ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ចាប់យក​វត្ថុតាង​ថ្នាំញៀន​ជិត​៦​ពាន់​គ្រាប់​

ភ្នំពេញ: នគរបាល​ប្រឆាំង​ជំនួញ​គ្រឿងញៀន បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ចាប់យក​វត្ថុតាង​ថ្នាំញៀន​៥.៩៩០​គ្រាប់ និង​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន Ice ២៨៤,៩​ក្រាម ដែល​បាន​ប្រព្រឹត្ត​នៅ​ចំណុច ផ្ទះ​គ្មាន​លេខ ក្រុមទី​៦ ភូមិ​មិត្តភាព សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលា​ម៉ោង ១៧ ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៥​។​

​របាយការណ៍​នគរបាល បាន​ឲ្យ​ដឹងថា មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចាត់តាំង​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ជំនួញ​គ្រឿងញៀន​ខុសច្បាប់ (​ក​៣) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ខេត្ដ​បន្ទាយមានជ័យ បាន​សហការ​ជាមួយ​កម្លាំង នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​បន្ទាយមានជ័យ និង​ដោយមាន​ការសម្របសម្រួល​ពី​លោក តេង សា​ម៉ៃ  ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ដ​បន្ទា​មានជ័យ​។​

​ជា​លទ្ធផល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ១/ ឈ្មោះ  លី ស្រី​នាង ភេទ​ស្រី ឆ្នាំ​កំណើត​១៩៧៩ មុខរបរ​នៅផ្ទះ ទីលំនៅ ផ្ទះ​គ្មាន​លេខ ភូមិ​មិត្តភាព សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២/​ឈ្មោះ ម៉ាប់ ចាន់ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩១ មុខរបរ​កម្មករ​។ ដោយបាន​ចាប់យក​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​គ្រាប់ Wy ចំនួន ៥.៩៩០​គ្រាប់ និង​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន Ice ២៨៤,៩​ក្រាម និង​ម៉ូតូ​២​គ្រឿង៕

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ចាប់យក​វត្ថុតាង​ថ្នាំញៀន​ជិត​៦​ពាន់​គ្រាប់​