ប៉ូលិស​ខេត្តកណ្តាល ចាប់បាន​ថ្នាំញៀន ពាក់​ក្នុង​ព្រី​ភ្លើង តែ​បុរស​ពីរ​នាក់ បាន​រត់​បាត់​

ខេត្តកណ្តាល: ​ប៉ូលិស​ខេត្តកណ្តាល បាន​ចាប់ខ្លួន​បុរស​ពីរ​នាក់ ដើម្បី​ឆែកឆេរ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង ១២ និង ១០​នាទី កណ្តាល​អា​ធ្រា​ត្រ នៅ​ចំណុច​ភូមិ​ព្រែក​ថី ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង​។ បុរស​ពីរ​នាក់​នោះ បាន​រត់​បាត់ ក្នុងពេល​ប៉ូលិស​ត្រួតពិនិត្យ រក​ថ្នាំញៀន​។ ថ្នាំញៀន ប្រភេទ ម៉ា​ទឹកកក ត្រូវបាន​ប៉ូលិស​រកឃើញ​ក្នុង​ព្រី​ភ្លើង​។
 
​ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងពីរ ដែល​បានគេច​ខ្លួន​នោះ ១- ឈ្មោះ ឈាង ឡង់ឌី ហៅ​ហ៊​យ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ទេព​អ​ជូន ឃុំ​កោះ​ខែល ស្រុក​ស្អាង (​គេចខ្លួន​)​។ ចំណែក​ម្នាក់ទៀត ឈ្មោះ ឡង់ សេង​ថៃ ភេទ​ប្រុស ២៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ទេព​អ​ជូន ឃុំ​កោះ​ខែល ស្រុក​ស្អាង (​គេចខ្លួន​)​។​

​ប៉ូលិស​ចាប់ដក​ហូត​វត្ថុតាង រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ៩​កញ្ចប់ (​ក្នុងនោះ ២​កញ្ចប់​ធំ ០៦​កញ្ចប់​តូច ០១​កញ្ចប់​ពណ៌​ផ្កាឈូក និង​លោហៈ​ពណ៌​ប្រាក់ ០២​កញ្ចប់​តូច​) និង​ម៉ូតូ​គុប​មូល ពណ៌​ខៀវចាស់ ចំនួន ០១​គ្រឿង ពាក់​ស្លាក​លេខ កណ្តាល​.1Q.0931​។​

​របាយការណ៍​ប៉ូលិស បង្ហាញថា នៅ​ថ្ងៃកើតហេតុ​កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង បានធ្វើ​ការចេញ​ល្បាត ក៏បាន​ជួបប្រទះ ជនសង្ស័យ កំពុង​ជិះ​ម៉ូតូ​គុប​មូល មាន​គ្នា​ពីរ​នាក់ និង​បាន​ឃាត់​ធ្វើការ​ត្រួតពិនិត្យ ដោយ​ឆែក​នៅលើ​ខ្លួន និង​សំភារៈ​មួយចំនួន ពុំមាន​ឃើញ​អ្វី​គួរកត់សំគាល់​ទេ ហើយដោយ​មានការ​សង្ស័យ​សមត្ថកិច្ច ក៏បាន​ធ្វើការ​ពិនិត្យ​សារជាថ្មី​ម្តងទៀត ទៅលើ​ព្រី​ភ្លើង ក្នុងពេល​កំពុង​ត្រួតពិនិត្យ ជនសង្ស័យ ក៏បាន​លោត​ចូលក្នុង​ទឹក​ព្រែក ភ្លាមៗ​នោះ សមត្ថកិច្ច​ក៏បាន​ដេញតាម និង​ធ្វើការ​ឡោមព័ទ្ធ​ជាង​មួយ​ម៉ោង ដោយមាន​ការចូលរួម​ពី​ប្រជាជន​ក្នុង​មូលដ្ឋាន ដោយ​ចំណុច​នោះ មាន​ភាព​ងងឹត និង​ព្រៃ​ក្រាស់ ពិបាក​ក្នុងការ​តាមរក ជនសង្ស័យ​ក៏បាន​ធ្វើការ​គេចខ្លួនបាត់​តែម្តង​។​

​របាយការណ៍​បង្ហាញថា ក្រោយ​ត្រឡប់​មកពី​តាមរក​ជនសង្ស័យ សមត្ថកិច្ច​ក៏បាន​ធ្វើការ​ដោះ​ព្រី​ភ្លើង​ត្រួតពិនិត្យ បានឃើញ​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក ចំនួន ០៩​កញ្ចប់ នៅ​ខាងក្នុង​ព្រី​ភ្លើង​នោះ​៕​