តើ​អ្នក​ត្រូវ​និយាយ​យ៉ាងណា នៅពេលដែល​អ្នក​សម្ភាស​សួរ​ប្រាក់ខែ​បច្ចុប្បន្ន​របស់​អ្នក ?

អ្នក​កំពុងស្ថិត​ក្នុងការ​សម្ភាស​ន៍​ការងារ​ថ្មី​មួយ ហើយ​អ្នក​ត្រូវបាន​គេ​សួរថា៖ « តើ​ការងារ​បច្ចុប្បន្ន​របស់​ប្អូន​បាន​ប្រាក់ខែ​ប៉ុន្មាន ? » អ្នក​ហាក់​មានការ​លំបាក​ក្នុងការ​ឆ្លើយ​ពី​ប្រាក់ខែ​ពិតប្រាកដ។ បើសិនជា​ប្រាក់ខែ​របស់​អ្នកទាប អ្នក​ប្រាកដជា​មិន​ចង់​ប្រាប់​គេ​ពី​ការពិត​ទេ ព្រោះ​បើ​អ្នក​ប្រាប់​ត្រង់ អ្នក​ពិតជា​ពិបាក​នឹង​ទាមទារ​ប្រាក់ខែ​ខ្ពស់​សម្រាប់​តំណែង​ការងារ​ថ្មី។ តើ​អ្នក​គួរតែ​ឆ្លើយតប​បែបណា បើសិនជា​អ្នក​ពិតជា​ត្រូវតែ​ឆ្លើយ​នឹង​សំណួរ​នេះ​មែន​នោះ ?

ជម្រើស​ទី ១ ៖ រក្សា​ភាពស្មោះត្រង់

លោកស្រី Patricia O’Neil Messer ជាទី​ប្រឹក្សា​ធនធានមនុស្ស បាន​មានប្រសាសន៍ថា អ្នក​ត្រូវតែ​ឆ្លើយតប​ជាដាច់ខាត។ បើសិនជា​អ្នក​បាន​ប្រាក់ខែ​ទាប ហើយ​អ្នក​ចង់​ចាក​ចេញពី​ការងារ​បច្ចុប្បន្ន​ដោយសា​រ​ហេតុផល​នេះ អ្នក​ត្រូវតែ​សម្តែង​ភាពស្មោះត្រង់។ ទន្ទឹមនឹងនេះ អ្នក​ក៏​ត្រូវតែ​ពន្យល់​ប្រាប់​គេ​ផងដែរ​ថា ហេតុអ្វី​បានជា​អ្នក​សក្តិសម​នឹង​ទទួលបាន​ប្រាក់ខែ​ច្រើនជាង​បច្ចុប្បន្ន។

ផ្ទុយទៅវិញ បើ​អ្នកទទួលបាន​ប្រាក់ខែ​ខ្ពស់ជាង​ទីផ្សារ ក៏​អ្នក​ត្រូវតែ​ឆ្លើយ​ដោយស្មោះ​ត្រង់​ដែរ តែ​អ្នក​ត្រូវ​ពន្យល់ថា ក្រុមហ៊ុន​អ្នកទទួលបាន​ផលប្រយោជន៍​អ្វី​ពី​ការជ្រើសរើស​អ្នក​ឲ្យ​ធ្វើការ។ អ្នកទទួលបាន​ប្រាក់ខែ​ខ្ពស់ ដោយសារតែ​អ្នក​ធ្លាប់​ធ្វើការ​នៅ​ក្រុមហ៊ុន​ផ្សេង​ដែល​ផ្តល់​ប្រាក់ខែ​ខ្ពស់ ឬមួយ​ព្រោះថា​អ្នក​ត្រូវមាន​ការទទួលខុសត្រូវ​ច្រើន​ដែល​ពុំមាន​រៀបរាប់​នៅក្នុង​ព័ត៌មាន​លម្អិត​ការងារ។

អ្វីដែល​សំខាន់បំផុត គឺ​ភាពស្មោះត្រង់។ បើសិនជា​អ្នក​និយាយ​កុហក់ ហើយ​វិនិយោគិន​ស៊ើប​ដឹង​ការពិត​នោះ អ្នក​ពិតជា​បាត់បង់​ឱកាស​ការងារ​នេះហើយ។

ជម្រើស​ទី ២ ៖ និយាយ​បង្វែរ​ប្រធានបទ

លោកស្រី Claire Bissot អ្នក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​នៃ​ការិយាល័យ​ធនធានមនុស្ស យល់ឃើញ​ខុសពី​លោកស្រី​ទីប្រឹក្សា​ខាងលើ។ លោកស្រី​យល់ថា អ្នក​គួរតែ​និយាយ​បង្វែរ​ប្រធានបទ។ ជំនួស​ឲ្យ​ការឆ្លើយតប អ្នក​ត្រូវ​ចោទ​ជា​សំណួរ​វិញ ៖ « តើ​លោក​នឹង​ផ្តល់​ប្រាក់ខែ​ប៉ុន្មាន​ឲ្យ​ខ្ញុំ ? »។ អ្វីដែល​សំខាន់​នៅក្នុង​ការទាមទារ​ប្រាក់​ខែ​នេះ គឺ​មុខតំណែង​ការងារ។ បើសិនជា​អ្នកស្នើ​ខ្លួន​សម្រាប់​មុខតំណែង​សំខាន់​ជាង​មុន ពិតណាស់ ប្រាក់បៀវត្សរ៍​ក៏ត្រូវ​តែ​ទាមទារ​ឲ្យ​ខ្ពស់ជាង​មុន​ដែរ។ អ្នក​ត្រូវ​និយាយ​ឲ្យ​គេ​ដឹងថា តើ​គេ​នឹង​ទទួលបាន​ប្រយោជន៍​អ្វីខ្លះ បើសិនជា​គេ​សម្រេចចិត្ត​ជ្រើស​រើសយក​អ្នក​សម្រាប់​មុខតំណែង​ថ្មី​នេះ ? អ្នក​ត្រូវ​ពន្យល់​ពី​មូលហេតុ​ដែល​អ្នក​ទាមទា​រ​យកប្រាក់​បៀវត្សរ៍​ខ្ពស់ជាង​មុន។ ហេតុនេះ អ្នក​គួរតែ​និយាយ​ពី​ប្រាក់ខែ​ដែល​អ្នកនឹង​ត្រូវបាន​នៅ​ថ្ងៃ​អនាគត ជាជាង​ការឆ្លើយតប​នឹង​សំណួរ​ទាក់ទិន​នឹង​ប្រាក់បៀវត្សរ៍​បច្ចុប្បន្នរ​បស់​អ្នក។

ប៉ុន្តែ អ្នក​គួរតែ​សួរ​ខ្លួន​ជាមុនសិន​ថា តើ​អ្នក​ពិតជា​ចង់​ធ្វើការ​សំដៅលើ​តែ​តួលេខ​ទឹកប្រាក់​ឬ​យ៉ាងណា ? បើ​អ្នកធ្វើការ​ព្រោះតែ​ប្រាក់ គេ​អាច​ផ្តល់​ឲ្យ​អ្នក​បាន តែ​ក្រោយមក គេ​ក៏​ទាត់​អ្នកចេញ​ដោយ​ងាយស្រួល និង​ដោយ​គ្មាន​ការ​អា​លោះ​អាល័យ​ដែរ។ អ្នក​គួរតែ​ជ្រើសរើស​ធ្វើការ​ងារ​ដែល​អ្នក​ចូលចិត្ត ព្រោះ​អ្នក​អាចរួមចំណែក​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន​ភាពជោគជ័យ។

សរុបទៅ មិន​ថា​អ្នកសម្រេច​រើសយក​ជម្រើស​មួយណា​ទេ អ្នក​ត្រូវ​ដើរ​តាម​គោលការណ៍​តែមួយ គឺ​បើ​អ្នក​ចង់បាន​ប្រាក់បៀវត្សរ៍​ខ្ពស់ជាង​មុន អ្នក​ត្រូវ​និយាយ​បញ្ចុះបញ្ចូល​វិនិយោគិន​ថា ហេតុអ្វី​បានជា​អ្នក​សក្តិសម​នឹង​ទទួលបាន​ប្រាក់ខែ​តាម​ការទាមទារ​បស់​អ្នក។ វិធី​ដ៏​ល្អ​បំផុត គឺ​អ្នក​ត្រូវ​និយាយ​ដោយ​ផ្អែកលើ​ឯកសារ​របស់​អ្នក និង​ពន្យល់​អ្នក​សម្ភាសន៍​ឲ្យ​គេ​យល់ថា អ្នក​គឺជា​បេក្ខជន​ល្អ​ជាងគេ​សម្រាប់​មុខតំណែង​ការងារ​នេះ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?