វត្ត​មួយ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​មិន​សូវ​មាន​ពុទ្ធបរិស័ទ​ទៅ​ធ្វើ​បុណ្យ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ

ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ​បាន​ឆ្លៀត​ឱកាស​ពី​ការងារ និង​ខ្លះ​សម្រាក​ពី​ការងារ​មួយ​រយៈ ដើម្បី​ចូល​រួម​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​នៅ​តាម​ស្រុក​កំណើត​រៀងៗ​ខ្លួន។ ចំណែក​នៅ​ខេត្ត​កំពង់ឆ្នាំង មនុស្ស​ក្មេង​ចាស់​ដែល​មាន​ធនធាន សម្រុក​ទៅ​វត្តអារាម​ណា​ដែល​មាន​ផ្លូវ​ងាយ​ស្រួល​ធ្វើ​ដំណើរ និង​មាន​ចង្ហាន់​ពោរពាស ច្រើន​ជាង​ទៅ​វត្ត​ដែល​លំបាក​ធ្វើ​ដំណើរ និង​ខ្វះខាត ឬ​អត្តខាត់​ចង្ហាន់។

ទួល​អំពិល គឺ​ជា​វត្ត​មួយ​ទើប​កសាង​ឡើង​វិញ​ក្រោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ ប៉ុល ពត ឆ្នាំ​១៩៧៩ នៅ​លើ​ទួល​វត្ត​បុរាណ​មួយ​ទំហំ​ប្រមាណ ១​ហិកតារ ព័ទ្ធជុំវិញ​ដោយ​ទឹក​ទន្លេ ឋិត​នៅ​ក្រុង​កំពង់ឆ្នាំង។ ក្នុង​ចំណោម​វត្តអារាម​ចំនួន ២២៣ និង​អាស្រម​ចំនួន ៥ នៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង វត្ត​ទួលអំពិល មិន​សូវ​មាន​ពុទ្ធបរិស័ទ​ទៅ​ធ្វើ​បុណ្យ​ដាក់​បាត្រ និង​មិន​សម្បូរ​ចង្ហាន់​ដូច​នៅ​តាម​វត្ត​ដទៃ​ក្នុង​ក្រុង​នោះ​ទេ។

ពុទ្ធបរិស័ទ​ម្នាក់ លោក ជួន សោភ័ណ្ឌ ឲ្យ​ដឹង​ថា គ្រួសារ​លោក និង​ពលរដ្ឋ​ចំនួន ១៧​គ្រួសារ​ផ្សេង​ទៀត​ដែល​មាន​ផ្ទះ​រស់​នៅ​លើ​ទួល​ក្បែរ​វត្ត តែងតែ​ខ្នះខ្នែង​ជួយ​កសាង និង​ទំនុកបម្រុង​ចង្ហាន់​សម្រាប់​ព្រះសង្ឃ​នៅ​ពេល​ខ្វះខាត ឬ​អត្តខាត់។ លោក​ថា វត្ត​នេះ​មិន​សូវ​មាន​មនុស្ស​ចូល​ធ្វើ​បុណ្យ​កុះករ​ទេ ព្រោះ​តែ​ផ្លូវ​លិចទឹក​លំបាក​ធ្វើ​ដំណើរ​នៅ​រដូវ​វស្សា ប៉ុន្តែ​ឆ្នាំ​នេះ​ទឹក​អត់​លិច​ផ្លូវ​ទើប​មាន​អ្នក​មក​ធ្វើ​បុណ្យ​គ្រាន់​ច្រើន​ជាង​រាល់​ឆ្នាំ​បន្តិច៖ «ដូច​ព្រះពុទ្ធ​បាន​ផ្ដាំ​អ៊ីចឹង! យើង​ធ្វើ​បុណ្យ​បាន​បុណ្យ ធ្វើ​បាប​បាន​បាប។ ខ្ញុំ​ចង់​គាំទ្រ (វត្ត) ព្រោះ​វា​នៅ​ជិត​ភូមិ​អ៊ីចឹង​ណា​បង។ រឿង​បុណ្យ​ភ្ជុំ ឬ​បុណ្យ​ចូល​ឆ្នាំ​អត់​សូវ​ខ្វះ​ទេ អត្តខាត់​តែ​ពេល​យើង​អត់​មាន​បុណ្យ​ធំៗ​អ៊ីចឹង​ទៅ​ណា»

ដោយសារ​វត្ត​ទួលអំពិល ពុំ​មាន​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​សម្រាប់​ចែក​វេន​ដាក់​បិណ្ឌ ហើយ​ឋិតនៅ​លើ​កោះ​ឆ្ងាយ​ពី​ទីប្រជុំជន​នៃ​ក្រុង​កំពង់ឆ្នាំង ប្រមាណ ៥​គីឡូម៉ែត្រ​ទៀត​នោះ ប្រជា​ពុទ្ធបរិស័ទ​រស់​នៅ​តំបន់​ផ្សេងៗ​គ្នា​ក្នុង​ក្រុង តែង​បបួល​គ្នា​ជា​ក្រុម​ចន្លោះ ៣០​នាក់ ទៅ ៥០​នាក់ ដើម្បី​រៀប​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ។ ប៉ុន្តែ​​ថ្ងៃ​បុណ្យ​ភ្ជុំ ឬ​ភ្ជុំ​ធំ​នៅ​ឆ្នាំ​ខ្លះ វត្ត​នេះ​មាន​ពុទ្ធបរិស័ទ​រហូត ៥០០ ទៅ ១​ពាន់​នាក់។

ប្រធាន​គណៈកម្មការ​វត្ត​ទួលអំពិល លោក ទែន យីម ដែល​ពេល​នេះ​លោក​មាន​វ័យ ៨៤​ឆ្នាំ​ហើយ​នោះ មាន​ប្រសាសន៍​ថា រូប​លោក​ជា​ពុទ្ធបរិស័ទ​ម្នាក់​ផ្ដើម​កសាង​វត្ត​នេះ​តាំង​ពី​នៅ​អាស្រម​គ្មាន​វិហារ និង​សាលា​ឆាន់ ប៉ុន្តែ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​ពុទ្ធបរិស័ទ​ពី​តំបន់​ផ្សេងៗ ចូល​ធ្វើ​បុណ្យ​កាន់​តែ​ច្រើន​ឡើង។

លោក​ថា រាល់​ឆ្នាំ​នៃ​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ​បច្ច័យ​កសាង និង​បច្ច័យ​បង្សុកូល ទទួល​បាន​ជិត ១​លាន​រៀល៖ «ឆ្នាំ​នេះ​ទឹក​តូច​អត់​លិច​ទេ ប៉ុន្តែ​ថ្នល់​នេះ​មាន​អស់​លោក​បាន​មក​ជួយ ឆ្នាំ​ក្រោយ​គឺ​ផុត​ទឹក​ហើយ។ រាល់​ឆ្នាំ​ខ្ញុំ​ប្រើ​កាណូត​ដឹក​ប្រជា​ពុទ្ធបរិស័ទ ហើយ​បច្ច័យ​រក​បាន តែ​រក​បាន​មក​ហ្នឹង​ចំណាយ​ទៅ​ទិញ​ប្រេង​វិញ​ច្រើន​ណាស់។ វត្ត​នេះ​នៅ​ក្នុង​ក្រុង ក៏​ប៉ុន្តែ​វត្ត​នេះ​ទើប​កសាង​ក្រោយ​ខ្លះ​បាន​ដឹង និង​ខ្លះ​ក៏​មិន​បាន​ដឹង»

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​ព្រះសង្ឃ​គង់​នៅ​ក្នុង​វត្ត​ចំនួន ៧​អង្គ ប៉ុន្តែ​លោក​ជឿ​ថា វត្ត​នេះ​អាច​នឹង​មាន​ព្រះសង្ឃ ឬ​មាន​ពុទ្ធបរិស័ទ​កាន់​តែ​ច្រើន​ចូល​មក​ធ្វើ​បុណ្យ ក្រោយ​ពី​ស្ថាបនា​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ចេញ​ពី​ទីប្រជុំជន​នៃ​ក្រុង​កំពង់ឆ្នាំង ឆ្ពោះ​ចូល​វត្ត​នៅ​ដើម​ឆ្នាំ​២០១៦។ គណៈកម្មការ​វត្ត​ទួលអំពិល ក៏​មាន​គម្រោង​ចាក់​ដី​ពង្រីក​បរិវេណ​វត្ត​បន្ថែម​ទៀត​ដែរ ប្រសិន​បើ​មាន​ជំនួយ​ពី​សប្បុរសជន។

ទាក់ទង​បញ្ហា​នេះ អនុ​ប្រធាន​មន្ទីរ​ធម្មការ និង​កិច្ចការ​សាសនា​ខេត្ត​កំពង់ឆ្នាំង លោក វ៉ាន់ សុទ្ធី ថ្លែង​ថា វត្ត​ទួលអំពិល មិន​ជួប​នឹង​បញ្ហា​ខ្វះ​ខាត ឬ​អត្តខាត់​ចង្ហាន់​នោះ​ទេ គឺ​គ្រាន់​តែ​មិន​សូវ​សម្បូរ​ដូច​បណ្ដា​វត្ត​ដទៃ។ លោក​ថា វត្ត​ទួលអំពិល បើ​ធៀប​ទៅ​នឹង​វត្ត​គិរីធម្មវ័ន្ដ នៅ​ឃុំ​ពោធិ៍ ស្រុក​កំពង់លែង និង​វត្ត​ទួលវិហារ នៅ​ឃុំ​កោះថ្កូវ ស្រុក​ជលគីរី គឺ​មាន​ភាព​ប្រសើរ​ជាង​វត្ត​ទាំង​ពីរ​នេះ​ទៅ​ទៀត៖ «ពី​ដើម​វត្ត​ដែល​អត្តខាត់​មាន​ច្រើន​នៅ​តាម​ជនបទ ហើយ​នៅ​ក្រុង​កំពង់ឆ្នាំង យើង​ក៏​មាន​មួយ​វត្ត ឬ​ពីរ​វត្ត​ដែរ ប៉ុន្តែ​ឆ្នាំ​នេះ​យើង​ឃើញ​ថា ការ​ចូល​របស់​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លែង​សូវ​ស្ងាត់​ដូច​មុន។ ទាំង​ជំនូន​ជូន​ទៅ​គណៈកម្មការ បច្ច័យ​បង្សុកូល និង​បច្ច័យ​កសាង​អី​ហ្នឹង​ឃើញ​ថា បាន​ច្រើន​មែន​ទែន​នៅ​តាម​វត្ត​នីមួយៗ​ហ្នឹង»

លោក វ៉ាន់ សុទ្ធី បញ្ជាក់​ថា ស្ទើរ​គ្រប់​វត្តអារាម​នៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង រដ្ឋាភិបាល​បាន​ចាត់​ក្រុម​ការងារ​ចាប់​ពី​ថ្នាក់​ជាតិ រហូត​ដល់​ថ្នាក់​តំបន់ ចុះ​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ។ ដូច្នេះ​នៅ​តាម​វត្ត​នីមួយៗ​មាន​ចង្ហាន់​គ្រប់គ្រាន់ ហើយ​មាន​ការ​ចែករំលែក​ទេយ្យទាន​ពី​​វត្តអារាម​ដែល​សម្បូរ​ហូរហៀរ​ដោយ​ទាន​របស់​ប្រជា​ពុទ្ធបរិស័ទ ប្រគល់​ទៅ​វត្ត​ណា​ដែល​ជួប​ប្រទះ​នឹង​បញ្ហា​ខ្វះខាត​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។