ស្លាប់​ជិត១០០នាក់ ក្នុងការ​វាយប្រហារ​គ្រាប់បែក មិន​ធ្លាប់​មាននៅ​តួ​ក​គី

នៅ​ក្រុង​តួ​ក​គី  ព្រឹក​ថ្ងៃ​សៅរ៍​ម្សិលមិញ ការវាយប្រហារ​គ្រាប់បែក​ចំនួន២ បាន​កើតឡើង​ស្ទើរតែ​ទន្ទឹមពេល​គ្នា នៅ​កន្លែង​បាតុកម្មអហិង្សា​មួយ នៅមុខ​ស្ថានីយ​រថភ្លើង រដ្ឋធានី​អង់កា​រ៉ា។ មនុស្ស៩២នាក់ បាន​ស្លាប់បាត់​បង់ជីវិត និង​ជិត២០០នាក់​ទៀត​រងរបួស។ ភ្លាមៗ រដ្ឋាភិបាល​តួ​ក​គី​បានចាត់ទុក​ហេតុការណ៍​នេះ ថា​ជា​អំពើ​ភេរវកម្ម​តែម្តង។ ប្រទេស​តួ​ក​គី​កាន់ទុក្ខ​ជនរងគ្រោះ​ចំនួន៣ថ្ងៃ។

នេះ​ជា​លើក​ទី១ ហើយ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​តួ​ក​គី​រង​ការវាយប្រហារ​ភេរវកម្ម​ធ្ងន់ធ្ងរ​បែបនេះ។ ថ្ងៃ​សៅរ៍​ម្សិលមិញ ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​បានកើត​ឡើង ប្រហែល​ម៉ោងជាង១០ព្រឹក ក្នុងពេល​សកម្មជន​គាំទ្រ​កៀ​ឌី​ស្តង់ (HDP) និង​សកម្មជន​ឆ្វេងនិយម​កំពុង​ជុំគ្នា​ធ្វើបាតុកម្ម​អហិង្សា នៅមុខ​ស្ថានីយ​រថភ្លើង​ក្រុង​អង់កា​រ៉ា។ ជា​បាតុកម្ម​បរិហារ​អំពី​ហិង្សា​នៅ​ភាគខាងត្បូង​ប្រទេស។

គ្រាប់បែក បាន​ផ្ទុះ​នៅ២កន្លែង​ផ្សេងគ្នា ប៉ុន្តែ ភេរវកម្ម​ទាំង២ផ្ទុះឡើង ស្ទើរតែ​ក្នុងពេល​តែមួយ ខុសគ្នា​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ។ យោងតាម​នាយករដ្ឋមន្ត្រី លោក Ahmet Davutoglu ភេរវកម្ម​ទាំងនេះ​អាច​កើតឡើង ដោយ​មនុស្ស២នាក់​ដែល​បំពាក់​គ្រាប់បែក​អត្តឃាត។ លោក​Davutoglu គិតថា ក្រុម​ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​នេះ គឺមាន​ក្រុម​រដ្ឋ​អ៊ីស្លាម គណបក្ស​ការងារ​កៀ​ឌី​ស្តង់(PKK) និង​គណបក្ស​រណសិរ្ស​បដិវត្តន៍​រំដោះប្រជាជន(DHKP-C)។

ប៉ុន្តែ បក្ស​គាំទ្រ​កៀ​ឌី​ស្តង់(HDP) បាន​ចោទ​រដ្ឋាភិបាល​ថា មាន​ពាក់ព័ន្ធ​នឹង​ភេរវកម្ម។ មូលហេតុ​គឺ​ដោយសារតែ​ភេរវកម្ម​ទាំង២នេះ បានកើត​ឡើង​តែ៣សប្តាហ៍​ប៉ុណ្ណោះ មុន​ការបោះឆ្នោត​សភា។ តួ​ក​គី​នឹង​រៀបចំ​បោះឆ្នោត​សភា នៅ​ថ្ងៃ១វិច្ឆិកា​ខាងមុខ ជាការ​បោះឆ្នោត​សំខាន់បំផុត សម្រាប់​ប្រ​ធានា​ធិ​តី​អភិរក្សនិយម Recep Tayyip Erdogan។

ល្ងាច​ថ្ងៃ​សៅរ៍ ម្សិលមិញ ប្រជាជន​ក្រុង​អង់កា​រ៉ា​បាននាំគ្នា​សំងំ​នៅផ្ទះ មិន​ចេញ​ដើរលេង​ខាងក្រៅ ខ្លាច​មាន​ហិង្សា​ផ្ទុះឡើង​ជាថ្មីទៀត។ ដោយឡែក នៅ​ក្រុង​អ៊ី​ស្តង់​ប៊ូល បាតុករ​រាប់រយ​នាក់​បាន​ជួបជុំគ្នា ស្រែក​ចោទ​រដ្ឋាភិបាល​ថា បាន​បង្ក​ហិង្សា​គ្រាប់បែក កាលពី​ព្រឹក​ថ្ងៃ​សៅរ៍៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?