្តួច​មែន ចន្លោះ​ពី​៣០​ទៅ​៤០​ភាគរយ​ពិតមែន ដើម្បី​យក​ថវិកា​ទៅ​ឲ្យ​បុគ្គលិក​ធ្វើការ​ថ្ងៃ​ឈប់​សម្រាក និង​ចេញថ្លៃ​ខាត​ពេល​គ្មាន​អ្នក​ជិះ​ពី​ខេត្ត​មក​ភ្នំពេញ​វិញ ។

ចំណែក​ខាង​ក្រុមហ៊ុន​វិ​រៈ​ប៊ុ​ន​ថាំ​អេ​ច​ប្រេស​វិញ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​លោក​មិន​បាន​ឡើងថ្លៃ​ដូច​ក្រុម​ហ៊ុ​នានា​ទេ គឺ​រក្សា​តម្លៃ​ដូច​ថ្ងៃ​ធម្មតា ដោយ​ក្រុមហ៊ុន​មិន​ឆ្លៀតឱកាស​ដើម្បី​កេង​ចំណេញ​ពី​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ឡើយ ព្រោះ​ក្រុមហ៊ុន​មិន​មាន​គោលការណ៍​ដំឡើង​ទេ ។

សូម​បញ្ជាក់​ថា យោង​តាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៨ តុលា​២០១៥ ដែល​កោះសន្តិ ភាព​ទទួល​បាន​ស្តី​ពី​ការ​រក្សា​តម្លៃ​ដឹក​ជញ្ជូន​អ្នកដំណើរ​ទៅ​មក​ភ្នំពេញ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ ។
សេចក្តីជូនដំណឹង​នោះ​បាន​ចែង​ថា សាលា​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ដល់​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត​ដែល​ប្រកប​អាជីវកម្ម​ដឹក​ជញ្ជូន​អ្នកដំណើរ​ទៅ​មក​ភ្នំពេញ​តាម​បណ្តា​ខេត្ត​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា ជា​រៀង​រាល់​ឆ្នាំ​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ បងប្អូន​ប្រជាពលរដ្ឋ​កម្មករ កម្មការិនី​មួយ​ចំនួន តែងតែ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ដោយ​ជិះ​រថយន្តឈ្នួល និង​រថយន្ត Bus ។

កន្លង​មក​មាន​ប្រជាពលរដ្ឋ តែងតែ​ត្អូញត្អែរ និង​ថ្នាំងថ្នាក់ ចំពោះ​ការ​តម្លើង​ថ្លៃ​ឈ្នួល​រថយន្ត​ខ្លាំង​ហួសហេតុ ធ្វើ​ឲ្យ​បងប្អូន​មួយ​ចំនួន​សុខចិត្ត​ជិះ​ប្រជ្រៀត​គ្នា​លើស​ចំណុះ ឬ​ជិះ​លើដំបូល​រថយន្ត ដែល​ងាយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ។ ដូច្នេះ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​និង​បញ្ជៀ​ស នូវ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្តាល​មក​ពី​ផ្ទុក​លើស​ចំណុះ​នោះ សាលា​រាជធានី​ភ្នំពេញ​សូម​អំពាវ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត ដែល​ប្រកប​អាជីវកម្ម​ដឹក​ជ​ញ្ចូ​ន​អ្នកដំណើរ​ទៅ​មក​ភ្នំពេញ តាម​បណ្តា​ខេត្ត​នានា​ទាំងអស់​មេត្តា​កុំ​ដំឡើង​ថ្លៃ​ឈ្នួល​រថយន្ត​ក្នុង​ឱកាស​បុណ្យប្រពៃ ណី​ជាតិ​នេះ​។

គួរ​រំឭក​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើការ​អំពាវនាវ​ដល់​ម្ចាស់​រថយន្ត ក្រុង និង​រថយន្ត​ឈ្នូ​ល​ទាំងអស់ សូម កុំ​ដំឡើង​ថ្លៃ​ឈ្នួល​រថយន្ត ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត តាម​បណ្តា​ខេត្ត​នានា ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​បាន​ដោយ​ស្រួល​ផង ។ប៉ុន្តែ​តាម​ការ​កត់សម្គាល់ សេចក្តី​អំពាវ​ទាំងឡាយ​នោះ មិន​មាន​ប្រសិទ្ធភាព​អនុវត្តន៍​ទេ ។ រថយន្ត​នៅ​តែ​ឡើងថ្លៃ ការ​ជិះ​លើស​ចំណុះ​ផ្ទុក ឬ​ការ​ជិះ​អនាធិបតេយ្យ​លើដំបូល ជិះ​ត​.​កន្ទុយ​ពីក្រោយ នៅ​តែ​មាន​ដដែល ។ ចង់​ជិះ​កន្លែង​ណា ជិះ​ទៅ ឱ្យ​តែ​តោង​ជាប់ ឱ្យ​តែ​បាន​នៅ​លើ​រថ យន្ត៕ 

ផ្តល់​សិទ្ធិ​ដោយ ៖ កោះសន្តិភាព