ប្រជាពលរដ្ឋក្រុងដូនកែវ ប្ដឹងអ្នកតំណាងរាស្រ្តបក្សកាន់អំណាច ពីបទរំលោភយកដីបឹងរបស់រដ្ឋ – បូរ៉ា

តាកែវ៖ ប្រជាពលរដ្ឋប្រមាណ ៤៧គ្រូសារ ដែលរស់នៅក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បាននាំគ្នាដាក់ពាក្យបណ្ដឹងប្ដឹងលោកស្រី ងិន សុផុន អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តតាកែវរបស់គណបក្សប្រជាជនកម្ពុជា ពីបទរំលោភបំពានយកដីបឹងរបស់រដ្ឋ ធ្វើជាកម្មសិទ្ធរបស់ខ្លួន។

បើតាមពាក្យបណ្ដឹងមួយច្បាប់ ដែលមានប្រជាពលរដ្ឋចំនួន៤៧នាក់ បានផ្ដឹតមេដៃដាក់ចូលទៅកាន់ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងសាលាក្រុងដូនកែវ បានបញ្ជាក់ថា ក្រុមប្រជាពលរដ្ឋបាននាំគ្នាចោទប្រកាន់លោកស្រី ងិន សុផុន អ្នកតំណាងរាស្រ្តបក្សកាន់អំណាចថា បានបំពានព័ទ្ធរបងយកដីបឹងរបស់រដ្ឋ ដែលប្រជាពលរដ្ឋធ្លាប់ ប្រកបរបរកស៊ីធ្វើស្រែចំការ យូរយាមកហើយ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ថ្មីៗនេះអ្នកតំណាងរាស្រ្តរូបនេះបានយក​គ្រឿងចក្រ មកជីកនិងឈូសឆាយដីបឹងជាកង់ៗធ្វើជាស្រះ ហើយបានបិទផ្លូវទឹក ដែលហូរពីស្ពានខាងលិចមន្ទីរអភិវឌ្ឍន៏ជនបទ ខេត្តតាកែវ ពីត្បូងទៅ ជើងបិទទាំងស្រុងតែម្ដង។

ពាក់ព័ន្ធទៅនិងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋក្រុងដូនកែវនេះលោក យស់ ណាស៊ី អភិបាលរងខេត្តតាកែវ បានថ្លែងឲ្យដឹងថា ខាងសាលាខេត្តទើបតែទទួលបានពាក្យបណ្ដឹងនេះកាលពីសប្ដាហ៏មុន ហើយអាជ្ញាធខេត្តនិងធ្វើលិខិតអញ្ជើញលោកស្រីអ្នកតំណាងរាស្រ្ត ងិន សុផុន និងអាជ្ញាធរមូលដ្ឋានមកសាកសួរពីបញ្ហានេះ ក្នុងពេលឆាប់ៗខាងមុខនេះ៕បូរ៉ាTakeo01 Takeo02