​ការ​មាន​ផ្ទៃពោះ​គួរតែ​មាន​នៅ​អាយុ​ប៉ុន្មាន​ទើប​ល្អ​?

​ការ​មាន​ផ្ទៃពោះ​គួរតែ​មាន​នៅ​អាយុ​ប៉ុន្មាន​ទើប​ល្អ​?

​អាយុ​ដែល​ត្រឹមត្រូវ​សម្រាប់​ការ​មាន​ផ្ទៃពោះ​គឺ​ក្រោម​៣០​ឆ្នាំ ព្រោះ​កម្រិត​នៃ​លទ្ធភាព​អាច​មាន​កូន​បាន​របស់​មនុស្ស​ស្រី​នឹង​ថយចុះ​នៅពេល​អាយុ​លើសពី​៣០​ឆ្នាំ​។ នៅ​ពេល​អ្នក​អាយុ​កាន់តែច្រើន ការផលិត មេ​ជីវិត​ញី​ក្នុង​រាងកាយ​នឹង​ថយចុះ ដូច្នេះ​ហើយ​ការ​ប្រឈម​នឹង​ការ​មិន​អាច​មាន​កូន​បាន​គឺ​ខ្ពស់​។ យោងទៅតាម American Society of Reproductive Medicine បានឱ្យដឹងថា ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​នឹង​ថយចុះ​២០​ភាគរយ​នៅពេល​ស្ត្រី​ឈាន​ដល់​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ ហើយ​នេះ​មិនទាន់​គិតដល់​ស្ត្រី​នោះ​មាន​សុខភាព​ល្អ ឬ​មាន​លទ្ធភាព​អាច​មាន​កូន​ល្អ​ប៉ុនណា​ផង​។ ដល់​ពេល​អ្នក​អាយុ​៣៥​ឆ្នាំ ឱកាស​ទទួលបាន​វិបាក​ក្នុងពេល​មាន​កូន ការថែរក្សា​កូន​ក្នុង​ផ្ទៃ និង​ការ​សម្រាលកូន​ប្រកប​ដោយ​សុខភាព​ល្អ​នឹង​ថយចុះ​គួរឱ្យកត់សម្គាល់​។ តាម​ការសិក្សា​មួយ​របស់ Nova IVI Fertility (NIF) បានឱ្យដឹងថា ស្ត្រី​អាយុ​៣១​ឆ្នាំ​ឡើង​ទៅ​ប្រមាណ​៦៨​ភាគរយ ជ្រើសរើស​ក​យក​ការព្យាបាល​ឱ្យ​មាន​កូន​បាន ខណៈ​ដែល​ស្ត្រី​អាយុ​ពី​៣១ ទៅ​៣៥ មាន​ប្រមាណ​៣៦​ភាគរយ និង​ចាប់ពី​៣៥​ឆ្នាំ​ឡើង​ទៅ មានតែ​៣២​ភាគរយ​ប៉ុណ្ណោះ​។

​ទោះបីជា​អ្នក​មាន​ផ្ទៃពោះ​ហើយ​ក៏​ដោយ ក៏​មាន​ឱកាស​ច្រើនណាស់​ដែល​អ្នក​អាច​នឹង​ប្រឈមមុខ​នឹង​ផលវិបាក​ក្នុង​ការថែរក្សា​កូន​ក្នុង​ផ្ទៃពោះ​។ ដោយសារ​តែ​រាងកាយ​អ្នក​មាន​ប្រែប្រួល​អ័រម៉ូន​ច្រើន ដូច្នេះ​វា​អាច​នាំ​ឱ្យរ​លូត​កូន ឬ​សម្រាល​មិន​គ្រប់​ខែ​បាន​។ នេះ​ហើយ​គឺជា​ហេតុផល​មួយ​ដែល​ស្ត្រី​គ្រប់រូប​ដែល​មាន​កូន​ក្រោយ​អាយុ​៣០​ឆ្នាំ គួរតែ​ពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់ និង​ប្រាប់​ដល់​អ្នកជំនាញ​ខាង​រោគ​ស្ត្រី និង​សម្រាល​ក្នុងករណី​មាន​ការប្រែប្រួល​អ្វី​ក្នុង​រាងកាយ​សំខាន់ ឬ​បញ្ហា​បន្ទាន់​។

​បើសិន​ជា​អ្នក​មាន​ផ្ទៃពោះ​នៅ​អាយុ​ច្រើន វា​អាច​នឹង​ត្រូវការ​ពេល​យូរ​ក្នុងការ​សម្រាល ហើយ​អ្នក​ប្រហែល​ជា​ត្រូវការ​សម្រាល​ដោយ​ការ​វះ​ទៀង​ផង​។ ក្រៅពីនេះ ការ​មាន​ផ្ទៃពោះ​នៅ​អាយុ​ច្រើន​មាន​ទំនាក់ទំនង​យ៉ាងខ្លាំង​នឹង​ការប្រឈមមុខ​នឹង​ភាពមិនធម្មតា​ផ្នែក​ហ្សែ​ន​ដែល​កើត​លើ​ទារក​ដូចជា ពក​ឆ្អឹងខ្នង ឬ​ជំងឺ​មិន​គ្រប់ទឹក​ជាដើម​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។