តើអ្នកដឹងទេថា ប្រាក់ឈ្នួលថតកុនរបស់ឈិនឡុងទទួលបានប៉ុន្មានក្នុងមួយឆ្នាំៗ?

ប្រិយមិត្តធ្លាប់បានដឹងរួចមកហើយអំពីរឿងរ៉ាវមួយចំនួនរបស់តារាភាពយន្តពោរពេញដោយសមត្ថភាពផ្នែកក្បាច់គុណបែបកំប្លែងលោក Chackie Chan ហៅ ឈិន ឡុង ប៉ុន្តែប្រហែលមិនដឹងទេថា តើតារា ភាពយន្តរូបនេះទទួលបានប្រាក់ឈ្នួលប៉ុន្មានក្នុងមួយឆ្នាំៗ។ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ Coolfm100.7 នឹងណែនាំប្រិយមិត្តឲ្យដឹង​បន្ថែមទៀតអំពីប្រាក់ចំណូលរបស់ Chackie Chan ហៅ ឈិន ឡុង។
តើអ្នកដឹងទេថា ប្រាក់ឈ្នួលថតកុនរបស់ឈិនឡុងទទួលបានប៉ុន្មានក្នុងមួយឆ្នាំៗ?
លោក Chackie Chan ឬ ឈិន ឡុង គឺជាតារាភាពយន្តហុងកុងមួយរូប ដែលតែងតែមានភាពលេចធ្លោជាងគេនៅក្នុងខ្សែភាពយន្តបែបវាយប្រហារ បាញ់បោះ ទាត់ធាក់ជាដើម ហើយលោកក៏ត្រូវបានគេឱ្យរហស្សនាមថាជាតារាភាពយន្តសាច់កម្ម ក៏ព្រោះតែលោកចូលចិត្តសម្ដែងតែក្នុងឈុតដែលពិបាកៗដូចជា ធ្លាក់ពីលើអគារ ដួលលើដី ត្រូវគេវាយយ៉ាង​ដំណំជាដើម ហើយក៏ដោយសារតែមកពីទេពកោសល្យទាំងអស់នេះហើយ បានធ្វើឲ្យលោកល្បីល្បាញ និងរកបានចំណូលច្រើននៅក្នុងវិស័យភាពយន្តជាតិ និងអន្តរជាតិចាប់តាំងពីទសវត្សរ៍ ទី៧០ រហូតមកដល់សព្វថ្ងៃ ។ 
នាពេលថ្មីៗនេះ លោកឈិន ឡុង ត្រូវបានជាប់ចំណាត់ថ្នាក់ជាតារាភាពយន្តម្នាក់ ដែលមានចំណូលច្រើនលំដាប់​លេខ​រៀង ទី៣៨ នៅក្នុងបញ្ជីលំដាប់តារាអ្នកមានក្នុងពិភពលោក និងជាតារាភាពយន្តដែលទទួលបានប្រាក់ឈ្នួលថតភាពយន្តច្រើនជាងគេលំដាប់ទីពីរនៅក្នុងចំណោមតារាភាពយន្តផ្សេងៗទៀតនៅក្នុងពិភពលោក។ ប្រាក់ចំណូលដែលលោកទទួលបាននៅក្នុងឆ្នាំនេះគឺមានចំនួនជាង ៥០លានដុល្លារ សម្រាប់រយៈពេលត្រឹមតែជាង១២ខែតែប៉ុណ្ណោះ។ នេះបើតាមទស្សនាវដ្ដីដ៏ល្បីល្បាញផ្នែក ជំនួញ “The Forbes” របស់សហរដ្ឋអាមេរិក៕ 
ដោយ៖ Coolfm100.7