ប៉ូលិស​៖ គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៩​តុលា ស្លាប់ ៤ នាក់ និង​របួស ១៦ នាក់​

ភ្នំពេញ: ​នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៥ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន ៨​លើក ( យប់​៤​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់ (​ស្រី​ម្នាក់​) អ្នករបួសធ្ងន់ ៩​នាក់ (​ស្រី​ម្នាក់​) និង​របួសស្រាល​៧​នាក់ (​ស្រី ៣​នាក់​)​។ នេះ​បើតាម​របាយការណ៍​រប​ស់​ប៉ូលិស​ក្រសួងមហាផ្ទៃ​។​

​របាយការណ៍​ដែល​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​១០​តុលា​នេះ បង្ហាញថា ​ក្នុង​​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង ៨​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៤​គ្រឿង ក្នុងនោះ មាន​ម៉ូតូ​ចំនួន ៩​គ្រឿង រថយន្ត​ធុន​តូច ៤​គ្រឿង គោយន្ត​កន្ត្រៃ ១​គ្រឿង និង​ថ្មើរជើង​ម្នាក់​។​

​របាយការណ៍ លើកឡើងថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​​ល្បឿន ៣​លើក មិន​ប្រកាន់​ស្តាំ ១​លើក បត់​គ្រោះថ្នាក់ ១​លើក និង​មិន​គោរព​សិទ្ធិ ៣​លើក ក្នុងនោះ អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់ មាន ១៣ នាក់ ( យប់ ៥​នាក់​)​។​

​របាយការណ៍ ក៏បាន​លើកឡើងថា នៅ​ថ្ងៃទី​៩​តុលា មាន​រថយន្ត​ពិន័យ​សរុប​ចំនួន ៧៧៤​គ្រឿង (​រថយន្ត​ធំ ៣០២ គ្រឿង​) ស្មើនឹង​៧៩១​ករណី ល្មើស​ក្រដាស​ស្នាម​មាន ៥៩០​គ្រឿង ស្មើនឹង ៥៩០​ករណី​។ ចំពោះ​ករណី​ល្មើស​បច្ចេកទេស មាន​ចំនួន ១៨៤ គ្រឿង​ស្មើនឹង ២០១​ករណី​។ ដោយឡែក​ម៉ូតូ ត្រូវបាន​ពិន័យ​សរុប​ចំនួន ១.២០៩ គ្រឿង​៕​