រាជរដ្ឋាភិបាលបានផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានជាង ៤លានប័ណ្ណ – នីតា

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បានផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ជូនទៅ​ដល់ដៃ​ប្រជាពលរដ្ឋ​ នៅតាមបណ្តាខេត្ត នានា ទូទាំងប្រទេសកម្ពុជា បាន​ចំនួន​ជាង ៤លាន​ប័ណ្ណ​ហើយ​។

សេចក្តីជូនដំណឹង​រប​ស់​ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ចុះ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥ ដែលសារព័ត៏មានសេរីទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥នេះ បានអោយដឹងថា គិត​ត្រឹម​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៥ លទ្ធផល​សម្រេច​បាន​លើ​ការអនុវត្ត​បទបញ្ជា​លេខ ​០១បប នយោបាយ​ចាស់​សកម្មភាព​ថ្មី លើ​វិស័យ​ដីធ្លី​ក្នុងការ​វាស់វែង​ដីធ្លី និង​ចេញ​ប័ណ្ណកម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ ​រួមមាន​៖ ប្រកាស​តំបន់ វិនិច្ឆ័យ​ចំនួន ៣៥៧​ឃុំ បំពេញ​សលាក​ប័ត្រ​បាន​ជាង ៧១​ម៉ឺន​ក្បាលដី វាស់វែង​បាន ៧១​ម៉ឺន​ក្បាលដី បិទ​ផ្សាយបាន ៧១​ម៉ឺន​ក្បាលដី និង​ចែក​ប័ណ្ណ​ដល់ដៃ ប្រជាពលរដ្ឋ​បាន​ជិត ៦២​ម៉ឺន​ប័ណ្ណ​។​

ការសម្រេច​លើ​ឯកសារ​គតិយុត្តិ បម្រើឱ្យ​បទបញ្ជា​លេខ​ ០១​បប រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​អនុ​ប​យោគ កាត់​ផ្ទៃដី​សរុប​ទំហំ​ជាង ១,២លាន​ហិកតា ដែល​ក្នុងនោះ ទំហំ​ជិត ៣៩ម៉ឺន​ហិកតា កាត់​ចេញពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ចំនួន​ ១៤២ និង​ទំហំ​ជាង ២៧​ម៉ឺន​ហិកតា កាត់​ចេញពី​ក្រុមហ៊ុន​ព្រៃ​សម្បទាន​ចំនួន​១៧ និង​ទំហំ ៥៥ម៉ឺន​ហិកតា កាត់​ចេញពី​ដី​រដ្ឋ និង ដីព្រៃ​មាន​ដីកា​ដកហូត ដើម្បី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ តាមរយៈ​ព្រះរាជក្រឹត្យ​ចំនួន​១០២ អនុក្រឹត្យ​ចំនួន ៧៤១ និងសេចក្តីសម្រេច​ផ្តល់​គោលការណ៍​​របស់​រាជរដ្ឋាភិបាល​ចំនួន ៨០៥ ស​.​ជ​.​ណ​។​

សេចក្តីជូនដំណឹងដដែលបាន​បន្ថែមថា លទ្ធផល​សម្រេចបាន​លើ​ការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​​​​ប្រព័ន្ធ តាមរយៈ​កម្មវិធី អនុវិស័យ រដ្ឋបាល​ដីធ្លី ( LASSP ) ទាំង​២៥ រាជធានី​-​ខេត្ត បាននិង​​កំពុង​អនុវត្ត​នៅ​ស្រុក​ចំនួន ១០៣​ស្រុក ឃុំ​៤៧១ និង​ភូមិ ៤.១៣៧​ភូមិ រួមមាន​៖ បញ្ចូល​ទិន្ន័យ​បាន​ចំនួន​ជាង​ ៣,៤​លាន​ក្បាលដី បិទ​ផ្សាយ​ចប់​បាន​ជាង ៣,១​លាន​ក្បាលដី​និង​ចែក​ប័ណ្ណ​ដល់​ដៃ​ប្រជាពលរដ្ឋ​បាន​ជាង​២,៨​លាន​ប័ណ្ណ​។ លទ្ធផល​សម្រេចបាន​លើ​ការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ដាច់​ដោយ​ដុំ​បាន​ចំនួន ៦០​ម៉ឺន​ប័ណ្ណ​។ លទ្ធផល​សរុប នៃ​ការចេញ​ប័ណ្ណកម្មសិទ្ធិ ជូន​ដល់ដៃ ប្រជាពលរដ្ឋ​បាន​ចំនួន​ជាង ៤លាន​ប័ណ្ណ៕​ នីតា

 

រាជរដ្ឋាភិបាល​

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋចំនួន ៦៩៣ គ្រួសារ ស្មើនឹង ១.១៤៣ ប័ណ្ណ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋចំនួន ៦៩៣គ្រួសារ ស្មើនឹង ១.១៤៣ប័ណ្ណ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២។