សម្តេច ស ខេង៖ ករណីយុវជន ដែលគំរាមសម្លាប់ តាម Facebook តុលាការធ្វើតាម នីតិវិធី

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង បានអះអាងជាថ្មីម្តងទៀតថា សម្តេចមិនមែនជាអ្នកប្តឹង ឱ្យមានការចាប់ខ្លួនយុវជន ដែលគំរាមសម្លាប់សម្តេច នៅលើបណ្តាញសង្គម Facebook ទេ ហើយថាតុលាការអាចធ្វើទៅតាមនីតិវិធី ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បែបនេះដល់អ្នកសារព័ត៌មាន នៅក្រោយបញ្ចប់កិច្ច ប្រជុំស្តីពីការធ្វើវិសោទនកម្ម ទៅលើច្បាប់ស្តីពីការបោះឆ្នោត ឃុំ-សង្កាត់ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នាយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥នេះ ។

សម្តេច ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានជំរាបហើយថា ទី១ខ្ញុំមិនលើកពេល(ចែកសញ្ញាបត្រ) លើអ្វីទាំងអស់ ខ្ញុំបានទៅតាមពេលវេលាកំណត់ ទី២ខ្ញុំមិនបានប្តឹងនរណាទាំងអស់ ប៉ុន្តែរឿងនេះ ជាសមត្ថកិច្ចតុលាការ អញ្ចឹងគ្រប់គ្រាន់ហើយខ្ញុំនិយាយប៉ុណ្ណឹង តុលាការគេធ្វើ ទៅតាមនីតិវិធី» ។

សូមជំរាបថា ជនសង្ស័យម្នាក់ជាអតីតនិស្សិត រៀននៅសកលវិទ្យាល័យ South-East Asia ត្រូវបានកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធគំរាមបោកគ្រប់បែកសម្លាប់ សម្ដេចក្រឡាហោម ស ខេង តាមប្រព័ន្ធ Facebook។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅម៉ោង១២៖០០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥។ អតីតនិស្សិតរៀននៅសាកលវិទ្យាល័យ South-East Asia រូបនេះបាន Comment នៅក្នុងទំព័រ Facebook (Savoeun Rao) របស់ខ្លួន ដោយសរសេរថា «ចាំសម្ដេចមកដល់នាំគ្នា ដាក់គ្រាប់បែកឲ្យងាប់ទាំងអស់គ្នាម្ដង»៕

សម្តេច ស ខេង៖ ករណីយុវជន ដែលគំរាមសម្លាប់ តាម Facebook តុលាការធ្វើតាម នីតិវិធី