ស្ទះផ្លូវ​នៅ​ស្ពាន​ជ្រោយចង្វារ នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ រីឯ​ផ្លូវ​ចំនួន​ទៀត ចេញពី​ភ្នំពេញ ក៏មាន​អ្នកធ្វើដំណើរ​ច្រើន​

ភ្នំពេញ: ផ្លូវ​ឡើងទៅ​កាន់​ស្ពាន​ជ្រោយចង្វារ បាន​កកស្ទះ ចាប់តាំងពី​ព្រឹក​ថ្ងៃ​សៅរ៍ បន្ត​រហូតដល់​ព្រឹក​ថ្ងៃអាទិត្យ ទី​១១​តុលា​នេះ​។ អ្នក​ភ្នំពេញ បន្ត​ចេញទៅ​តាម​ខេត្ត និង​ទៅ​វត្ត​ជាយៗ​ក្រុង ខណៈដែល​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​កាន់តែច្រើន ក៏បាន​ចាក​ចេញពី​ភ្នំពេញ ទៅកាន់​ស្រុកកំណើត ដោយ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​សំខាន់ៗ ចាក​ចេញពី​ភ្នំពេញ​។​

នៅភ្នំពេញ ចាប់ផ្តើមស្ងាត់ជាងថ្ងៃធម្មតា។ ផ្ទះជាច្រើនបានចាក់សោរចោល ហាង​ទំនិញ ក្រុមហ៊ុន រោងចក្រកាត់ដេរ ស្ថាប័ន​មន្ទីរ​រដ្ឋ សាលារៀន ក៏បានបិទទ្វារ។ អ្នកភ្នំពេញ នៅតែបន្តចាកចេញទៅកាន់ស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលចូលមកដល់ នាថ្ងៃទី១២តុលា។

​អ្នកធ្វើដំណើរ​តាម​ម៉ូតូ តាមផ្លូវ​ជាតិ​ចេញពី​ភ្នំពេញ ដូចជា ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​១ ជាដើម ត្រូវបាន​គេ​មើលឃើញថា បាន​បើកបរ វ៉ា​ជែង និង​បើក​នៅ​កណ្តាលផ្លូវ ពោលគឺ​ដោយសារតែ​ម៉ូតូ​ច្រើន ក៏មាន​អ្នកបើក​ម៉ូតូ​ខ្លះ បើក​នៅ​កណ្តាលផ្លូវ ហើយ​អ្នក​បើកឡាន ស៊ី​ផ្លេ ឲ្យ​អែប​ខាង ក៏​អ្នកបើក​ម៉ូតូ ពិសេស​ម៉ូតូ​រ៉ឺម៉ក​កង់​បី ធ្វើ​មិនលឺ និង​មិនបាន​អែប​ខាង​នោះទេ​។​

​អ្នកបើកបរ​ឡាន បានបង្ហាញ​ការបារម្ភ​ពី​សុវត្ថិភាព​អ្នកជិះ​ម៉ូតូ ដែល​បើក​វ៉ា​ជែង​គ្នា ហើយ​បើក​កណ្តាលៗ​ផ្លូវ ខណៈដែល​ឡាន​ជាច្រើន ក៏បាន​ធ្វើដំណើរ​ទៅតាម​បណ្តា​ខេត្ត​ដែល​នោះ​៕​