ជនជាតិ​ដើម​ភាគ​តិច​នៅ​ស្ទឹងត្រែង​គ្រោង​ផ្ដិត​មេដៃ​ដក​ប្រធាន​សហគមន៍​ការពារ​ព្រៃ​ឈើ

ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង គ្រោង​ផ្ដិត​មេដៃ​ដាក់​​ញត្តិ​ទៅ​អាជ្ញាធរ​ខែត្រ និង​ស្ថាប័ន​ពាក់ព័ន្ធ អោយ​ដក​ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​ភ្នំ​ជម្រក​សត្វ​ចេញ​ពី​តំណែង បន្ទាប់​ពី​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​អស់​ជា​ច្រើន​ហិកតារ កាល​ពី​ពេល​ថ្មីៗ​នេះ។ ពួកគេ​ចោទ​ប្រកាន់​ប្រធាន​សហគមន៍​រូប​នោះ​ថា បំពេញ​ការងារ​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។

ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង  កំពុង​ជជែក​ពិភាក្សា​ដើម្បី​ស្វែង​រក​វិធានការ​ធានា​និរន្តរភាព​អភិរក្ស​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ដែល​កំពុង​ការ​កាប់​បំផ្លាញ។ អ្នក​ភូមិ​សង្ស័យ​ថា សកម្មភាព​កាប់​ឆ្ការ​ព្រៃ​សហគមន៍​បាន គឺ​ជា​អាជ្ញាធរ​ស្រុក​ថាឡាបរិវ៉ាត់ ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ដែល​បាន​ជួល​កម្មករ​ជា​ច្រើន​នាក់ សម្រុក​កាប់​ឆ្ការ​រាន​ព្រៃ​ដើម្បី​យក​ដី​អំឡុង​បុណ្យ​ប្រពៃណី​ជាតិ ឬ​បុណ្យ​ភ្ជុំបិណ្ឌ។

តំណាង​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច លោក អ៊ុក ម៉ៅ បារម្ភ​ថា ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ នឹង​ត្រូវ​បំផ្លិចបំផ្លាញ​នៅ​ពេល​ករណី​កាប់​ឆ្ការព្រៃ​យក​ដី​ធ្វើ​ជា​ដី​កម្មសិទ្ធិ​ឯកជន​អស់​ជាង ៣០​ហិកតារ​ទៅ​ហើយ  ទើប​អាជ្ញាធរ​ជំនាញ​ចុះ​ត្រួត​ពិនិត្យ កាល​ពី​ថ្ងៃ​ទី​៩ តុលា។ លោក​ថា ព្រៃ​សហគមន៍​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ឈ្មួញ​បាញ់​ថ្នាំ​ក្រហម ដោយ​សរសេរ​ឈ្មោះ​ថា មឹង រដ្ឋា ដើម្បី​កំណត់​ព្រំ​ដី​សហគមន៍​កាប់​ឆ្ការ​យក​ដី​ត្រង់​ចំណុច​អូរឆ្កូត។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​ដី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ក៏​ជា​ជម្រក​សត្វព្រៃ​ដ៏​កម្រ ដូចជា​សត្វ​ទន្សង សត្វ​ខ្ទីង និង​សត្វ​ប្រើស​ជាដើម កំពុង​រស់​នៅ​តំបន់​នោះ តែ​បើ​ព្រៃ​សហគមន៍​ត្រូវ​កាប់​បំផ្លាញ​សត្វ​ទាំង​នោះ​នឹង​ត្រូវ​ផុត​ពូជ៖ «ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ពី​ដើម​មាន​តាំង​ពី​ដំរី ខ្លា ទន្សោង ខ្ទីង សម្បូរ​ណាស់ ឥឡូវ​អស់​ដំរី​នៅ​តែ​ទន្សោង នៅ​តែ​ខ្ទីង​ទេ។ ប្រជាពលរដ្ឋ​គម្រោង​គេ​នៅ​ពេល​ដែល​ភ្ជុំ​ហើយ នឹង​ដក​គាត់​ចេញ តែ​ទុក​គាត់​នៅ អាច​បាត់បង់​ព្រៃ​សហគមន៍​ហ្នឹង»

​ឆ្លើយ​តប​ការ​លើក​ឡើង​នេះ ប្រធាន​សហគមន៍​ភ្នំ​ជម្រក​សត្វ លោក ញៀន ផន ទទួល​ស្គាល់​ថា ព្រៃ​សហគមន៍​ពិត​ជា​រង​ការ​កាប់​បំផ្លាញ​ពិត​មែន​កាល​ពី​ពេល​ថ្មីៗ​អស់​ប្រហែល ១៥​ហិកតារ ឋិត​នៅ​ទីតាំង​ចំនួន ២​កន្លែង​ផ្សេង​គ្នា ហើយ​សកម្មភាព​នៃ​កាប់​បំផ្លាញ​បង្ក​ឡើង​នៅ​ពេល​យប់។

លោក​ថា សហគមន៍​កំពុង​រៀបចំ​របាយការណ៍​ករណី​នេះ ដើម្បី​បញ្ជូន​សំណុំ​រឿង​ទៅ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ដើម្បី​ស៊ើប​អង្កេត​ចាប់​ជនល្មើស​អនុវត្ត​ច្បាប់។ ចំណែក​អ្នក​ភូមិ​គ្រោង​ផ្ដិត​មេដៃ​ទាមទារ​ដក​លោក​ចេញ​ពី​តំណែង លោក​គ្រាន់តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​បម្រើ​ការងារ​នេះ ដោយ​ការ​ស្ម័គ្រ​ចិត្ត ពុំ​មាន​ប្រាក់ខែ ក្នុង​បំណង​អភិរក្ស​ព្រៃឈើ​ឲ្យ​គង់វង្ស៖ «ខ្ញុំ​បញ្ជូន​សំណុំ​រឿង​ទៅ​មេព្រៃ។ មេព្រៃ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ដក​ហូត​យក​ដី​នេះ​មក​វិញ»

​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ឋិត​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ មាន​ផ្ទៃដី​ចំនួន  ៤.៤៤៦,១៦​ហិកតារ ត្រូវ​បាន​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ទទួល​ស្គាល់​ជា​ផ្លូវការ នៅ​ដើម​ឆ្នាំ​២០១៥។ ចំណែក​សហគមន៍​បាន​ស្នើ​សុំ​បន្ត​ទៀត​ទៅ​ថ្នាក់​ជាតិ ដើម្បី​ចុះបញ្ជី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ជា​ដី​ព្រៃ​សមូហភាព​នៅ​ដើម​ឆ្នាំ​២០១៥ តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ថ្លែង​បញ្ជាក់​ថា ព្រៃ​សហគមន៍​មាន​កំណត់​ព្រំ​ដី​ជាក់លាក់ បើ​ឈ្មួញ ឬ​មន្ត្រី​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​កាប់​ទន្ទ្រាន​ដើម្បី​យក​ដី គឺ​អាជ្ញាធរ​ជំនាញ​ត្រូវ​ដក​ហូត​ដី​ដែល​កាប់​បំផ្លាញ​ទាំង​នោះ មក​ជា​សម្បត្តិ​របស់​សហគមន៍ ឬ​សម្បត្តិ​រដ្ឋ។

លោក​ថា សហគមន៍​គ្រោង​ផ្ដិត​មេដៃ​ដើម្បី​ស្នើ​សុំ​ផ្លាស់ប្ដូរ​ប្រធាន​សហគមន៍ និង​ជ្រើសតាំង​ប្រធាន​សហគមន៍​ថ្មី​ដោយ​ការ​បោះឆ្នោត គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ។ លោក​បញ្ជាក់​ថា ព្រៃ​សហគមន៍​បាន​បាត់បង់​ជា​បន្ត​បន្ទាប់ ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ គឺ​ជា​ចំណុច​សង្ស័យ​ដែល​អ្នក​ភូមិ​លែង​មាន​ជំនឿ​ចិត្ត លើ​ការ​ដឹកនាំ​របស់​ប្រធាន​សហគមន៍៖ «ប្រសិនជា​ប្រធាន​សហគមន៍​ចាស់​មិន​ធ្វើ​ការ ឬ​មួយ​ក៏​មាន​ចេតនា​ខូច​ត្រូវ​តែ​ដូរ​ហ្នឹង​ហើយ។ គ្រប់​បុគ្គល​ប្រសិនជា​ធ្វើ​ខុស​បើកដៃ​ប្រសិនជា​ជំនាញ​អី វា​ចូល​ក្នុង​មាត្រា ១០១ ១០០ គត់​នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ​ឆ្នាំ​២០០២»

​ប្រធាន​សហគមន៍​ភ្នំ​ជម្រក​សត្វ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​សហគមន៍​ភ្នំ​ជម្រក​សត្វ មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ច្បាស់លាស់ ដែល​តែងតែ​ប្រជុំ​មួយ​ខែ​ម្ដង ដើម្បី​អភិរក្ស​ព្រៃឈើ​ឲ្យ​គង់វង្ស ដោយ​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ថវិកា​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID)។ ចំណែក​ការ​តែងតាំង​ជ្រើសរើស​ប្រធាន​សហគមន៍ គឺ​ធ្វើ​ឡើង​ដោយ​ការ​បោះឆ្នោត​ក្នុង ១​អាណត្តិ​រយៈពេល ៥​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។