យុវជន​២​នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូ​ពេលយប់​ត្រូវ​រថយន្តក្រុង ច្រាស់ទិស​គ្នា​បុក​ចំ​ពេញទំហឹង​

​ ​ខេត្តកំពង់ឆ្នាំង​៖​ ​យុវជន​២​នាក់​ដែលជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី​ត្រូវ​រថយន្តក្រុង​មួយគ្រឿង បាន​បុក​ចំ​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​។ ហេតុការណ៍​ដ៍​គួរអោយ​រន្ធត់​នេះ បានកើត​ឡើង​នៅ​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​ទ័ព​ត្បែង ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​ ​ ​

លោក ឈឹម សារុន នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បានបញ្ជាក់​អោយដឹងថា​៖ យុវជន​រងគ្រោះ​ទាំង​២​មានឈ្មោះ មឿ​ន ចាន់​រ៉ា អាយុ​២៤​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ និង​ឈ្មោះ យ៉ាន សុ​ណាក់ អាយុ​២៤​ឆ្នាំ ជា​អ្នក​អង្គុយ​ពីក្រោយ ពួកគេ​ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​ស្រះកែវ ឃុំ​មេលំ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។ រថយន្តក្រុង​បង្កហេតុ​របស់​ក្រុមហ៊ុន លី ហុង ពណ៌​ទឹកសមុទ្រ ពាក់​ផ្លាកលេខ ភ្នំពេញ 3C-8777 បើក​ដឹក​អ្នកដំណើរ​៤៥​នាក់ ក្នុងទិសដៅ​ពី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយប៉ែត​បាន​បុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្កូ​ប​ពី​សេរី​២០១៣ ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ​ច្រាស់ទិស​គ្នា បណ្តាល​ស្លាប់​យុវជន​ទាំង​២​នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​ ​ ​

​សាក្សី​ជា​អ្នក​ឆែក​សំបុត្រ​រថយន្ត ដែល​ជិះ​នៅក្នុង​រថយន្ត​ផ្នែក​ខាងមុខ​បានអោយដឹង ថា​៖ មុនពេល​កើតហេតុ គាត់​ឃើញ​ម៉ូតូ​២​គ្រឿង បើកបរ​ក្នុងទិសដៅ​ច្រាស់ទិស​គ្នា​ជាមួយ រថយន្ត ខណៈ​បើក​មកដល់​ចំណុចកើតហេតុ អ្នកបើក​រថយន្តក្រុង​បាន​បើក​ងាក​ចេញពី រថយន្ត​១​គ្រឿង​ដែល​ឈប់​ចត​ស្ងៀម​ស្រប​ទិស​ហើយ​ម៉ូតូ​ស្កូ​ប​ពី​បាន​វ៉ា​ម៉ូតូ​១​គ្រឿង​ទៀត​ដូចគ្នា ក៍​ត្រូវ​រថយន្តបុក​ស្លាប់​តែម្តង​។​

ដោយឡែក​អ្នកបើក​ម៉ូតូ​មួយគ្រឿង​ទៀត ត្រូវជា​បងប្អូន​ដែល​បានធ្វើ​ដំណើរ​តាម​ពី ក្រោយ ម៉ូតូ​រងគ្រោះ​បាន​ប្រាប់ថា​៖​ពួកគាត់​នាំគ្នា​ជិះ​ម៉ូតូ​២​គ្រឿង​មាន​គ្នា​៤​នាក់ បំណង​មក​គេង នៅ​ក្រុង​កំពង់ឆ្នាំង​ព្រោះ​ព្រឹក​ឡើង​ត្រូវ​ចូលធ្វើការ លុះ​បើក​មកដល់​ចំណុចកើតហេតុ​ស្រាប់ តែ​រថយន្តក្រុង លី ហុង ១​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន បាន​ងាក​ចង្កូត​គេច​ពី​រថយន្ត​ខូច​ចត​នៅ​អែប​ផ្លូវ និង​បាន​បុក​អូស​ម៉ូតូ​ស្កុប​ពី របស់​យុវជន​រងគ្រោះ​ទំហឹង​តែម្តង​។​ ​ ​

​សព​យុវជន​រងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​ឪពុកម្តាយ​បងប្អូន​ក្រុមគ្រួសារ ដឹក​តាម​គោយន្ត យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិកំណើត​ទាំងយប់​។​ដោយឡែក​ម៉ូតូ និង​រថយន្តក្រុង ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ស្រុក​រលាប្អៀរ ធ្វើ​កំណត់ហេតុ​បញ្ជូន​យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​ចំណែក​អ្នកបើកបរ និង​ព្រូ​រថយន្តក្រុង ក្រោយពេល​កើតហេតុ​បាន​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង នៅសល់តែ​អ្នក​ឆែក​សំបុត្រ​រថយន្ត​ប៉ុណ្ណោះ ដោយឡែក​អ្នកដំណើរ​ចំនួន​៤៥​នាក់ ត្រូវបាន​ក្រុមហ៊ុន​យក​រថយន្តក្រុង​មួយគ្រឿង​ទៀត​ពី​ក្រុងភ្នំពេញ មក​សាង​ដឹក​ឆ្ពោះទៅ​គោលដៅ​ក្រុង​ប៉ោយប៉ែត​ទាំងយប់​៕ រិ​ទ្ធិ ជ័យ

KA-10-10-2015-08 KA-10-10-2015-09 KA-10-10-2015-10 KA-10-10-2015-11 KA-10-10-2015-12 KA-10-10-2015-13​ ​