រង្វាន់​«ណូបែល» សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ នៅ​តួនេស៊ី


តើ«បដិវត្តផ្ការីក» ឬ«បដិវត្តផ្កាម្លិះ» បានចប់ទៅហើយឬ? មិនមែនទេ! ហើយនេះ ក៏ទំនងជាសារមួយ របស់​គណៈ​កម្មការ​ពាន​រង្វាន់«ណូបែល» នៅប្រទេសណ័រវេស តាមរយៈការសម្រេចប្រគល់ជូន នូវរង្វាន់​«ណូបែល​សន្ដិភាព» ប្រចាំ​ឆ្នាំ​នេះ ទៅឲ្យអង្គការសង្គមស៊ីវិលចំនួន៤ នៅក្នុងប្រទេសតួនេស៊ី ក្នុង​ដំណើរការ​«ប្រជាធិបតេយ្យ» បន្ទាប់​ពី​បដិវត្តន៍​ផ្កា​ម្លិះ។
រង្វាន់​«ណូបែល» សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ នៅ​តួនេស៊ី

«បដិវត្តផ្ការីក» ឫ«បដិវត្តផ្កាម្លិះ» ក្នុងប្រទេសតួនេស៊ី កាលពីអំឡុងខែមករា ឆ្នាំ២០១១។ (រូបថតហ្វេសប៊ុក)

ពួកគេបានជួយឲ្យមានការផ្លាស់ប្ដូរ តាមបែបប្រជាធិបតេយ្យ នៅក្នុងប្រទេសតួនេស៊ី។ ហើយបើសិន ជាគ្មាន​ពួកគេនោះទេ លិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នឹងមិនអាចមាន មកដល់ថ្ងៃនេះបានទេ នៅក្នុងប្រទេស នៃ​ទ្វីបអាហ្វ្រិកខាងជើងមួយ ដែលបានធ្វើបដិវត្តន៍ផ្កាម្លិះ ឬបដិវត្តន៍ផ្លារីកដំបូងគេ (ក្នុងខែមករា ឆ្នាំ២០១១)។ នេះ​ជាអ្វី ដែលគណៈកម្មការពានរង្វាន់ «ណូបែលសន្ដិភាព» នៅក្នុងប្រទេសណ័រវេស បានអបអរសាទរ ការងារ​ជាផ្លែផ្កា របស់អង្គការសង្គមស៊ីវិលចំនួន៤ នៅក្នុងប្រទេសតួនេស៊ី ដើម្បីឈានទៅប្រគល់ ពានរង្វាន់​«ណូបែល​សន្តិភាព»​ ប្រចាំឆ្នាំនេះ ទៅឲ្យពួកគេ។

អង្គការសង្គមស៊ីវិលទាំងបួននោះ រួមមាន៖ សហជីពសហព័ន្ធការងារ (Union générale Tunisienne du Travail) សហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងហត្ថកម្ម (Union tunisienne de l'industrie, du commerce et de l'artisanat) សម្ព័ន្ធសិទ្ធិមនុស្ស (Ligue Tunisienne des Droits de l’Homme) និង​គណៈមេធាវី (Ordre des Avocats tunisiens) របស់ប្រទេសតួនេស៊ី។

សេដ្ឋវិទូជាតិតួនេស៊ី លោក «Abdeljelil Bédoui» ដែលធ្លាប់ជារដ្ឋមន្ត្រីមួយរូប និងជាសមាជិករបស់ សហជីព​សហព័ន្ធការងាររបស់ប្រទេសតួនេស៊ី បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ពានរង្វាន់នេះ ជាការលើក​ទឹក​ចិត្តដ៏ធំមួយ សម្រាប់អនាគត។ លោក បានថ្លែងថា៖ «វាគ្រាន់តែជាជំហានទីមួយប៉ុណ្ណោះ។ ជំហាននេះ បាន​កំណត់ឲ្យធ្វើការផ្សព្វផ្សាយ រដ្ឋធម្មនុញ្ញលើកទីមួយ។ ប៉ុន្តែរដ្ឋធម្មនុញ្ញនេះ ទោះជាមានចំណុចល្អៗ ត្រូវបាន​ដាក់ចូលក៏ដោយ តែរឿងដែលសំខាន់នោះ គឺត្រូវយកវា មកអនុវត្តន៍។»

បដិវត្តន៍ផ្កាម្លិះដ៏អស្ចារ្យ របស់ប្រទេសតួនេស៊ី...

តាំងពីឆ្នាំ២០១៣ រហូតមកទល់ការអនុម័តរដ្ឋធម្មនុញ្ញ កាលពីខែមករាឆ្នាំនេះ ក្រុមអង្គការសង្គមស៊ីវិលទាំងបួន បានជំរុញឲ្យចលនានិយមអ៊ីស្លាម និងចលនានិយមកណ្ដាល (មិនជឿលើសាសនា) ឲ្យជួបជជែកគ្នា ក្នុងខណៈ​ពេលដែលអំពើហិង្សា កំពុងពង្រីកខ្លួន នៅក្នុងប្រទេសប្រទេស។ ដំណើរការ និងសកម្មភាព​របស់ក្រុមអង្គការ​ទាំង​​នេះ ត្រូវបានរដ្ឋាភិបាលនៃប្រទេសលោកខាងលិចជាច្រើន ធ្វើការលើកទឹកចិត្ត។ អ្នកនាំពាក្យរបស់​រដ្ឋាភិបាល​​អាល្លឺម៉ង់ លោក «Steffan Seibert» បានថ្លែងថា៖ «សមាជិកនៃក្រុមអង្គការទាំងបួន បាន​ធ្វើ​ការងារ​ដ៏ស្មុគ្រស្មាញមួយ ដែលឈានទៅដល់ការអនុម័តរដ្ឋធម្មនុញ្ញ។ ពួកគេបានផ្ដល់នូវក្ដីសង្ឃឹម ទៅដល់​ប្រជាជន​របស់ពួកគេ និងពិភពលោក។ ក្ដីសង្ឃឹម ដែលគិតថា លិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ គឺពិតជា​អាច​ធ្វើ​ទៅ​បាន បើទោះជាស្ថិតក្នុងលក្ខខណ្ឌដ៏ពិបាក ប្រៀបធៀបនឹងស្ថានការណ៍ ក្នុងតំបន់ក៏ដោយ។»

សម្រាប់សេដ្ឋវិទូ លោក «Abdeljelil Bédoui» ដដែល បានគិតថា សហគមន៍អន្តរជាតិ ត្រូវចូលរួមចំណែក ក្នុងការថែរក្សាក្ដីសង្ឃឹមនេះ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ខ្ញុំជឿថា អ្នកទាំងអស់គ្នា ដែលជាប់ពាក់ព័ន្ធ បានសម្ដែងក្ដីកង្វល់របស់ពួកគេ ព្រោះវាជាដំណើរការមួយ ដែលមានរយៈពេលវែង និងជានិច្ចជាកាល ស្ថិតក្រោមការគម្រាម។»

សូមបញ្ជាក់ដែរថា ពានរង្វាន់«ណូបែលសន្តិភាព» ប្រចាំឆ្នាំនេះ នឹងត្រូវប្រគល់ជូន នៅថ្ងៃទី១០ ខែធ្នូខាងមុខ ក្នុង​រាជធានី អូស្លូ ប្រទេសណែវេស៕