បុណ្យភ្ជុំបិណ្ឌ៖ ពិធីសាសនាព្រះពុទ្ធ

បុណ្យ ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោម ពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាស នា។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដាន ទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ នៅស្រុកកណើត ដើម្បី រៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយ ដែលគេនិយមធ្វើតៗគ្នារបស់ជនជាតិខ្មែរជាយូរមកហើយ។

ប្រវត្តិបុណ្យភ្ជុំបិណ្ឌ

បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណ កាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែង ចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាម ថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់ នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំ។

មូលហេតុ ដែលប្រារព្ធពិធីបុណ្យភ្ជុំ

កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សា ក្នុងវត្តរយៈពេល ៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា  ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរ  (ដើរ) បិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើង ដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួក ប្រេតជន ញាតិ និងញាតិទាំង ៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាព នៃសង្ឃគតា ទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លាន ទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ។

រដូវបុណ្យភ្ជុំបិណ្ឌ

ចាប់តាំងពីសម័យបុរាណកាលរហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌនេះ គេតែងតែប្រារព្ធនៅក្នុងរដូវវស្សា  ព្រោះនៅក្នុងរដូវនេះពពួកប្រេតអាចមានឱកាសច្រើនក្នុងការស្វែងរក ចំណីអាហារ ជាងរដូវផ្សេងៗទាំងអស់។  ម្យ៉ាងវិញទៀតនៅក្នុងវស្សានរដូវ អាហាររបស់ពួកប្រេត ដូចជាភក់ជ្រាំ ស្លេស្ម៍ កំហាក សាកសព និងកាកសំណល់ អសោចិ៍ សម្បូរនៅក្នុងខែភ្លៀងផ្គរពព្រិច។ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃនេះ មានពពួកប្រេតជន (ពួក ប្រេត) សាច់ញាតិទាំងប្រាំពីរសណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្ប ដែលអត់ឃ្លានអាហារអស់រយៈពេលជា ច្រើនខែមកហើយនោះ ត្រូវបានរួចផុតពីការឃុំឃាំងអនុញ្ញាតឲ្យមកស្វែងរកសាច់ញាតិនៅតាមវត្តអារាមផ្សេងៗ  ដែលនាំយកចំណីអាហារផ្សេងៗ មកឧទ្ទិសកុសលឲ្យខ្លួន។ ម្យ៉ាងវិញទៀត បើតាមសម្ដីចាស់ៗបុរាណនិយាយតៗ គ្នាថា ក្នុងរយៈពេល១៥ថ្ងៃ បើពពួកប្រេតជនទាំងអស់នោះដើរស្វែងរកញាតិចំនួន៧វត្ត នៅតែមិនឃើញនោះ  ពពួកប្រេតទាំងអស់នោះនឹងស្រែកយំទន្ទ្រាំជើង ព្រោះតែការខកបំណង និងភាពស្រែកឃ្លានក្រហល់ក្រហាយក្នុង ចិត្ត។ ជាពិសេសពពួកប្រេតជនទាំងអស់នោះ នឹងជេរដាក់បណ្ដាសាដល់សាច់ញាតិ កូនចៅជាមិនខាន។

ការប្រារព្ធពិធីបុណ្យបិណ្ឌភ្ជុំ

ចំពោះបុណ្យបិណ្ឌភ្ជុំនេះ បុរាណាចារ្យរាជបណ្ឌិតខ្មែរយើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី១រោច  ដល់ថ្ងៃទី១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសលទៅដល់ប្រេតជនញាតិដែលបានស្លាប់ទៅ។

នៅក្នុងរយៈពេល ១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ជាពិសេសក្រុម នីមួយៗ ដែលបានរៀបចំជា ក្រុមដោយលោកតាអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ ៣ ឬ៤ក្រុមតូចៗ ដើម្បី រៀបចំធ្វើយាគូ (បបរ) ឬធ្វើភត្តាហារជា ៣ ទៅ ៤ឆ្នាំង ស្មើនឹង ៣ ទៅ ៤មុខម្ហូប។ ពេលទូងស្គរចំណាំវស្សា អ្នក នៅក្នុងក្រុមវេននីមួយៗ ត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗ ក្នុងក្រុមវេន ត្រូវជ្រើសរើសយកផ្ទះណា មួយ ដើម្បីប្រមូលនំរៀបចំបាយបិណ្ឌ បាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្តស្ដាប់លោកសង្ឃសូត្រថ្វាយ  បង្គំធម៌ សុខោ និង ធម៌បរាភវសូត្រ។ ចំណែកឯកូនចៅដែលនៅផ្ទះ ត្រូវនាំគ្នាខិតខំដុតដៃដុតជើងបបរឬស្លតាម មុខម្ហូបនីមួយៗ ដោយឡែកពីគ្នា។ លុះដល់ពេលព្រឹកព្រាងអរុណោទ័យ (ពេលព្រះអាទិត្យរះឡើង) ត្រូវនាំគ្នារៀប  ចំខ្លួន កណ្ដៀត យួរ កាន់ ទូល រែកចង្ហាន់ទៅវត្ត។

នៅក្នុងវត្ត លោកតាអាចារ្យត្រូវរៀបចំពិធីរាប់បាត្រនៅលើឧបដ្ឋានសាលា។ បន្ទាប់មកលោកអាចារ្យជាប្រធាន ត្រូវ នាំពុទ្ធបរិស័ទវេរ (ប្រគល់) ចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបត្តបូរ។ល។ លុះដល់ពេលព្រះសង្ឃធ្វើបត្តានុមោទន គាថាចប់ មេវេនក្រុមនីមួយៗត្រូវរៀបចំម្ហូបអាហារ ចំណីចូលគំនាប់ជូនលោកតាអាចារ្យវត្ត ព្រមទាំងចាត់ចែងភោជ  នាហារទទួលភ្ញៀវដែលអញ្ជើញទៅបុណ្យនៅក្នុងថ្ងៃវេនរបស់ខ្លួននោះផងដែរ។

សូមបញ្ជាក់ដែរថា ក្នុងថ្ងៃបុណ្យភ្ជុំ មានរៀបចំកញ្ចប់ចតុប្បច្ច័យ (ស៊ង) ប្រគេនគ្រប់ភិក្ខុសាមណេរ។ ឯគណៈកម្ម ការវត្តបានចាត់ចែងនំអន្សម នំគម និងបាយបត្តបូរឲ្យទៅសិស្សគណទុកប្រគេនភិក្ខុសាមណេរតាមចំណែក  សម្រាប់ធ្វើចង្ហាន់នៅព្រឹកថ្ងៃបន្ទាប់។ ម្យ៉ាងវិញទៀត ថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ កាលពីសម័យបុរាណមានលេងល្បែង ប្រណាំងក្របី សេះ ចាប់ពី២-៣គូ ទៅតាមតំបន់រៀងៗខ្លួន ដើម្បីអបអរនៅក្នុងថ្ងៃបុណ្យឆ្លងបង្ហើយ។ លើសពីនេះ ទៅទៀតក្របី សេះ និងរបស់ដែលត្រូវប្រកួត គេបានតុបតែងលំអដោយប្រេង លាបពណ៌រលើបរលោង មានពាក់ ប្រឡៅ កណ្ដឹងត្រដោក ឬចង្ក្រងជាដើម។ កន្លែងខ្លះទៀតមានលេងល្បែងផ្សេងៗខុសពីនេះ។ ប៉ុន្តែរហូតមកដល់ ពេលបច្ចុប្បន្ននេះ ទំនៀមទម្លាប់នេះ ចេះតែបាត់ រួញថយបន្តិចម្ដងៗ សាសនាកាន់តែកន្លងវែងទៅ នាំឲ្យការ ប្រកាន់ខ្ជាប់ស្ទើរតែបាត់បង់ច្រើនណាស់ដែរ៕

បុណ្យភ្ជុំបិណ្ឌ៖ ពិធីសាសនាព្រះពុទ្ធ

បុណ្យភ្ជុំបិណ្ឌ៖ ពិធីសាសនាព្រះពុទ្ធ