គឹម ជុង​អ៊ុន បង្ហាញ​ព្យុហយាត្រា​យោធា​បំភ័យ​អាមេរិក

"ថ្ងៃនេះ គណបក្ស​យើង​ប្រកាស​ម៉ឹងម៉ាត់​ថា កងទ័ព​បដិវត្តន៍​របស់​យើង​មាន​សមត្ថភាព​ប្រឈមមុខ​នឹង​សង្គ្រាម ដែល​ញុះញង់​ឡើង​ដោយ​អាមេរិក ហើយ​យើង​ត្រៀមខ្លួន​ការពារ​ប្រជាជន និង​មេឃ​ពណ៌​ខៀវ​របស់​គណបក្ស​យើង។ " នេះ​ជា​ឃ្លាប្រយោគ​ដែល​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គឹម ជុង​អ៊ុន បានលើកឡើង នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ ក្នុងឱកាស​ព្យុហយាត្រា​យោធា រំលឹក​ខួប​លើក​ទី៧០របស់​គណបក្ស​ការងារ។

ក្នុង​សន្ទរកថា​ទៅកាន់​ជនរួមជាតិ លោក​គឹម ជុង​អ៊ុន ពោល​ពាក្យ​ទាំងនេះ​ឡើង​យ៉ាង​អង់អាច ខុសពី​ពេលកន្លងមក។ ថ្ងៃ​សៅរ៍​ម្សិលមិញ ក្រុង​ព្យុងយ៉ាង​បានរៀបចំ​ធ្វើ​ព្យុហយាត្រា​យោធា​យ៉ាង​អធិកអធម ដោយបាន​បង្អួត​នូវ​រថក្រោះ​ជាច្រើន​គ្រឿង និង​មី​ស៊ី​ល​ជាច្រើន​ដើម។ ព្យុហយាត្រា​នេះ​ត្រូវបាន​ហាត់​សម​មុន ច្រើន​ខែ​មកហើយ ដោយមាន​ការចូលរួម​ពី​គ្រប់​បណ្តាញ​មន្ត្រី​រដ្ឋការ។ ក្បួន​យោធា​នេះ​អាចជា​ក្បួន​ដ៏​ធំ​មួយ ក្នុង​ប្រវត្តិសាស្ត្រ​ជាតិ​កូរ៉េខាងជើង ហើយក៏​ជាការ​សម្តែង​នូវ​អំណាច​យោធា ដើម្បី​កម្លា​អាមេរិក​ផងដែរ។

ក្នុងឱកាស​ខួប​បក្សកុម្មុយនិស្ត​លើក​ទី៧០នេះ គេ​ឃើញ​មាន​វត្តមាន​តំណាង​បរទេស​តែមួយ​ប្រទេស​គត់ ដែល​ចូលរួម នោះ​គឺ​លោក Liu Yunshan ជា​មន្ត្រីជាន់ខ្ពស់​តំណាង​ប្រទេស​ចិន។ ចិន​មិនសូវ​ជា​សប្បាយ​ចិត្តនឹង​កូរ៉េខាងជើង​ប៉ុន្មាន​ទេ ព្រោះ​លោក គឹម ជុង​អ៊ុន នៅតែ​បង្ហាញ​ការ​រឹងទទឹង​ក្នុង​រឿង​នុយក្លេអ៊ែរ ជាមួយ​សហគមន៍​អន្តរជាតិ។

គួររំលឹកថា ក្រុង​ព្យុងយ៉ាង​ធ្លាប់​បានធ្វើ​ការបាញ់​សាកល្បង​នុយក្លេអ៊ែរ៣ដង គឺ​ក្នុង​ខែតុលា ឆ្នាំ២០០៦, ខែឧសភា ឆ្នាំ២០០៩ និង​ខែកុម្ភៈ​ឆ្នាំ២០១។ ទោះជា​សហគមន៍​អន្តរជាតិ​ដាក់ទណ្ឌកម្ម​យ៉ាងណាក្តី ក៏​រដ្ឋាភិបាល​កូរ៉េខាងជើង​មិនដែល​ខ្វាយខ្វល់​ឡើយ ដោយ​នៅតែ​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​ខ្លួន​យ៉ាង​ព្រងើយ។ ក្រុង​ព្យុងយ៉ាង​ថែមទាំង​គំរាម​សាកល្បង​នុយក្លេអ៊ែរ​ជា​លើក​ទី៤ទៀតផង។ យោងតាម​ការសិក្សា​រប​ស់​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុវត្ថិភាព​សន្តិសុខ នៅ​សហរដ្ឋអាមេរិក កូរ៉េខាងជើង​ប្រហែល​អាច​នឹងមាន​គ្រាប់បែកនុយក្លេអ៊ែរ​ពី១០ទៅ១៦គ្រាប់ នៅ​ដំណាច់ឆ្នាំ២០១៤កន្លងទៅ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?