ការផ្ទុះ​គ្រាប់បែក​នៅតួកគី​សម្លាប់​មនុស្ស​យ៉ាងតិច​ ៨០នាក់

ការផ្ទុះ​គ្រាប់បែក​នៅតួកគី​សម្លាប់​មនុស្ស​យ៉ាងតិច​ ៨០នាក់

ប៉ូលិស​ជំនាញ​ផ្នែក​កោសល្យវិច្ច័យ​បាន​ថត​រូប ខណៈ​ដែល​លោក​ធ្វើ​ការ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​គ្រាប់បែក​នៅ​អំឡុង​ពេល​ដង្ហែ​ក្បួន​សន្តិភាព​មួយ​នៅ​ក្រុង​អង់ការ៉ា ប្រទេស​តួកគី​ នា​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ២០១៥។

នៅ​ព្រឹកថ្ងៃ​សៅរ៍នេះ ​មាន​ការ​ផ្ទុះ​គ្រាប់បែក​ពីរ​គ្រាប់​នៅ​ឯ​ស្ថានីយ៍​រថភ្លើង​ធំ​មួយ​ក្នុង​ក្រុង​អង់ការ៉ា (Ankara) នៃ​ប្រទេស​តួកគី តែ​ប៉ុន្មាន​ម៉ោង​មុន​ការ​ដង្ហែ​ក្បួន​សន្តិភាព​លម្អៀង​ទៅ​ខាង​ពួក Kurde ហើយ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិចណាស់​ ៨៦នាក់​ស្លាប់ និងជិត​ ២០០​នាក់​ទៀត​រង​របួស។​

ការ​ផ្ទុះ​ទាំង​នេះ​បាន​កើត​មាន​ឡើង​នៅ​ជិត​ទ្វារ​ធំ​ចេញ​ពី​ស្ថានីយ៍​រថ​ភ្លើងនៅ​ក្នុង​សង្កាត់ Ulus នៃ​រដ្ឋធានី​ប្រទេស​តួកគី ដោយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​នាក់​ក្នុង​បណ្តា​ក្រុម​ជន​ចូលរួម​ក្នុង​ការ​ប្រមូល​ផ្តុំ​ នោះ ដែល​បាន​ត្រូវ​រៀបចំ​ឡើង​ដោយ​ក្រុម​ការងារ ​និង​ក្រុម​សង្គម​ស៊ីវិល។​

ក្រុម​មន្ត្រី​ខាង​សន្តិសុខ​បាន​និយាយ​ថា​ គេ​ដឹង​មិន​ច្បាស់លាស់​ទេ​ថា​តើ​ការ​ផ្ទុះ​ទាំង​នេះ​បណ្តាល​មក​ពី​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ​ឬ​បែប​ណា​ឡើយ។​ទី​ភ្នាក់ងារ​ព័ត៌មាន​ Anadolu របស់​រដ្ឋ​បាន​រាយការណ៍​ថា​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​សុខាភិបាល​បាន​និយាយ​ត្រួសៗ​ប្រាប់​នាយករដ្ឋមន្ត្រី​តួកគី​លោក​ Ahmet Davutoglu ​ពី​ឧប្បត្តិហេតុនេះ​។​ លោក​មាន​កំណត់​នឹង​ជួប​ជាមួយ​ប្រមុខ​មន្រ្តី​ខាង​សន្តិសុខ​នៅ​ពេល​បន្ទាប់​មក​ទៀត​ក្នុង​ថ្ងៃ​សៅរ៍​នេះ។​

ក្រុម​មន្ត្រី​តួកគី​បាននិយាយ​ថា​ ការ​ផ្ទុះ​ទាំង​នេះ​ជា «ការ​វាយ​ប្រហារ​ភេរវកម្ម»។ទី​ដៅ​នៃការ​វាយ​ប្រហារនេះ​ហាក់​ដូចជា​ ការ​ដើរ​ក្បួន​ដែល​បាន​ត្រូវ​អំពាវ​នាវ​ឲ្យ​ធ្វើ​ឡើង​ ដើម្បី​ស្នើ​ឲ្យ​មាន​ការ​បញ្ចប់​អំពើ​ហិង្សា​ជាមួយ​ពួក​ទាមទារ​បំបែក​រដ្ឋ​ Kurde គឺ​គណបក្ស​កម្មករ​ Kurdstan ដែល​ហៅ​កាត់ថា PKK។​ លោកSelahattin Demirtasមេដឹកនាំ​គណបក្សប្រជាធិបតេយ្យ​របស់​ប្រជារាស្ត្រ ដែល​លម្អៀង​ទៅ​ខាងKurdeបាន​និយាយ​ប្រាប់​ក្រុម​អ្នកកាសែត​ថា​ចំនួន​មនុស្ស​ស្លាប់​នឹង​មាន​ច្រើន។ លោក​បាន​ប្រៀបធៀប​ការ​វាយ​ប្រហារ​នេះ​ទៅ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​ពីរ​គ្រាប់​កាល​ពី​ពេល​មុន​នេះ​ក្នុង​ឆ្នាំនេះ​នៅ​ក្នុង​ក្រុង Diyarbakir និង​ក្រុង​ Suruc ដែល​មាន​អ្នកស្រុក​ភាគ​ច្រើន​ជា​ក្រុម​ជន​អំបូរ Kurde នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស៕