ប៉ូលិស​៖ ក្នុង​ឆ្នាំ​២០១៥ គ្មាន​សកម្មភាព​ជួញដូរ​ប្រេង​ម្រះព្រៅភ្នំ​ទេ

ភ្នំពេញ: អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោក​ឧ​ត្ត​ម​សេនីយ៍​ឯក មាស វិ​រិ​ទ្ធ បាន​ថ្លែងថា ចាប់ពី​ដើមឆ្នាំ​២០១៥ រហូតមកដល់​ពេលនេះ កម្ពុជា​គ្មាន​បទល្មើស​ជួញដូរ ឬ​លួច​ចំរាញ់​ប្រេង​ម្រះព្រៅភ្នំ លួច​លក់​ចែកចាយ​នៅក្នុង​ស្រុក និង​ចែកចាយ​ឆ្លងដែន​ទៅកាន់​ប្រទេសជិតខាង​នោះទេ​។ នេះ​បើ​ប៉ូលិស​។​

​វេ​ប​សាយ​ប៉ូលិស បាន​ផ្សព្វផ្សាយ​ការ​ថ្លែង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក មាស វិ​រិ​ទ្ធ បានធ្វើ​ឡើង បន្ទាប់ពី​មានការ​សួរដេញដោល​ពី​សំណាក់​ប្រធាន​សេនានុព័ន្ធ​ស៊ើបអង្កេត​សន្តិសុខ មាតុភូមិ របស់​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា លោក Joseph P. Galoski នា​ថ្ងៃ​ព្រឹក​ថ្ងៃទី​៩ ខែតុលា នៅ​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នា​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​លោក មាស វិ​រិ​ទ្ធ ថ្លែងថា បន្ទាប់ពី​រាជរដ្ឋាភិបាល បានដាក់​ដើមឈើ​ម្រះព្រៅ​ទៅក្នុង​វិធាន​ច្បាប់ ទប់ស្កាត់​ការកាប់បំផ្លាញ និង​ចំរាញ់​ប្រេង​ម្រះព្រៅ ដែលមាន​សារធាតុ​ញៀន ក្នុង​កំរិត​ខ្ពស់បំផុត​រួចមក សកម្មភាព​បទល្មើស គឺ​ពុំមាន​ការកើតឡើង​នោះទេ នៅក្នុង​ឆ្នាំ​២០១៥​។​

​ប៉ូលិស​បាន​ឲ្យ​ដឹងថា សកម្មភាព​ចំរាញ់​ប្រេង​ម្រះព្រៅភ្នំ នៅក្នុង​ខែកក្កដា ឆ្នាំ​២០១៤ ត្រូវគេ​ឃើញថា បានកើត​ឡើង ត្រូវបាន​សមត្ថកិច្ច​រឹប​អូស​បាន​ចំនួន ១៣៩​កា​ដុង ហើយ​នៅក្នុង​ឆ្នាំ​២០១៣ គ្រឿងញៀន ដែល​គេ​ចំរាញ់​មកពី​ប្រេង​ម្រះព្រៅ​ចំនួន ៣​ម៉ឺន​គ្រាប់ ក៏​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាបបាន​ផងដែរ​។ ថ្មី​នេះ មាន​សារធាតុ​ផ្សំ​ចំនួន​ប្រមាណ ៥០​តោន ត្រូវបាន​ដុតបំផ្លាញ​។​

​លោក មាស វិ​រិ​ទ្ធ បន្តថា កន្លងមក សកម្មភាព​លួច​ចំរាញ់​ប្រេង​ម្រះព្រៅ ភាគច្រើន ត្រូវបាន​គេ​ឃើញថា ជនល្មើស​បាន​ចំរាញ់​លួច​លក់​ចែកចាយ​បន្តទៅ​ប្រទេស​ថៃ និង​ប្រទេស​ឡាវ បន្តទៅ​ប្រទេស​មី​យ៉ាន់​ម៉ា និង​បន្តទៅ​តំបន់ត្រីកោនមាស រួចហើយ​មាន​ចំរាញ់​ផលិត​ជា​គ្រាប់​គ្រឿងញៀន ចែកចាយ​ឲ្យ​កម្ពុជា​វិញ​។ ក្នុងនោះ មាន​ជនល្មើស​មួយចំនួនទៀត បាន​លួច​យកទៅដាក់​បញ្ចូល​ក្នុង​មន្ទីរពិសោធន៍​ចំរាញ់​ធ្វើ​គ្រឿងញៀន ក៏​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាបបាន​។​

​នៅក្នុង​ជំនួប​នោះ លោក មាស វិ​រិ​ទ្ធ ស្នើ​ដល់​សេនានុព័ន្ធ​ស៊ើបអង្កេត​សន្តិសុខ មាតុភូមិ របស់​ស្ថានទូត​សហរដ្ឋ​អា​មេ​រិច ជួយ​ឧ​ត្ថ​ម្ភ​គាំទ្រ បង្កើត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​បង្ក្រាប​ពួក ឧក្រិដ្ឋជន​គ្រឿងញៀន ដែលមាន​អង្គការ​ចាត់តាំង មានបំណង​ចង់យក​កម្ពុជា ធ្វើជា​កន្លែង​ឆ្លងកាត់ កន្លែង​ជួញដូរ និង​កន្លែង​ផលិត​ផលិត​គ្រឿងញៀន ស្នើ​ឲ្យ​ភាគី​សហរដ្ឋ​អា​មេ​រិច ជួយ​បង្កើត​ទីតាំង​បន្សាប​គ្រឿងញៀន​ផងដែរ និង​ជួយ​ចូលរួម​អភិរក្ស ដើមឈើ​ម្រះព្រៅ​នៅ​កម្ពុជា ដែលជា​ប្រភេទ​ឈើ​កំរ​មួយ ឲ្យ​រួច​ផុតពី​ការកាប់បំផ្លាញ​។​

​លោក Joseph P. Galoski ថ្លែងថា ក្នុងនាម​លោក​ជា​ស៊ើបអង្កេត​ក្នុងករណីនេះ មកដល់ពេលនេះ​អង្គភាព​លោក នៅ​មិនទាន់មាន​សំណុំរឿង​ណាមួយ ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​កម្ពុជា យកមក​ចាត់ការ​នោះទេ ហើយ​ការ​មក​សាកសួរ​ពិភាក្សា​ការងារ​នាពេលនេះ បាន​ធ្វើឡើង​បន្ទាប់ពី លោក​បានទទួល​ព័ត៌មាន​ពី​ប្រភព​សារព័ត៌មាន​មួយ​បាន​ចុះផ្សាយ តែ​វា​ពុំមាន​លក្ខណៈ​ច្បាស់លាស់​។ នេះ​បើតាម​វេ​ប​សាយ​របស់​ប៉ូលិស​ជាតិ​៕​

ប៉ូលិស​៖ ក្នុង​ឆ្នាំ​២០១៥ គ្មាន​សកម្មភាព​ជួញដូរ​ប្រេង​ម្រះព្រៅភ្នំ​ទេ
ប៉ូលិសអាមេរិក ជួបនឹងអគ្គលេខាធិការអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន
( រូបភាព៖ ប៉ូលិសជាតិ )