មន្ត្រី​សិទ្ធិមនុស្ស​សាទរ​នឹង​ការ​អនុញ្ញាត​ឲ្យ​អ្នក​ទោស​ចូលរួម​កាន់បិណ្ឌ

ពន្ធនាគារ​ខេត្ត​ក្រចេះ បាន​អនុញ្ញាត​ឲ្យ​អ្នក​ជាប់​ឃុំឃាំង​ចំនួន ៣០០​នាក់ ធ្វើ​បុណ្យ​កាន់បិណ្ឌ​ដោយ​ការ​ស្ដាប់​ព្រះធម៌ ប្រគេន​ទេយ្យទាន រាប់បាត្រ និង​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ។ អ្នក​ឃ្លាំមើល​ការ​គោរព​សិទ្ធិមនុស្ស​ចាត់​ទុក​សកម្មភាព​នេះ​ជា​គំរូ​ល្អ​សម្រាប់​ពន្ធនាគារ​ផ្សេងៗ​ទៀត។

អង្គការ​សិទ្ធិមនុស្ស​យល់​ថា ការ​ផ្ដល់​សិទ្ធិ​ដល់​អ្នកទោស​ក្នុង​ពន្ធនាគារ​ឲ្យ​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ ជា​ទង្វើ​គំរូ​ដែល​គោរព​ដល់​សិទ្ធិមនុស្ស។

គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ កាល​ពី​ថ្ងៃ​ទី​៩ ខែ​តុលា មន្ត្រី​ពន្ធនាគារ​ខេត្ត​ក្រចេះ បាន​អនុញ្ញាត​ឲ្យ​អ្នក​ជាប់ឃុំ​ជិត ៣០០​នាក់ ចូលរួម​កាន់​បិណ្ឌ​តាម​បែប​ព្រះពុទ្ធ​សាសនា នៅ​ក្នុង​បរិវេណ​ពន្ធនាគារ​ខេត្ត​ក្រចេះ។

អ្នកស្រី ហ៊ាន ជាវគុណ មន្ត្រី​សម្របសម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ក្រចេះ សាទរ​ចំពោះ​សកម្មភាព​របស់​ពន្ធនាគារ​នេះ។ អ្នកស្រី​ថា វា​ជា​គំរូ​មួយ​ល្អ​សម្រាប់​ពន្ធនាគារ​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​អនុវត្ត​ការ​គោរព​សិទ្ធិ​អ្នក​ទោស​ឲ្យ​បាន​ប្រសើរ៖ «»។

ប្រធាន​ពន្ធនាគារ​ខេត្ត លោក ខ្វា សារ៉ន បាន​និយាយ​ប្រាប់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ថា ការ​អនុញ្ញាត​ឲ្យ​អ្នក​ជាប់ឃុំ​ទាំង ៣០០​នាក់ ធ្វើ​បុណ្យ​កាន់បិណ្ឌ គឺ​អនុវត្ត​ទៅ​តាម​ទិសដៅ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ។ លោក​បញ្ជាក់​ថា អ្នក​ជាប់ឃុំ​ក៏​មាន​សិទ្ធិ​ចូល​រួម​ធ្វើ​បុណ្យ​ប្រពៃណី។

លោក សារ៉ន បន្ថែម​ទៀត​ថា ពន្ធនាគារ​ខេត្ត​ក្រចេះ តែង​រៀបចំ​កម្មវិធី និង​អនុញ្ញាត​ឲ្យ​ទណ្ឌិត​ទាំង​អស់​ដែល​កំពុង​អនុវត្ត​ទោស អាច​ចូលរួម​ធ្វើ​បុណ្យ​តាម​ប្រពៃណី ពិសេស​ពេល​បុណ្យ​ចូល​ឆ្នាំ និង​បុណ្យ​ភ្ជុំ​បិណ្ឌ។

មន្ត្រី​សិទិ្ធ​មនុស្ស អ្នកស្រី ហ៊ាន ជាវគុណ ដែល​តាមដាន​ការអនុវត្ត​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ក្រចេះ វាយ​តម្លៃ​ថា ពន្ធនាគារ​នេះ​មាន​ការ​សហការ​ល្អ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល។ អ្នកស្រី​ថា មន្ត្រី​ពន្ធនាគារ​តែង​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​ចូល​ជួប​ជាមួយ​អ្នកទោស និង​ចូល​ពិនិត្យ​ស្ថានភាព​ទូទៅ​ក្នុង​ពន្ធនាគារ។

​យ៉ាងណា​ក៏ដោយ អ្នកស្រី​មិន​ច្បាស់​ថា តើ​ពន្ធនាគារ​ខេត្ត​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា អនុវត្ត​ការ​គោរព​សិទ្ធិ​អ្នក​ជាប់ទោស បាន​ដូច​នៅ​ពន្ធនាគារ​ខេត្ត​ក្រចេះ ឬ​ទេ? អ្នកស្រី​ស្នើ​ឲ្យ​មន្ត្រី​ពន្ធនាគារ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​ទណ្ឌិត៖ «»។

​សព្វថ្ងៃ​នេះ​មាន​អ្នកទោស​ចំនួន ១៦.៨០៧​នាក់ ហើយ​មាន​ទណ្ឌិត​ជា​ស្ត្រី​ចំនួន ១.៣៦២​នាក់ ដែល​ក្នុង​នោះ​មាន​អ្នក​ដែល​កាត់ទោស​រួច​ចំនួន ៥.២៥៦​នាក់ ក្នុង​នោះ ៣១៧​នាក់​ជា​ស្ត្រី។ មាន​មន្ទីរអប់រំ​កែប្រែ​របស់​ក្រសួង​មហាផ្ទៃ​ចំនួន ៤ និង​ពន្ធនាគារ​នៅ​តាម​រាជធានី​ខេត្ត​ចំនួន ២០​ទូទាំង​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។