វត្ត​មួយ​ក្នុង​ខេត្ត​ព្រះវិហារ​ខ្សត់ខ្សោយ​ចង្ហាន់​នៅ​រដូវ​កាន់បិណ្ឌ

ក្នុង​រយៈពេល​នៃ​ពិធី​កាន់​បិណ្ឌ​នេះ គេ​សង្កេត​ឃើញ​តាម​វត្ត​​​មួយ​ចំនួន​​នៅ​ក្នុង​ទីក្រុង គឺ​ព្រះសង្ឃ​សំបូរ​ចង្ហាន់ ក៏ប៉ុន្តែ​ចំពោះ​វត្ត​​​ខ្លះ​ដែល​ស្ថិត​នៅ​ទី​ជនបទ​ដាច់ស្រយាល ដូចជា​នៅ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ វិញ គឺ​មាន​ការ​ខ្សត់ខ្សោយ​ចង្ហាន់ ដែល​ពេល​ខ្លះ​ដាច់​វេន ដោយ​គ្មាន​អ្នក​ភូមិ​កាន់​បិណ្ឌ​ទៀត​ផង។

ភូមិ​ក្ដាក់ នៃ​ឃុំ​ភ្នំត្បែង២ ស្រុក​គូលែន គឺ​ជា​ទី​ជនបទ​ដាច់ស្រយាល​មួយ​ដែល​ស្ថិត​នៅ​តំបន់​ព្រៃ​ចម្ងាយ​ជាង ៥០​គីឡូម៉ែត្រ ភាគ​ខាង​ត្បូង​ឆៀង​ខាង​កើត​ពី​ទី​រួម​ខេត្ត​ព្រះវិហារ។ ប្រជាពលរដ្ឋ​នៅ​ទី​នោះ បាន​ប្រារព្ធ​ធ្វើ​ពិធី​កាន់បិណ្ឌ​តាម​គន្លង​ប្រពៃណី និង​ព្រះពុទ្ធ​សាសនា​ខ្មែរ ដូច​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ដែរ ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​រវាង​អ្នក​រស់​នៅ​ទីក្រុង និង​អ្នក​រស់​នៅ​ទី​ជនបទ​នោះ គឺ​ការ​ខ្សត់ខ្សោយ​ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ក្នុង​ពេល​ដែល​ពិធី​កាន់បិណ្ឌ​កំពុង​ប្រព្រឹត្តិ​ទៅ​ជា​បន្តបន្ទាប់​នេះ។

វត្ត​ក្ដាក់ គឺ​ជា​ទី​អារាម​មួយ​ដែល​មាន​ព្រះសង្ឃ​មិន​ច្រើន​ប៉ុន្មាន គង់​នៅ​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​បុណ្យទាន​ទៅ​តាម​គន្លង​ប្រពៃណី​នៃ​ព្រះពុទ្ធ​សាសនា។ ក៏ប៉ុន្តែ​នៅ​ក្នុង​រដូវ​កាន់​បិណ្ឌ​នេះ គឺ​ព្រះសង្ឃ​ហាក់​មិន​មាន​ចង្ហាន់​ដែល​មាន​រសជាតិ​ឆ្ងាញ់ និង​គ្រប់​គ្រាន់​សម្រាប់​ឆាន់ ដូចជា​ព្រះសង្ឃ​ដែល​គង់​នៅ​ទីក្រុង​ទេ។

បុរស​ឈ្មោះ គង់ យួន គឺ​ជា​អ្នក​ភូមិ​ក្ដាក់ នៃ​ឃុំ​ភ្នំត្បែង២ ក្នុង​ចំណោម​អ្នក​ភូមិ​ជាង ៤០០​គ្រួសារ​ផ្សេង​ទៀត។ គាត់​មាន​ប្រសាសន៍​ថា ចាប់​តាំង​តែ​ពិធី​កាន់​បិណ្ឌ​បាន​ប្រព្រឹត្ត​ទៅ​ជា​ច្រើន​ថ្ងៃ​មក​នេះ គឺ​រូប​លោក និង​អ្នក​ភូមិ​តែង​នាំ​គ្នា​កាន់​វេន ដោយ​ធ្វើ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ទី​វត្ត​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទិសទី​ដែរ ក៏ប៉ុន្តែ​ចង្ហាន់​នៅ​ទី​នេះ មិន​មាន​រស​ជាតិ​ឆ្ងាញ់ និង​សំបូរ​សប្បាយ​សម្រាប់​ព្រះសង្ឃ​ទេ ពី​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ទី​ជនបទ​ដាច់​ស្រយាល​មាន​ជីវភាព​ក្រីក្រ មិន​មាន​លទ្ធភាព​ទៅ​ទិញ​បន្លែ និង​ម្ហូប​អាហារ​ពី​ផ្សារ​មក​ឡើយ។

លោក គង់ យួន៖ «យើង​អ្នក​ជនបទ​ចុងកាត់មាត់ញក វា​មិន​សូវ​ជា​ហូរហៀរ មិន​សូវ​ជា​មាន​ម្ហូប​អាហារ​ឆ្ងាញ់ៗ​នោះ​ទេ គឺ​មាន​តែ​អន្លក់​ព្រៃ ដូចជា​ចុង​ផ្ដៅ ត្រួយ​ននោង ផ្លែ​ននោង បុក​ប្រហុក​អី​ជាដើម»

ព្រះសង្ឃ​ដែល​គង់​នៅ​ក្នុង​ទី​វត្ត​ក្ដាក់​នោះ ក៏​ទទួល​ស្គាល់​ថា នៅ​ក្នុង​ពិធី​កាន់បិណ្ឌ​នេះ ថ្វី​ត្បិត​តែ​មាន​ពុទ្ធិ​បរិស័ទ​តែង​នាំ​គ្នា​មក​កាន់​វេន និង​យក​ចង្ហាន់​មក​ប្រគេន​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​ព្រះអង្គ​ហាក់​មិន​សូវ​បាន​ឆាន់​ចង្ហាន់​ដែល​ឆ្ងាញ់ៗ​ទេ។

ព្រះភិក្ខុ សុវណ្ណ សំណាង គឺ​ជា​ព្រះសង្ឃ ១​អង្គ ដែល​ទើប​តែ​និមន្ត​មក​ពី​ខេត្ត​កំពង់ចាម ទៅ​គង់​នៅ​វត្ត​ក្ដាក់ មាន​ព្រះ​ថេរដីកា​ថា ព្រះអង្គ​ទើប​តែ​មក​គង់នៅ​ក្នុង​វត្ត​ក្ដាក់ នៅ​ពេល​ពិធី​កាន់បិណ្ឌ​បាន​ចាប់​ផ្ដើម​ប៉ុណ្ណោះ។ ក្នុង​ពេល​ដែល​ព្រះអង្គ​គង់​នៅ​មួយ​រយៈ​ឃើញ​ថា វត្ត​មួយ​នេះ​ខ្សត់​ចង្ហាន់​ខ្លាំង​ណាស់៖ «វា​កម្សត់​ចង្ហាន់​ណាស់ និយាយ​ឱ្យ​ចំ​ទៅ​វា​ស្រុក​ព្រៃ​អ៊ីចឹង ញោមញាតិ ក៏​គាត់​ក្រខ្សត់​ដែរ។ ពេល​ខ្លះ​ឆាន់​អំបិល​បុក​ម្ទេស ឬ​ក៏​កូន​ត្រី​អ៊ីចឹង​ទៅ គឺ​វា​មិន​សំបូរ​ដូច​វត្ត​គេ​នៅ​ទីក្រុង​ទេ»

វត្ត​ក្ដាក់ ក្រៅ​តែ​ពី​ព្រះសង្ឃ​ខ្សត់ខ្សោយ​ចង្ហាន់​នៅ​ក្នុង​ពិធី​កាន់បិណ្ឌ​នោះ គឺ​មាន​បញ្ហា​ប្រឈម​មុខ​មួយ​ចំនួន​ទៀត ដូចជា​ព្រះសង្ឃ​គ្មាន​អំពូល​អគ្គិសនី​គ្រប់គ្រាន់​សម្រាប់​ដាក់​បំភ្លឺ​នៅ​សាលាឆាន់​ទេ ដោយសារ​ព្រះសង្ឃ​គ្មាន​បច្ច័យ​យក​ទៅ​ទិញ​អំពូល និង​ម៉ាស៊ីន​ភ្លើង​ជាដើម។

មេ​ឃុំ​ភ្នំត្បែង២ លោក ប៉ោយ ទុំ ឱ្យ​ដឹង​ថា នៅ​វត្ត​ក្ដាក់ បច្ចុប្បន្ន​មាន​ព្រះសង្ឃ​ចំនួន ៤​អង្គ​គង់​នៅ​ក្នុង​ភាព​ខ្វះខាត​ចង្ហាន់​ប្រចាំ​ថ្ងៃ។ លោក​មេ​ឃុំ​បញ្ជាក់​ទៀត​ថា នៅ​ថ្ងៃ​គ្មាន​បុណ្យទាន គឺ​ពេល​ខ្លះ​ព្រះសង្ឃ​ដាច់​ចង្ហាន់​តែម្ដង ដោយ​តា​អាចារ្យ ឬ​ក៏​យាយជី ជា​អ្នក​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ឱ្យ​ឆាន់​ជាមួយ​អំបិល​បុក​ម្ទេស​ក៏​មាន ក៏ប៉ុន្តែ​នៅ​ពេល​កាន់បិណ្ឌ​នេះ ទោះ​យ៉ាង​ណា​ក៏​ពុទ្ធ​បរិស័ទ​ប្រឹងប្រែង​ធ្វើ​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​ដែរ ទោះ​ឆ្ងាញ់ ឬ​មិន​ឆ្ងាញ់​ក៏ដោយ៖ «យើង​ដាក់​វេន គណៈកម្មការ​ក្រុម​ធ្វើ​វេន បុក​កន្ទួត ចុង​ផ្ដៅ មាន​កង្កែប ក្ដាម ខ្យង ជា​របស់​ព្រៃ ជួន​ណា​អ្នក​គ្រាន់​បើ​ទៅ គេ​មាន​ធ្វើ​ចង្ហាន់​សាច់​គោ សាច់​ជ្រូក​អី​ខ្លះ​ដែរ»

លោក​មេ​ឃុំ​ភ្នំត្បែង ឱ្យ​ដឹង​ថា បញ្ហា​ដែល​ព្រះសង្ឃ​វត្ត​ក្ដាក់ ខ្សត់ខ្សោយ​ចង្ហាន់​នេះ​មិន​មែន​មាន​ន័យ​ថា នៅ​ជុំវិញ​វត្ត មិន​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ច្រើន​នោះ​ទេ គឺ​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ច្រើន​ជាង ៤០០​គ្រួសារ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ទាំង​នោះ​សុទ្ធសឹងតែ​ជា​អ្នក​មិន​សូវ​នៅ​ផ្ទះ ដោយ​នាំ​គ្នា​ទៅ​នៅ​ក្នុង​ព្រៃ​ធ្វើស្រែ​និង​ចំការ។

នៅ​ឃុំ​ភ្នំត្បែង២ មិន​មែន​មាន​វត្ត​ក្ដាក់ តែ​មួយ​ទេ គឺ​មាន​វត្ត​ឈូក​១ ទៀត ក៏​ប៉ុន្តែ​វត្ត​ទាំង​អស់​នៅ​ក្នុង​ឃុំ​នេះ គឺ​សុទ្ធ​​តែ​មាន​ស្ថានភាព​ដូចគ្នា ដោយសារ​ព្រះសង្ឃ​មិន​សូវ​មាន​ចង្ហាន់​គ្រប់គ្រាន់​ទេ។ បញ្ហា​ដែល​វត្ត​នៅ​តំបន់​នោះ​ខ្សត់ខ្សោយ គឺ​ដោយសារ​តែ​ផ្លូវ​ទៅ​កាន់​តំបន់​នោះ​មិន​ទាន់​ល្អ​ស្អាត មាន​ស្ថានភាព​រអិល​នៅ​ពេល​ភ្លៀង​ធ្លាក់ និង​ពិបាក​ធ្វើ​ដំណើរ ហើយ​មនុស្ស​ពី​តំបន់​ផ្សេង​មិន​ទាន់​មាន​ចេញ​ចូល​ទៅ​កាន់​ទី​នោះ​ឱ្យ​បាន​ច្រើន​គ្នា​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។