ប្រធាន​មន្ទីរ​ទេសចរណ៍​៖ ភ្ញៀវទេសចរ កើនឡើង​នៅ​កំពង់ឆ្នាំង ក្នុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​

ខេត្តកំពង់ឆ្នាំង: ​ចាប់ពី​ខែកញ្ញា រហូតមកដល់​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៥ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាន​ចូលមក​ទស្សនា​កំសាន្ត នៅក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង មានការ​កើនឡើង គួរអោយកត់សម្គាល់ ជាពិសេស គឺ​ក្នុង​រដូវ​កាន់បិណ្ឌ ដែលជា​បុណ្យប្រពៃណី​ខ្មែរ​យើង​តែម្តង​។ នេះ​បើ​យោងតាម​ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តកំពង់ឆ្នាំង លោក សេង សាលី បាន​ប្រាប់​វេ​ប​សាយ​ប៉ូលិស​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៥​។​

​លោក សេង សាលី បាន​ថ្លែងថា ដោយសារតែ​ការចង់​ដឹង​នូវ​វប្បធម៌ ប្រពៃណី ទំនៀម​ទំលាប់​ខ្មែរ​យើង និង​ចង់ឃើញ​នូវ​ទេសភាព​ធម្មជាតិ​តាម​ដង​ទន្លេសាប ក៏ដូចជា តាម​រមណីយដ្ឋាន​មួយចំនួនទៀត​នោះ ក្នុង​រយៈពេល​ជាង ១​ខែ​នេះ គឺ​ចាប់ពី​ខែកញ្ញា រហូតដល់​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៥ ភ្ញៀវ​អន្តរជាតិ បាន​ចូលមក​ទស្សនា​កំសាន្ត ក៏ដូចជា​ផ្តិត​យក​ទស្សនីយភាព​ទាំងឡាយ​តាម​ដង​ទន្លេ និង​រមណីយដ្ឋាន​ផ្សេងៗ​ទៀត មានការ​កើនឡើង​។

​លោក​ប្រធាន​មន្ទីរ​បន្តថា ក្នុង​រយៈពេល​នៃ​ពិធី​កាន់បិណ្ឌ គេ​សង្កេតឃើញ​វត្តមាន​របស់​ភ្ញៀវ​អន្តរជាតិ​ដែល​ធ្វើដំណើរ​តាម​កប៉ាល់​ទេសចរណ៍​បរទេស ក៏មាន​ការកើនឡើង​ដែរ​។​

​លោក​បាន​បន្តថា ដោយឡែក ភ្ញៀវ​ជាតិ​វិញ គឺមាន​កើនឡើង​ច្រើនជាង​ឆ្នាំ​កន្លងទៅ នៅក្នុង​រយៈពេល​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ​នេះ​។ បងប្អូន​ភ្ញៀវ​ជាតិ​មួយចំនួន បានធ្វើ​ដំណើរ​មក​ធ្វើបុណ្យ​ទាន​នៅ​ទី​វត្ត​អារាម​នៅតាម​ដង​ទន្លេ និង​បាន​ទស្សនាចរ​ជាមួយនឹង​ក្រុមគ្រួសារ​ទៀតផង​។ ចំណែក​បងប្អូន​មួយចំនួនទៀត បាន​ទៅ​ទស្សនា​នៅ​ទី​រមណីយដ្ឋាន​នានា ក្នុង​ខេត្ត ដែល​ញាំ​ង​អោយ​រដូវ​បុណ្យកាន់បិណ្ឌ​ឆ្នាំនេះ មាន​សភាព​អ៊ូអរ​។​

​ចំណែក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ក៏បាន​ប្រាប់​វេ​ប​សាយ​ប៉ូលិស​ថា កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ គឺជា​សក្ខីភាព​មួយ បញ្ជាក់ថា ប្រទេសជាតិ កំពុងមាន​សុខសន្តិភាព​នូវ​គ្រប់​តំបន់ និង​គ្រប់ពេលវេលា ដែល​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ ( ប៉ូលិស ប៉េអឹម និង​ទាហាន ) សហការ​ជាមួយ​បងប្អូន​ប្រជា​ការពារ បាន​ខិតខំ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ តាម​គោលការណ៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។ កត្តា​ទាំងនេះ បានធ្វើអោយ​ជីវភាព​បងប្អូន ដែល​រស់​នៅតាម​តំបន់​ទេសចរណ៍​នានា ក៏ដូចជា បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​ទាំងមូល មាន​ជីវភាព​ធូរធា​បាន​មួយកម្រិត និង​បាន​ជួយ​កាត់បន្ថយ​ភាពក្រីក្រ ជាមួយ​រាជរដ្ឋាភិបាល​ផងដែរ​។

​ទន្ទឹមនឹង​នេះដែរ លោក​អភិបាលខេត្ត ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់​រថយន្ត​តាក់ស៊ី ម៉ូតូឌុប អាជីវករ ផ្ទះសំណាក់ សណ្ឋាគារ ម្ចាស់​កាណូត ទូកដរ កុំ​តំឡើងថ្លៃ ពេល​រដូវ​បុណ្យប្រពៃណី​ខ្មែរ ហើយ​ត្រូវ​នាំគ្នា​ជួយ​សំអាត​អនាម័យ​នៅតាម​ទីកន្លែង​របស់ខ្លួន ដើម្បី​ចូលរួមចំណែក​រក្សា​បរិ​ស្ថាន​បានល្អ ក្នុងន័យ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត នាពេលខាងមុខ និង​ចូលរួម​ស្រូប​ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ដើម្បី​ប្រាក់ចំណូល​តាម​គ្រួសារ​នីមួយៗ​ផងដែរ​៕​

ប្រធាន​មន្ទីរ​ទេសចរណ៍​៖ ភ្ញៀវទេសចរ កើនឡើង​នៅ​កំពង់ឆ្នាំង ក្នុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​
ភ្ញៀវទេសចរអន្តរជាតិ នៅកំពង់ផែ ក្នុងទីរួមខេត្តកំពង់ឆ្នាំង
( រូបភាព៖ វេបសាយប៉ូលិសជាតិ )