ផលិតករ​ភាពយន្ដ ធ្វើ​វីដេអូ​«សង្គ្រោះ​កុមារ​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍»


ជារៀងរាល់ថ្ងៃ ក្នុងពិភពលោក កុមារចំនួន៥០០នាក់ បានស្លាប់ នៅពេលដែលពួកគេធ្វើដំណើរ ទៅសាលារៀន។ ដើម្បី​ឲ្យ​ពិភពលោកចាប់អារម្មណ៍ នឹងតួលេខដ៏សំខាន់នេះ ផលិតករភាពយន្ដ ជាតិបារាំងដ៏ល្បីឈ្មោះមួយរូប បាន​ផលិត​វីដេអូ​ឃ្លីប​មួយ ដើម្បីចូលរួមក្នុង «ទិវាអន្តរជាតិ នៃការដើរទៅកាន់សាលា (International Walk to School Day)»។
ផលិតករ​ភាពយន្ដ ធ្វើ​វីដេអូ​«សង្គ្រោះ​កុមារ​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍»

កុមារកម្ពុជាចូលរួម ក្នុងយុទ្ធនាការ «សង្គ្រោះជីវិតកុមារ» ដែលមាននៅក្នុងភាពយន្ដ របស់ផលិតករបារាំង។ (រូបថត #SaveKidsLives)

កុមារ ១,៨ពាន់លាននាក់ នៅក្នុងពិភពលោក បានចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ឆ្ពោះទៅកាន់សាលារៀន ជារៀងរាល់ព្រឹក។ ប្រសិនជាកុមារមួយចំនួន បានជិះ ឬដើរកាត់តាមផ្លូវ ដែលឆាប់ដល់ និងគ្មានគ្រោះថ្នាក់នោះ ប៉ុន្តែកុមារមួយចំនួនទៀត បានដើរដោយថ្មើរជើង កាត់តាមដងផ្លូវជាច្រើន ដែលពោរពេញដោយគ្រោះថ្នាក់។ កុមារចំនួនជាមធ្យម ៥០០ នាក់ បានស្លាប់ជារៀងរាល់ថ្ងៃ នៅពេលដែលពួកគេបានឆ្លងកាត់ផ្លូវ ដែល​ពោរពេញ​ដោយហនិភ័យ ហើយត្រូវបានយានយន្ដបុក។

ឆ្លងចេញពីតួលេខដ៏រន្ធត់ខាងលើ ផលិតករភាពយន្ដជាតិបារាំង លោក លុច ប៊ឺសុង (Luc Besson) បាន​ធ្វើ​វីដេអូ​ឃ្លីប ផ្នែកមនុស្សធម៌ដំបូងគេមួយ ដើម្បីពញ៉ាក់ឲ្យអ្នកផងទាំងឡាយ ចាប់អារម្មណ៍ និងស្វែងរកវិធី ដើម្បី​បង្កា​គ្រោះ​ថ្នាក់ទាំងនេះ។ វីដេអូដែលមានរយៈពេល ជាង៣នាទីនេះ ក៏ជាការឆ្លើយតប ទៅនឹង​ការទទូច​សុំ​របស់​លោក ហ្សង់ តដ (Jean Todt) មិត្តរបស់លោក ប៊ឺសុង និងជានាយកសហព័ន្ធអន្តរជាតិ នៃយានយន្ដ (FIA - Fédération internationale de l'automobile) សម្រាប់ចូលរួម នៅក្នុងយុទ្ធនាការពិភពលោកមួយ ដែល​មាន​ឈ្មោះ​ថា «សង្គ្រោះជីវិតកុមារ (Save Kids Lives)»។

វីដេអូដែលមានរយៈពេលវែង និងជាសាច់រឿងលំអិត ទាក់ទងនឹងកុមារទាំងនេះ នឹងដាច់បញ្ចាំង នៅ​តាម​រោង​ភាពយន្ដមួយចំនួន នាពេលខាងមុខ។ តែនៅពេលនេះ សូមទស្សនាវីដេអូឃ្លីប ដែលមានរយៈពេល​ជាង​៣នាទី​នេះ ដូចខាងក្រោម៖