លោក សម រង្ស៊ី ស្នើឱ្យ សម្តេច ស ខេង ផ្តាំផ្ញើដល់សម្តេច ហ៊ុន សែន ជួយឱ្យដោះលែង សកម្មជន នៅបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក្នុងពេលជួបចរចាគ្នាទៅលើច្បាប់បោះឆ្នោត នៅរសៀលថ្ងៃសុក្រនេះ បានស្នើទៅសម្តេចក្រឡាហោម ស ខេង ជួយផ្តាំផ្ញើទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ឱ្យមានការយោគយល់ និងដោះលែងសកម្មជនគណបក្សសង្រ្គោះជាតិ នៅក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ ដែលជារដូវការ នៃការកសាងបុណ្យកុសល ។

លោក សម រង្ស៊ី បានថ្លែងបន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា ជាមួយសម្តេច ស ខេង ដើម្បីពិភាក្សាអំពីចំណុច ខ្វែងគំនិតគ្នាលើ ច្បាប់ស្តីពីការបោះឆ្នោតឃុំសង្កាត់និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៅល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥។ លោកបានថ្លែងថា «ខ្ញុំក៏បាន លើកឡើងទោះជាមិនទាន់មានចម្លើយយ៉ាងណា ចង់ជម្រាប ដល់បងប្អូនជនរួមជាតិទាំងអស់ថា ឥឡូវនេះជារដូវភ្ជុំ ថ្ងៃចន្ទ ៣ថ្ងៃទៀត គឺបុណ្យភ្ជុំធំណាស់ ខ្ញុំចង់ឲ្យឃើញការរួបរួមគ្នា ការជានាគ្នានិងការអនុគ្រោះឲ្យគ្នា អត់ឱនឲ្យទោសឲ្យគ្នាទៅវិញទៅមក ឈានទៅដល់ការដោះលែងបងប្អូនយើង ជាពិសេសសកម្មជនគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារ»។

លោកបានបន្ថែមថា «យើងខ្ញុំក៏បានសូមអំពាវនាវតាមរយៈសម្តេចក្រឡាហោម ស ខេង ទៅដល់សម្តេចតេបជោ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សេន សុំឲ្យលោកមានចិត្តល្អ ជួយធ្វើម៉េចឲ្យខ្មែរបានជានាគ្នាពេញលេញ ហើយអ្នកដែលគ្នាជាប់ពន្ធនាគារ មកទល់ពេលនេះ ឲ្យមានសិទ្ធិសេរីភាពឡើងវិញ ឬក៏មានឱកាស ទៅជួបជាមួយនឹងគ្រួសារក្នុងឱកាសភ្ជុំបិណ្ឌខាងមុខនេះ”។

ទោះជាយ៉ាងនេះក្តី សម្តេច ស ខេង បានអះអាងថា ចំពោះការដោះលែងសកម្មជន មិនមែនជារបៀបវារៈ ដែលត្រូវពិភាក្សានៅថ្ងៃនេះទេ ហើយថាវប្បធម៌សន្ទនានិងការរួបរួមគ្នា គឺត្រូវឈរលើគោលការណ៍ច្បាប់។

សូមជំរាបថា សកម្មជនគណបក្សសង្រ្គោះជាតិ១៦នាក់ ត្រូវបានតុលាការឃុំខ្លួនជាបន្តបន្ទាប់ ដោយមាន បទល្មើសផ្សេងៗគ្នា ក្នុងនោះមានលោក មាជ សុវណ្ណារ៉ា នាយកផ្នែកព័ត៌មានរបស់ទូរទស្សន៍ គណបក្សសង្រ្គោះជាតិ ដែលជាប់ចោទរឿងបាតុកម្មនៅក្បែរទីលានប្រជាធិបតេយ្យ និងលោក ហុង សុខហួរ សមាជិកគណបក្សសមរង្ស៊ី ដែលជាប់ចោទពីបទក្លែង សន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ជាដើម៕

លោក សម រង្ស៊ី ស្នើឱ្យ សម្តេច ស ខេង ផ្តាំផ្ញើដល់សម្តេច ហ៊ុន សែន ជួយឱ្យដោះលែង សកម្មជន នៅបុណ្យភ្ជុំបិណ្ឌ