សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមវេទិកា និងសន្និសីទ នៅទីក្រុងម៉ាកាវ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅ ម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០១៥នេះ បានអញ្ជើញចាកចេញពីប្រទេសកម្ពុជា ដើម្បីចូលរួមក្នុង វេទិកា និងសន្និសីទមួយចំនួន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុងម៉ាកាវ និង ទីក្រុងប៉េកាំង ប្រទេសចិន។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា វេទិកា និងសន្និសីទ ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមនេះរួមមាន៖

១. វេទិកាសេដ្ឋកិច្ចទេសចរណ៍សកលម៉ាកាវ ឆ្នាំ២០១៥

២. សន្និសីទពិសេសរបស់គណបក្សនយោបាយនៅអាស៊ី ស្តីពីវិថីសូត្រ

៣. វេទិកាស្តីពីការកាត់បន្ថយភាពក្រីក្រសកល និងការអភិវឌ្ឍន៍ឆ្នាំ២០១៥

៤. វេទិកាសៀងសានលើកទី៦

នៅក្នុងវេទិកា និងសន្និសីទនេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងត្រូវឡើងថ្លែងសុន្ទរកថាគន្លឹះមួយចំនួនផងដែរ។

បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស បានឲ្យដឹងថា នៅអំឡុងពេលស្នាក់នៅប្រទេសចិន សម្តេចតេ ជោ ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំចិនផងដែរ។ គណៈប្រតិភូអមដំណើររួមមាន៖ ឧបនា យករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ប្រាក់ សុខន រដ្ឋមន្រ្តីទូរគមនាគមន៍ និងប្រៃសនីយ៍ ព្រមទាំងសមាជិករដ្ឋាភិបាលដទៃទៀត។

ការអញ្ជើញចូលរួមវេទិកា និងសន្និសីទ ដើម្បីជាប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរនេះ បានធ្វើ ឲ្យសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខកខានក្នុងការចូលរួមបុណ្យភ្ជំបិណ្ឌជាមួយប្រជាពលរដ្ឋ ខ្មែរ ហើយសម្តេច ក៏ខកខានក្នុងការបោះឆ្នោតគាំទ្របេក្ខជនប្រឡងក្នុងកម្មវិធី Cambodian Idol ផងដែរ៕