ស្ត្រី​ក្មេង​​ម្នាក់ បាន​គប់​លុយ​លើ​មុខ​អ្នក​លក់​​នៅ​ចិន ផ្ទុះ​រឿង​អាស្រូវ

ចង់ដឹងថាខ្ញុំមានលុយ ឬអត់? អញ្ចឹងយកទៅ! ហេតុការណ៍ ត្រូវបានថតជាប់ ក្នុង​វីដេអូមួយ ហើយត្រូវ​បាន​បង្ហោះ បង្ក​ការ​ក្ដៅ​ក្រហាយ​មិន​តិច​ឡើយ នៅក្នុងប្រទេសចិន។
ទិដ្ឋភាពគប់ក្រដាសប្រាក់ ទៅលើមុខរបស់អ្នកលក់ គ្រឿងអលង្កាមួយរូប បង្កឲ្យផ្ទុះរឿងអាស្រូវជាថ្មី នៅចិន។

នៅក្នុងវីដេអូខាងលើ គេឃើញអតិថិជនជាស្ត្រីវ័យក្មេងម្នាក់ ដែលទំនងជាមិនសប្បាយចិត្ត បានគប់លុយ​ជា​ច្រើន​សន្លឹក និងជាច្រើនដង ទៅលើមុខរបស់ស្ត្រី ជាអ្នកលក់មួយរូប នៅក្នុងហាងគ្រឿងអលង្កា នៃខេត្ត ហេប៉ី (Hebei) ភាគខាងកើតប្រទេសចិន។

ស្គាល់ឪខ្ញុំឬអត់?

ស្ត្រីជាអ្នកទិញវ័យក្មេង ដែលទំនងជាខឹងសម្បា ព្រោះអ្នកលក់ បានបង្ហាញគ្រឿងអលង្កា មួយសម្រាប់ម្ដង ក្នុង​ពេលតែមួយ (ជាលក្ខត្តិកៈរបស់ហាង) នោះ បានផ្ទុះកំហឹងឡើង។ នាងស្រែកឡើងថា៖ «នាងឯងគិតថា ខ្ញុំ​គ្មាន​មធ្យោបាយ ដើម្បីទិញគ្រឿង មាសពេជ្រទាំងនេះឬ?» ជាមួយនឹងកាយវិការ ដកក្រដាសប្រាក់ជាច្រើន គប់​ចំ​កណ្ដាលមុខ របស់ស្ត្រីអ្នកលក់ ដែលឈរនៅផ្នែកខាងក្នុងនោះ នាងជាអ្នកមានថ្មី បានបន្តស្រែកទៀតថា៖ «នាង​ឯងជឿហើយឬនៅ ថាខ្ញុំអាចទិញ ផ្លូវនេះទាំងមូលបាន!»។

ស្ត្រីអ្នកទិញវ័យក្មេង បានស្រែកបន្ថែមថា៖ «នាងឯងដឹងឬទេ ថាឪពុកខ្ញុំជានរណា?»

វីដេអូបានបង្ក ឲ្យមានការពេបជ្រាយ យ៉ាងច្រើនពោរពាស សឹងតែទូទាំងប្រទេសចិន។ ក្រុមអ្នកពេបជ្រាយ បាន​លើកឡើង ពីភាពក្រអឺតក្រទម របស់«Fuerdai» ពាក្យថ្មីសម្រាប់ហៅ កូនចៅអ្នកមានថ្មី​នៅក្នុងប្រទេស ដែល​តែង​ប្រើប្រាស់ឥទ្ធិពល នៃថានៈ ឬមាសប្រាក់ របស់ឪពុកម្ដាយរបស់ពួកគេ ទៅប្រព្រឹត្តិនូវអ្វីៗគ្រប់យ៉ាង ដែល​ពួក​​គេគិតថាចង់។ ជាពិសេស គេកាន់តែពេបជ្រាយខ្លាំងឡើង ខណៈគម្លាតនៃអ្នកក្រ និងអ្នកមាន នៅ​ក្នុង​ប្រទេស មានចំងាយសឹងតែហៅមិនឮ។

នាឡិកាតម្លៃជិត២ម៉ឺនដុល្លា មកបំពាក់... ឲ្យឆ្កែ!

កាលពីអំឡុងខែឧសភាកន្លងទៅ រូបថតមួយសន្លឹករបស់យុវជន វ៉ាង ស៊ីកុង (Wang Sicong) កូនប្រុសរបស់​កំពូលមហាសេដ្ឋីចិន «Dalian Wanda» បានធ្វើឲ្យផ្ទុះ ជារឿងអាស្រូវដូចគ្នាដែរ។ រូបនោះ (រូបខាងក្រោម) បាន​ថតបង្ហាញពីឆ្កែ របស់កូនប្រុសអ្នកមាន ពាក់នាឡិកា «Apple watches» ពណ៌មាស ដែលមានតម្លៃក្នុងមួយ​គ្រឿង រវាង ពី១ម៉ឺនដុល្លា ទៅ១,៨ម៉ឺនដុល្លា។ នៅអមនឹងរូបភាព ដែលត្រូវបានបង្ហោះ នៅលើបណ្ដាញ​សង្គម​ចិន «Weibo» យុវជន វ៉ាង ស៊ីកុង បានសរសរថា៖ «ខ្ញុំមាននាឡិកាថ្មីហើយ! ខ្ញុំត្រូវមាននាឡិកានេះ ដល់​ទៅ​បួន​គ្រឿង ព្រោះខ្ញុំមានជើងបួន។ តែវាមិនសូវស្អាតទេ អញ្ចឹងខ្ញុំបានពាក់វា តែពីរប៉ុណ្ណោះ ហើយវាស័ក្ដិសមនឹង​ថានៈ​របស់ខ្ញុំ នៅក្នុងសង្គមនោះផង។ ចុះអ្នកវិញ មានមួយហើយឬនៅ?»៕

ស្ត្រី​ក្មេង​​ម្នាក់ បាន​គប់​លុយ​លើ​មុខ​អ្នក​លក់​​នៅ​ចិន ផ្ទុះ​រឿង​អាស្រូវ