លោក សួន សេរី​រដ្ឋា អញ្ជើញ​មេដឹកនាំ​គណបក្ស​ទើប​បង្កើត​ថ្មី ចង​ជា​សម្ព័ន្ធ​

ភ្នំពេញ: ​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​ប្រាប់​អោយដឹងថា នៅ​ថ្ងៃទី​២៩ ខែតុលា ខាងមុខនេះ លោក​នឹងធ្វើ​លិខិតអញ្ជើញ​មេដឹកនាំ​គណបក្ស ដែល​ទើប​បង្កើត​ថ្មី និង​គណបក្ស ដែល​មិនមាន​អាសនៈ​នៅក្នុង​រដ្ឋសភា ដើម្បី​ចងសម្ព័ន្ធ​គណបក្ស​គ្មាន​កៅអី ក្នុង​សភា ដើម្បី​តស៊ូ​គោលនយោបាយ​រួម​។​

​លោក សួន សេរី​រដ្ឋា បាន​បញ្ជាក់ថា "​គឺ​ហៅ​គ្រប់​គណបក្ស ដែល​ទើប​បង្កើត​ថ្មី និង​គណបក្ស ដែល​បាន​ចូលរួម​បោះឆ្នោត​ឆ្នាំ ២០១៣ តែ​មិន​ទទួល​កៅអី​ក្នុង​សភា​។ គោលបំណង និង​កម្មវត្ថុ គឺ​ដដែល "​ចង​ស​ម្ព័​ន​គណបក្ស​គ្មាន​កៅអី​ក្នុង​សភា ដើម្បី​តស៊ូ​គោលនយោបាយ​រួម​"​។​
 
​គោលនយោបាយ​រួម ដែល​គណបក្ស​អំណាច​ខ្មែរ មាន​ព្រៀង គឺ​៖១) ទាមទារ​ឲ្យ​បាន គ​.​ជ​.​ប ឯករាជ្យ ហើយ​រំលាយចោល គ​.​ជ​.​ប ដែលជា​កូតា​របស់​គណបក្សនយោបាយ​នេះ ចោល​។ ២) ទាមទារ​លុបឈ្មោះ​ជនជាតិ​វៀតណាម ចេញពី​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឲ្យ​អស់​។ ៣) ទាមទារ​ឲ្យ​ពលរដ្ឋ​ខ្មែរ រស់នៅ​និង​ធ្វើការ​នៅ​បរទេស​មាន​សិទ្ធិ​បោះឆ្នោត ៤) ទាមទារ​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​ស្នើ​រើស​បេក្ខភាព​អ្នក​ចង់​ឈរឈ្មោះ ជា​តំណាងរាស្ត្រ និង​ឈរ​ជា​នាយករដ្ឋមន្ត្រី ៥) ទាមទារ​កំណត់​អាណត្តិ​បេក្ខជន​អ្នក​ចង់​ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី បេក្ខជន​នាយករដ្ឋមន្ត្រី ត្រូវ​ឡើង​ជជែក​គ្នា​ជា​សាធារណៈ និង​ត្រូវ​បោះឆ្នោត​រើស​ផ្ទាល់​ពី​ពលរដ្ឋ​។​

​មិនទាន់មាន​ការលើក​ឡើង​បែបណា​ចំពោះ​គម្រោង​ថ្មី​របស់លោក​សួន​សេរី​រដ្ឋា នៅឡើយ​ទេ​។ ក៏ប៉ុន្តែ​កាលពី​ខែកញ្ញា មុនពេល​លោក​សួន​សេរី​រដ្ឋា ចូលមក​កាន់​ប្រទេស​កម្ពុជា គឺ​លោក​ម៉ម​សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សំឡេង​ប្រជាធិបតេយ្យ និង​លោក​យ៉េ​ង​វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​បដិសេធ​នូវ​ការស្នើ​ឲ្យ​ជួប​ជជែក​ពី​ការ​ចងសម្ព័ន្ធ​នោះ​៕​