បំភ្លឺ​សាធារណ​មតិ រាជរដ្ឋាភិបាល​ចោទ​លោក អ៊ុំ សំ​អាន ថា កំពុង​បន្ត​ចិញ្ចឹម​ឧបាយកល​ទុច្ចរិត

រាជធានី​ភ្នំពេញ ៖ មន្ត្រី​កិច្ចការ​ព្រំដែន​របស់​រាជរដ្ឋាភិបាល នៅ​បន្ត​ភាព​ស្ងៀមស្ងាត់​នៅឡើយ​ទេ ចំពោះ​ការ​ប្រកាស​របស់​លោក អ៊ុំ សំ​អាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ថា​បាន​រក​ឃើញ​ផែនទី​បោ​ន​ខ្នាត​១/១០០.០០០ នៅ​អង្គការសហប្រជាជាតិ ។ ទោះបីជា​បែប​ណា អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ចាត់​ទុក​ថា នេះ​គឺជា​ការ​បង្ក​ឧបាយកល​ទុច្ចរិត និង​បំពុលបរិយាកាស​ពី​បញ្ហា​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី ។

កាលពី​ថ្ងៃ​ទី​៧ តុលា លោក អ៊ុំ សំ​អាន ថ្លែងប្រាប់​វិទ្យុ​អា​ស៊ី​សេរី​ថា លោក​បាន​រក​ឃើញ​ផែនទី​បោ​ន​ខ្នាត​១/១០០.០០០ ខុស​ពី​អ្វី​ដែល​រាជរដ្ឋាភិបាល​ធ្លាប់​ផ្ទៀងផ្ទាត់ គឺ​ខ្នាត​យូ​ធី​អឹ​ម (UTM) ១/១០០.០០០ ដែល​ធ្លាប់​សុំ​ខ្ចី​ពី​អង្គការសហប្រជាជាតិ ។

លោក អ៊ុំ សំ​អាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពេល​នេះ​កំពុង​មាន​វត្ត​មាននៅ​សហរដ្ឋអាមេរិក បានឱ្យ​ដឹង​តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អា​ស៊ី​សេរី កាលពី​ថ្ងៃ​ទី​៧ តុលា​ថា លោក​បាន​រក​ឃើញ​ផែនទី​បោ​ន​ខ្នាត ១/១០០.០០០ ដែល​កំពុង​តម្កល់​ទុក​នៅ​អង្គការសហប្រជាជាតិ ។ លោក​អះអាង​ថា ផែនទី​ដែល​រក​ឃើញ​នេះ ប្រហែលជា​មិន​ដូច​ផែនទី​ដែល​រាជរដ្ឋាភិបាល​ផ្ទៀត​ផ្ទាត់​នោះ​ទេ ។ លោក អ៊ុំ សំ​អាន ទទូច​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ដាក់​សំណើ​ជា​ថ្មី​ឡើង​វិញ ដើម្បី​សុំ​ខ្ចី​ផែនទី​ពី​អង្គការសហប្រជាជាតិ យក​មក​ពិនិត្យ​ម្តងទៀត ។ ជាង​នេះ​ទៅ​ទៀត លោក​យល់​ឃើញ​ថា ផែនទី​ដែល​លោក​ទើបតែ​រក​ឃើញ​នេះ គឺ​ស៊ីគ្នា​នឹង​រដ្ឋធម្មនុញ្ញ​មាត្រា​២ ដែល​ធានា​ពី​អធិបតេយ្យភាព​របស់​កម្ពុជា ។

លោក​បន្ត​ថា «​ខ្ញុំ​សូម​អំពាវនាវ​ទៅ​រាជរដ្ឋាភិបាល សុំ​ស្នើ​ទៅ​លោក បាន គី​មូ​ន ម្តងទៀត ដើម្បី​សុំ​ខ្ចី​ផែនទី​នោះ​មក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​រាជរដ្ឋាភិបាល ហើយ​ត្រូវ​ប្រើ​ផែនទី​ដែល​តម្កល់​នៅ​អង្គការសហប្រជាជាតិ ទោះបី​ដូច​ឬ​មិន​ដូច​គ្នា​ក្តី​» ។

មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា បូរណភាព​ទឹកដី​របស់​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-១៩៣៥ ហើយ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩ ។

កាលពី​ថ្ងៃ​ទី​២០ សីហា រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្ទៀងផ្ទាត់​ផែនទី ដែល​ទទួល​បាន​ពី​អង្គការសហប្រជាជាតិ​ចំនួន​១៨​ផ្ទាំង ដើម្បី​ពិនិត្យ​ជាមួយ​ផែនទី​ដែល​រាជរដ្ឋាភិបាល​មាន និង​កំពុង​ប្រើប្រាស់​ក្នុង​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម ។ បើ​ទោះជា​បែប​ណា លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ពន្យល់​ថា ផែនទី​ដែល​បាន​បញ្ជូន​មកនេះ គឺ​ពុំ​ដូច​ផែនទី​ដែល​រដ្ឋាភិបាល​ចង់បាន​នោះ​ទេ ។

លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ត្រូវ​បាន​ដកស្រង់​សម្តី​ថា ប្រសិនបើ​ផែនទី​ដែល លោក អ៊ុំ សំ​អាន រក​ឃើញ គឺជា​ផែនទី​ពិត​នោះ អ្នក​ដែល​មាន​កំហុស គឺ​អង្គការសហប្រជាជាតិ ។ ផ្ទុយ​ទៅ​វិញ ក្នុង​ករណី​អ្នកតំណាង​រាស្ត្រ​បក្ស​ជំទាស់​និយាយ​មិន​ពិត​ទេ គឺ​ប្រហែលជា​អាច​បង្ក​ទៅ​ជា​ជម្លោះ​ទៅ​វិញ​ក្នុង​រឿង​ព្រំដែន​នេះ ។ លោក​បន្ត​ថា «​អ៊ី​ចឹ​ង​បើសិនជា​អង្គការសហប្រជាជាតិ យើង​សុំ​ហើយ គេ​ឲ្យ អាហ្នឹង​ហើយ ស្រាប់តែ​នៅ​មាន​អានោះ​ទៀត អី​ចឹ​ង​អ្នក​ខុស គឺ​អង្គការសហប្រជាជាតិ ។ នៅ​ត្រង់​ចំណុច​នេះ យើង​គិត​ចេញ​ជា​ពីរ​ទៀត ទី​១-​បើ​លោក អ៊ុំ សំ​អាន ពិតជា​រក​ឃើញ​មែន អង្គការសហប្រជាជាតិ​ជា​អ្នក​ទទួលខុស​មែនទែន ប៉ុន្តែ​ទី​២-​បើ​ឥត​មាន​ទេ គឺ​លោក អ៊ុំ សំ​អាន ភូត​ប្រជាពលរដ្ឋ និង​ធ្វើ​ឲ្យ​អង្គការសហប្រជាជាតិ ក្លាយជា​ដៃគូ​សត្រូវ​នឹង​គ្នា​» ។

លោក អ៊ុំ សំ​អាន បញ្ជាក់​ថា លោក​បាន​រក​ឃើញ​ផែនទី​បោ​ន​ខ្នាត​១/១០០.០០០​ដែល​ត្រូវ​បាន​ដាក់​តម្កល់​នៅ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​១៩៥៤ គឺ​រយៈពេល​ជិត​បី​ខែ​ក្រោយ​ពី​សន្និសីទ​ក្រុង​ហ្សឺ​ណែវ (Geneva) កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​ដដែល​ស្តី​ពី​ឯករាជ​ភាព និង​បូរណភាព​ទឹកដី​ឥណ្ឌូចិន ដែល​មាន​កម្ពុជា វៀតណាម និង​ឡាវ ។

ជុំវិញ​រឿង​នេះ លោក អ៊ុំ សំ​អាន លើក​ឡើង​ថា លោក​នឹង​មិន​បញ្ជូន​ឯកសារ​ផែនទី​ដែល​លោក​រក​ឃើញ​ពី​បណ្ណាល័យ​អង្គការសហប្រជាជាតិ​ដោយ​ផ្ទាល់​ទេ ព្រោះ​ដើម្បី​ចៀសវាង​ការ​ចោទប្រកាន់​ថា​បង្ក​បញ្ហា ។ បន្ថែម​លើ​នេះ លោក​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​សុំ​ខ្ចី​ដោយ​ផ្ទាល់​ពី​អង្គការសហប្រជាជាតិ​វិញ ។

នៅ​ក្នុង​សេចក្តី​បំភ្លឺ​ដែល​ត្រូវ​បាន​ប្រកាស​ឆ្លើយ​តប​កាលពី​ថ្ងៃ​ទី​៨ តុលា របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ចាត់​ទុក​ថា នេះ​ជា​ទ​ង្វើ​ដ៏​គឃ្លើន​ឥត​ឈប់​របស់​លោក អ៊ុំ សំ​អាន ដែល​ញុះញង់​បង្ក​នូវ​អ​ស្ថិរភាព​សង្គម និង​អសន្តិសុខ ។