អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ពង្រឹង​សន្តិសុខ​​និង​សេវាកម្ម​ទេសចរណ៍​ជូន​​ពលរដ្ឋ​​ពេល​បុណ្យ​ភ្ជុំ

ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ និង​វិស័យ​ឯកជន បាន​សហការ​គ្នា​ពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍ និង​រក្សា​ការពារ​សន្តិសុខ​ជូន​ភ្ញៀវទេសចរ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ។

មន្ត្រី​ដឹកនាំ​ស្ថាប័ន​កងរាជអាវុធហត្ថ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ អះអាង​ថា បាន​ពង្រាយ​កម្លាំង​ការពារ​សន្តិសុខ​នៅ​គ្រប់​ច្រកល្ហក តាម​វត្ត​អារាម និង​ទីកន្លែង​កម្សាន្ត​ទាំង​យប់​ថ្ងៃ ដើម្បី​រក្សា​សុវត្ថិភាព​ឲ្យ​ភ្ញៀវទេសចរ ឬ​ពលរដ្ឋ មាន​ការ​រីករាយ​នៅ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក នូ សុផល មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​នេះ បាន​បើក​កិច្ច​ប្រជុំ​ជា​បន្ទាន់​មួយ ដោយ​មាន​ការ​ចូលរួម​ពី​ប្រតិបត្តិករ​ទេសចរណ៍ និង​មន្ត្រី​ជំនាញ​ស្ថាប័ន​ប្រដាប់​អាវុធ ដើម្បី​រួមគ្នា​សហការ​ពង្រឹង​គុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍ ការ​ទទួល​បដិសណ្ឋារកិច្ច ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ភ្ញៀវទេសចរ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ។ កិច្ច​ប្រជុំ​នេះ ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​៩ ខែ​តុលា នា​សាលាខេត្ត​ព្រះសីហនុ។

ថ្លែង​នៅ​ចំពោះ​មុខ​ប្រតិបត្តិករ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ លោក នូ សុផល បាន​ណែនាំ និង​សំណូម​ដល់​អាជីវករ​ស្នើ​កុំ​ឲ្យ​ដំឡើង​តម្លៃ​សេវាកម្ម​ទេសចរណ៍​ខ្ពស់​ហួសហេតុ ឬ​អាច​រក្សា​តម្លៃ​ថេរ​ដូច​ថ្ងៃ​ធម្មតា ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ បាន​ច្រើន និង​មាន​ភាព​រីករាយ​ក្នុង​ពិធីបុណ្យ​ភ្ជុំ៖ «ប្រតិបត្តិករ​ទេសចរណ៍​ទាំង​អស់​ត្រូវ​សំអាត​អនាម័យ​ទាំង​ក្នុង​និង​ក្រៅ មាន​បន្ទប់​ទឹក​ជាដើម នៅ​តាម​ទីតាំង​រៀងៗ​ខ្លួន​ឲ្យ​បាន​ល្អ។ ត្រូវ​វេច​ខ្ចប់​កាកសំណល់ ឬ​សំរាម​ទុក​ដាក់​ក្នុង​ធុង​ឲ្យ​មា​របៀបរៀបរយ ហើយ​ត្រូវ​ចូលរួម​សហការ​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ត្រូវ​កំណត់​តម្លៃ​សេវា​បម្រើ​របស់​ខ្លួន​ឲ្យ​បាន​សមរម្យ ដើម្បី​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន​នៅ​ក្នុង​ពិធីបុណ្យ​ភ្ជុំ ឬ​បុណ្យ​ជាតិ​ធំៗ​នៅ​ថ្ងៃ​ខាង​មុខ​ទៀត»

កិច្ចប្រជុំ​ដែល​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ស្ថាប័ន​ប៉ូលិស និង​កងរាជអាវុធហត្ថ​ចូលរួម តំណាង​ស្ថាប័ន​នីមួយៗ ក៏​បាន​លើកឡើង​ពី​ការ​ពង្រឹង​ការ​ការពារ​សន្តិសុខ​ជូន​ភ្ញៀវ​ទេសចរ ឬ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ពិធីបុណ្យ​ភ្ជុំ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ មាន​ប្រសាសន៍​ថា បាន​បែងចែក​ការងារ​ប្រចាំការ​រួច​ជា​ស្រេច​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​តាម​កន្លែង​កម្សាន្ត ឬ​វត្ត​អារាម​ជាដើម ដើម្បី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ពលរដ្ឋ ឬ​ភ្ញៀវទេសចរ​ក្នុង​ពិធីបុណ្យ​ភ្ជុំ​ឲ្យ​មាន​ភាព​រីករាយ។

លោក ជួន ណារិន្ទ បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ និង​ប្រតិបត្តិករ​ទេសចរណ៍​ទាំង​អស់ ត្រូវ​ចូលរួម​សហការ​ជាមួយ​កម្លាំង​នគរបាល ឬ​កងរាជអាវុធហត្ថ ដើម្បី​ឈាន​ដល់​រក្សា​ការពារ​សន្តិសុខ ឬ​បញ្ចៀស​ការ​កក​ស្ទះ​ឲ្យ​មាន​សុវត្ថិភាព​ល្អ៖ «យើង​បាន​រៀបចំ​កម្លាំង​ក្រោម​ឱវាទ​នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ ទាំង​អស់ ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ ឬ​ពលរដ្ឋ​នៅ​តាម​រមណីយដ្ឋាន តាម​វត្តអារាម ឬ​តាម​ឆ្នេរ​ជាដើម គ្រប់​ទីតាំង​ទាំង​យប់​ថ្ងៃ។ ក្នុង​នោះ​យើង​បាន​រៀប​កម្លាំង​អន្តរាគមន៍​ពេល​មាន​ហេតុការណ៍​កើត​ឡើង​ជាក់ស្ដែង។ ពង្រាយ​កម្លាំង​សម្រាប់​សម្រួល​ចរាចរណ៍ និង​ពង្រាយ​កម្លាំង​នៅ​តាម​ទី​អារាម​រង់ចាំ​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ ឬ​ភ្ញៀវ​ជាតិ គឺ​បាន​ពង្រឹង​កម្លាំង ១០០​ភាគរយ»

​ទាក់ទិន​បញ្ហា​នេះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​សំណូមពរ​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ចំពោះ​មុខ​ប្រតិបត្តិករ​ទេសចរណ៍ ល្ងាច​ថ្ងៃ​សុក្រ ទី​៩ ខែ​តុលា ដោយ​ស្នើ​ឲ្យ​អ្នករក​របរ​ទទួលទាន​ពិចារណា​ទៅ​លើ​ការ​កំណត់​តម្លៃ​សេវាកម្ម​របស់​ខ្លួន​ឲ្យ​បាន​សមរម្យ។ លោក​ថា បើ​តម្លៃ​សេវា​ស្នាក់​នៅ ឬ​ចំណី​អាហារ​ហូបចុក មាន​តម្លៃ​សមរម្យ អាច​ជំរុញ​ឲ្យ​មាន​ភ្ញៀវទេសចរ​ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ កើន​ច្រើន​ពី ១​ឆ្នាំ ទៅ ១​ឆ្នាំ ហើយ​ប្រាក់​ចំណូល​ក៏​ចូល​ច្រើន​តាម​នោះ​ដែរ៖ «ការ​លក់​ដូរ ឬ​សេវា​បម្រើ ស្នើ​សូម​បងប្អូន​ប្រតិបត្តិករ​ទេសចរណ៍​ទាំង​អស់​ស្នើ​កុំ​ដំឡើង​តម្លៃ​សេវាកម្ម​របស់​ខ្លួន​នៅ​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ខ្ពស់​ហួសហេតុ​ពេក ដែល​នាំ​ឲ្យ​ភ្ញៀវ​មិន​សប្បាយចិត្ត ឬ​មាន​អារម្មណ៍​មិន​រីករាយ​ពេល​បុណ្យ​ភ្ជុំ»

​ទោះជា​បែប​នេះ​ក្តី គេ​សង្កេត​ឃើញ​ថា នៅ​ពេល​មាន​ពិធីបុណ្យ​ជាតិ​ធំៗ​ដូចជា​បុណ្យ​ចូល​ឆ្នាំ បុណ្យ​ភ្ជុំ ឬ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ជាដើម តម្លៃ​សេវាកម្ម​ទេសចរណ៍​ខេត្ត​ព្រះសីហនុ មាន​ដូចជា​សេវា​ស្នាក់នៅ និង​ចំណី​អាហារ​ជាដើម ត្រូវ​ម្ចាស់​អាជីវកម្ម​ដំឡើង​ថ្លៃ​ខ្ពស់​ជាង​ថ្ងៃ​ធម្មតា​មួយ​ទ្វេ​ជា ៣ ឬ​ច្រើន​ជាង​នេះ។ បញ្ហា​នេះ បាន​នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ ឬ​មន្ត្រី​រាជការ​មាន​ប្រាក់​ចំណូល​តិចតួច។ ជាង​នេះ ក៏​មាន​ពលរដ្ឋ​ខ្លះ​មិន​ហ៊ាន​នាំ​ក្រុម​គ្រួសារ​មក​កម្សាន្ត​ខេត្ត​ជាប់​សមុទ្រ​នេះ​ទេ​ពេល​មានបុណ្យ​ទាន​ម្តងៗ ព្រោះ​គ្មាន​ប្រាក់​ចំណាយ​ទៅ​លើ​អាហារ ឬ​ការ​ស្នាក់នៅ ដែល​ប្រតិបត្តិករ​ទេសចរណ៍​ដំឡើង​តម្លៃ​ខ្ពស់​កប់​ពពក​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។