ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ករណី​ឆក់​កាបូប នៅ​ក្រុង​បាន​លុង​

​ខេត្តរតនគិរី​៖ ជនសង្ស័យ​ម្នាក់​ដែលជា​មុខសញ្ញា​ចាស់​ធ្វើ​សកម្មភាព​ការ​ឆក់ លួច និង​ប្លន់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅ​ក្រុង​បាន​លុង ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ឃាត់ខ្លួន​បាន​បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពុំបាន​សម្រេច​។ បន្ទាប់ពី​មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​ឡា​បាន​សៀក សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​នៅត្រង់ចំណុច​ផ្លូវកែង​ចូល​ហាង​កា​រ៉ា​អូ​ខេ​យីហោ​988 ស្ថិតនៅ​ក្នុងភូមិ​អូរ​រមៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី កាលពី​វេលា​ម៉ោង​១៩ និង​០០​នាទី​យប់ ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៥ ។

មន្ត្រីនគរបាល​ប៉ុស្តិ៍​សង្កាត់​ឡា​បាន​សៀក​បាន​ឲ្យ​ដឹងថា​៖ ជនសង្ស័យ​មានឈ្មោះ​បាក់ សីហា ហៅ​ស៊ើ​ង ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង និង​មាន​មុខរបរ​កម្មករ​សំណង់​។ ក្នុងខណៈ​ឃាត់ខ្លួន​នោះ​សមត្ថកិច្ច​បាន​ដកហូត​បាន​ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ី​រ៉ូ​ស ពណ៌​ខ្មៅ តែម​ស លាយ ក្រហម ពុំមាន​ស្លាក​លេខ ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​។​

​មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​៖ ជនសង្ស័យ​ជា​មុខសញ្ញា​ដែល​បាន​ប្រព្រឹត្តិ នៅ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស និង​ឆក់​កាបូប កាលពី​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៥ ដែលមាន​ចំនួន​ពីរលើក​ក្នុងពេល​តែមួយ​។ លើ​ទី​១ ស្ថិតនៅ​ក្នុងភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី វេលា​ម៉ោង​១៨ និង​២០​នាទី នៅ​ចំណុច​ទល់មុខ​មណ្ឌល​សុខភាព​ក្រុង​បាន​លុង​។ ជនរងគ្រោះ​មានឈ្មោះ​វ៉ែន សុ​ខាវ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​អ៊ុតសក់​។ លើក​ទី​២ ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង វេលា​ម៉ោង​១៨ និង​៣០​នាទី​ត្រង់ចំណុច​មុខ​បុប្ផា​ជាយដែន​។ ជនរងគ្រោះ​មានឈ្មោះ ប៊ុត ស្រី​ណុ​ច ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ចុងភៅ​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស​ង្កា​ត់​ឡា​បាន​សៀក​បំពេញ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តរតនគិរី​នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៥​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​លី វណ្ណៈ

KA-10-10-2015-14 KA-10-10-2015-15 KA-10-10-2015-16​ ​